ដោយៈ ភ្នំខៀវ / ប៉ៃលិនៈ អាជ្ញាធរក្រុងប៉ៃលិន បានចុះរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវសាធារណៈ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថាន ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យចូលកម្សាន្តកាន់ច្រើនឡើង។
លោក ចក់ រិទ្ធី អភិបាលរងក្រុងប៉ៃលិន ទទួលបន្ទុកផ្នែកបរិស្ថាន និងសណ្តាប់ធ្នាប់ ផ្លូវសាធារណៈក្រុង បានប្រាប់ឱ្យដឹង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២១ នេះថាៈ បន្ទាប់ពីមានការណែនាំ ពីលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន លោកបានដឹកនាំកម្លាំងចម្រុះ ចុះរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវសាធារណៈ ទីប្រជុំជន ក្នុងក្រុងជាច្រើន គោលដៅសំខាន់ៗ ឱ្យមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អ។
ជាមួយគ្នានេះ ការចុះរៀបចំអនាម័យក្រុង រយៈពេល ២ ថ្ងៃ កន្លងមកនេះ កម្លាំងអធិការដ្ឋាន នគរបាលក្រុង រួមទាំងផ្នែកការិយាល័យ សណ្តាប់ធ្នាប់ ក៏បានណែនាំ អប់រំដល់ប្រជាពលរដ្ឋ សាធារណជនទាំងអស់ ឱ្យបានយល់ដឹង និងបានចូលរួមថែរក្សាអនាម័យ នៅតាមចិញ្ចើមផ្លូវ មុខផ្ទះរបស់ប្រជាពលរដ្ឋ រៀងខ្លួន ឬតាមតូបផ្សារនានា ជុំវិញផ្សារប៉ាហ៊ី ផងដែរ។
លោកបានបន្តថាៈ ការរៀបចំសណ្តាប់ធ្នាប់ ទីប្រជុំជនក្រុងនេះ អាជ្ញាធរ នឹងបន្តចុះអនុវត្តជាប្រចាំ ពិសេសទីកន្លែងដាក់តាំងលក់ នូវទំនិញធំ តូច ដែលចេញផុត សំយាបតូប តម្រូវឲ្យមានការរៀបចំអីវ៉ាន់ ទំនិញផ្សេងៗ ទៅតាមគំនូសគម្របលូ ឲ្យបានល្អ ជៀសវាងបំពាន ក្នុងករណីបើអាជីករណាមួយ មិនគោរពតាម ការណែនាំ ឬការព្រមាន ចំនួន ៣លើក ដោយអាជ្ញាធរទេនោះ នឹងត្រូវចាត់វិធានការ តាមផ្លូវច្បាប់ជាធរមាន ផ្ទុយទៅវិញ អាជ្ញាធរ ក៏បានសំដែងការអរគុណ និងគាំទ្រ ចំពោះប្រជាពលរដ្ឋ អាជីវករ ដែលមានឆន្ទៈគោរពតាមការណែនាំ ថែមទាំងលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ ដែលចូលរួមជាមួយ ក្រុមការងារអាជ្ញាធរ មានសមត្ថកិច្ច សំដៅលើកមុខមាត់ខេត្ត ឲ្យប្រសើរឡើង៕/V