Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋមន្ត្រីក្...

រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​ជួប​ឯកអគ្គរដ្ឋទូត​រុស្ស៊ី

ដោយៈ ជា សីហៈ​/ភ្នំពេញៈ នៅថ្ងៃនេះ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល បានទទួល​ជួប​លោក​អាណា​តូ​លី បូ​រូ​វិក ( Anatoly BOROVIK) ឯកអគ្គរដ្ឋទូត​រុស្សី ប្រចាំ​កម្ពុជា​។

​ជំនួប​នេះ​បាន​ផ្តោត​កិច្ចពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​មួយ​ចំនូ​ន ដែល​រួមមាន​គម្រោង កិច្ចសហប្រតិបត្តិការ​ភូគព្ភសាស្ត្រ​និង​ការអភិវឌ្ឍ​ធនធាន​រ៉ែ រវាង​ក្រសួង​រ៉ែ និង​ថាមពល កម្ពុជា និង​ក្រសួង​ធនធានធម្មជាតិ​និង​បរិស្ថាន​រុស្សី​, គម្រោង​កិច្ចសហប្រតិបត្តិការ​ក្នុងការ ប្រើប្រាស់​ថាមពលបរមាណូ​សម្រាប់​បម្រើឱ្យ​គោលបំណង​សន្តិភាព​, សក្តានុពល​និង ឱកាស​នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន​រុស្សី ក្នុង​វិស័យ​ប្រេង​និង​ឧស្ម័ន​រួមមាន ការ​ស្វែង​រុករក ការអភិវឌ្ឍ​បច្ចេកវិទ្យា និង​ការបង្កើត​រោងចក្រ​ចម្រាញ់​ប្រេងកាត​។

​ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​ផ្តា​ល់​ប្តូរ​ការពិភាក្សា​លើ សក្តានុពល​និង​ឱកាស​នៃ​ការវិនិយោគ របស់​ក្រុមហ៊ុន​រុស្សី ក្នុង​វិស័យ​ថាមពល​កកើត​ឡើងវិញ​រួមមាន ថាមពល​ដើរ​ដោយ​ខ្យល់ និង​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ និង​ការផ្តល់​អាហារូបករណ៍​និង​គម្រោង​កសាង សមត្ថភាព​សម្រាប់​មន្ត្រី​និង​សិស្ស​និស្សិត​កម្ពុជា ក្នុង​វិស័យ​ថាមពល ប្រេង​និង​ឧស្ម័ន ផងដែរ ។

​ទន្ទឹមនឹង​នេះដែរ លោក ឯកអគ្គរដ្ឋទូត បាន​អបអរ​សារ​ទ​ចំពោះ​សមិទ្ធិផល​ដ៏​អស្ចារ្យ ដែល​កម្ពុជា​ទទួល​តំណក់​ប្រេង​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ក្រោម​នយោបាយ ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី កាលពី​ចុងឆ្នាំ​២០២០ កន្លងទៅ​។

​លោក រដ្ឋមន្ត្រី ក៏បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​និង​គាំទ្រ​ដល់​ការវិនិយោគ​រុស្សី​មក​កម្ពុជា ជាពិសេស​គឺ​ឱកាស​ក្នុងការ​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេងកាត​នៅ​កម្ពុជា​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular