ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងថា ផលិតផលក្នុងស្រុកសរុបបច្ចុប្បន្នរបស់កម្ពុជា ស្ថិតក្នងរង្វង់១១៧.៩៣៩ប៊ីលានរៀល ឫប្រមាណជា២៩.០១៣លានដុល្លារអាម៉េរិក។
លោកបានអះអាងនាវេទិកាសាធារណៈស្តីពី” ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និង ច្បាប់ថវិកាឆ្នាំ២០២១” នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ថា សូចនាករសេដ្ឋកិច្ចបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ នឹងងើបឡើងវិញក្នុងរង្វង់ប្រមាណជា៣,៥%។
លោកបានបន្តថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់១.៧៧១ដុល្លារអាម៉េរិក បើប្រៀបធៀបនឹង ១.៦៨៣ដុល្លារអាម៉េរិកក្នុងឆ្នាំ២០២០រីឯអត្រាប្តូរប្រាក់រៀលគឺនៅតែបន្តស្ថិតនៅក្នុងរង្វង់៤.០៦៥រៀល ក្នុងមួយដុល្លារអាម៉េរិកក្នុងឆ្នាំ២០២១។
លោកបានបន្តថា ឱនភាពគណនីចរន្តត្រូវបានព្យាករថា នឹងរួមតូចបន្តិចមកត្រឹម១៧,៣%នៃផលិតផលក្នុងស្រុកសរុបដោយសារការរំពឹងនៃការងើបឡើងវិញសន្សឹមៗនូវការនាំចេញ និង វិស័យទេសចរណ៍។
លោកបានបន្តថា ទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថា នឹងកើនឡើងដល់១៦.៩៨១លានដុល្លារអាម៉េរិក។
លោក វង្សី វិស្សុត បានសង្កត់ធ្ងន់ថា កម្ពុជាអាចទាក់ទាញការវិនិយោគឡើងវិញព្រោះកម្ពុជាមានវិធានការច្បាស់លាស់ក្នុងការទប់ស្កាត់ការរីករាលដាលជំងីកូវីដ១៩ ។
លោកបានបន្តទៀតថា សព្វថ្ងៃនេះនិងពេលទៅអនាគតគេឃើញកម្ពុជាជាតំបន់មួយមានសុវត្ថិភាពផ្នែកជំងឺកូវីដហើយទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងស្វះស្វែងរកទិញវ៉ាក់សាំង និង ស្នើសុំជំនួយវ៉ាក់សាំងពីប្រទេសនានាដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយមិនគិតថ្លៃ និង តាមគោលការណ៍ស្ម័គ្រចិត្ត៕