Home ព័ត៌មានសំខាន់ៗ សម្តេច​ក្រឡាហ...

សម្តេច​ក្រឡាហោម​សខេង​៖ករណី​ស្នងការរង​នគរបាល​ខេត្តតាកែវ​និង​បក្ខពួក​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់ អាចនឹងមានទោសបើរកឃើញភស្ដុតាង

ដោយៈមុនីរ័ត្ន/​ភ្នំពេញៈ​សម្ដេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី ២៧​ខែមករា​នេះ​ថា​អ្នកណា​ក៏ដោយ​ឲ្យ​តែ​ប្រព្រឹត្ត​បទល្មើស​គឺមាន​ទោស​ហើយ​រកឃើញថា​មាន​ភស្តុតាង​។​សម្តេច​ក្រឡាហោម​បាន​ឲ្យ​នាយកដ្ឋាន​ទទួល​ពាក្យបណ្តឹង និង​អង្កេត​ស្រាវជ្រាវ​កិច្ចការ​នគរបាល​ចុះ​ធ្វើ​ស្រាវ​វ​ជ្រាវ​ករណី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដែល​ត្រូវបាន​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តតាកែវ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខេត្តតាកែវ​ប្តឹង​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​មួយចំនួន​។​

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ

​សម្តេច​ក្រឡាហោម​សខេង​បានបញ្ជាក់​ទៀតថា ខ្ញុំ​មិនទាន់​បានទទួល​របាយ​ការណ៍​ការងារ​នៃ​លទ្ធផល​ត្រួតពិនិត្យ​ទេ​។​ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ បញ្ជាក់​ពី​ជំហរ​ពី​យោបល់​របស់ខ្ញុំ​ថា​កាលណា​អ្នកណា​ក៏ដោយ​ឲ្យ​តែ​ប្រព្រឹត្ត​បទល្មើស​គឺមាន​ទោស​ហើយ​បើ​រកឃើញថា​មាន​ភស្តុតាង​។​

លោក អ៊ីវ លាង អគ្គាធិការ នៃ​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​បាន​ប្រាប់ថា “​ក្រុមការងារ​បាន​ចុះទៅ​ស្រាវជ្រាវ​ហើយ​ប៉ុន្តែ​លទ្ធផល​ចុង ក្រោយ​ទើប​អាចសន្និដ្ឋាន​បាន​ហើយ​ចំពោះមុខ​យើង​បាន​បញ្ជូន​ក្រុមការងារ​ចុះទៅពិនិត្យ​ផ្ទៀងផ្ទាត់​ថា​តើ​ស្ថានភាព​នឹង​ពិត​ដូច​ការចោទប្រកាន់ ឬ​យ៉ាងណា​? ចំពោះ​លទ្ធផល​យ៉ាងណា​នោះ រង់ចាំ​ក្រុមការងារ​ត្រឡប់មកវិញ​សិន​”​។​

លោក​បាន​បន្តថា ពាក់ព័ន្ធ​នឹង​ពាក្យបណ្តឹង​របស់​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ខេត្តតាកែវ​ប្តឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង​គឺមាន​ច្រើន​ន​ករណី​។​ក្រុមការងារ​បាន​ចុះទៅ​ធ្វើការ​អង្កេត​ស្រាវជ្រាវ​លើ ករណីនេះ នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១​នេះហើយ​។​

យោងតាម​របាយការណ៍​របស់​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ចូលកាន់​តំណែង​នៅ​ដើមឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ពុំ​ដែលមាន​ស្នាដៃ​ក​ក្នុងការ​បង្ក្រាប​បទល្មើស​ទេ គឺ​មានតែ​អួតអាង បង្កើត​បក្ខពួក គំរាមកំហែង​ថ្នាក់ក្រោម​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ នៅ​ចុងឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង រួមជាមួយ​បក្ខពួក​បាន​ចាប់​បង្ខាំង​ជនរងគ្រោះ​ជំរិត​ទារប្រាក់​ចំនួន ២០​ម៉ឺន​ដុល្លារ និង​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង និង​លោក​វរសេនីយ៍ទោ សាក់ ទូច រួមទាំង​បក្ខពួក​បានធ្វើ​សកម្មភាព​ចាប់​បង្ខាំង​ជនរងគ្រោះ​ជា​ជនជាតិ​វៀតណាម​ចំនួន​បីនាក់ និង​ជនជាតិខ្មែរ​ចំ​នួ​នីរ​នាក់ ជម្រិត​ទារប្រាក់ ១០​ម៉ឺន​ដុល្លារ​និង​បាន​ដកហូតយក​ខ្សែដៃ និង​ខ្សែក ចិញ្ចៀនពេជ្រ​ពី​ជនរងគ្រោះ ដោយមាន​លោក​វរសេនីយ៍ទោ រស់ សេន នាយរង​ការិយាល័យ​បុ​គ្គិល ជា​អ្នកបកប្រែ​។ លុះ​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ មាន​តំណាង​របស់​ជនរងគ្រោះ​ចំនួន​ពីរ​នាក់ បានមក​ប្តឹងតវ៉ា​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក មាស ប៊ុន​ឡី និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សម្បត្តិ បម្រើ​ការងារ​នៅ​អគ្គនាយកដ្ឋាន​ភស្តុភា​ហិរញ្ញវត្ថុ​នៃ​ក្រសួងការពារជាតិ​ក្នុង​គោលបំណង​ទាមទារ​ឲ្យ​អនុវត្ត​ច្បាប់​ចំពោះ​មន្ត្រីនគរបាល​ជានខ្ពស់​ខាងលើ និង​ទាមទារ​យក​សម្ភារ​ដែល​បាន​ដកហូត​ពី​ជនរងគ្រោះ​ដែលជា​អ្នក​វិនិយោគិន​វៀតណាម​ត្រឡប់មកវិញ​។

​ក្រោយពី​មាន​បណ្តឹងតវ៉ា ក៏មាន​ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​មួយរូប (​មិន​ស្គាល់ឈ្មោះ​) បាន​យក​សម្ភារ​ទៅ​ប្រគល់ជូន​ជនរងគ្រោះ​វិញ​ដល់​រាជធានី​ភ្នំពេញ​។ ករណីនេះ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ ធ្លាប់បាន​កោះ​ហោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង មក​សាកសួរ​ពី​ដំណើររឿង​បង្ខាំង​មនុស្ស​ខុសច្បាប់​ម្តង​រួចមកហើយ​។​

ចំពោះ​ករណីនេះ សម្តេច​ក្រឡាហោម សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ចារ​ឯកភាព​លើ​របាយការណ៍​ខាងលើនេះ ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​ស្រាវជ្រាវ​។​

ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ិ​ន សុខ​ខេង ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ មិនអាច​សុំ​ការបំភ្លឺ​បានទេ ពាក់ព័ន្ធ​ករណី​ខាងលើនេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular