ដោយៈ រ៉ាម៉ន / ភ្នំពេញៈ រាជធានី ភ្នំពេញ ជាទីក្រុងមួយពោរពេញ ទៅដោយសន្តិសុខល្អ ២៤ម៉ោង លើ២៤ម៉ោង ជាមួយនឹងការអភិវឌ្ឍរីកចម្រើន ឥតឈប់ឈរ មានបរិស្ថានល្អ និងមានទន្លេបួនមុខ ដែលជាទីក្រុងមួយ មានភាពស្រស់ស្អាតមែនទែន។ នេះបើតាមការលើកឡើងរបស់ លោក អឺមេណេហ្ស៊ីលដូ ” គូប៉ា ” ឡូប៉េស ( H.E. ERMENEGILDO ” KUPA ” LOPES ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់សាធារណរដ្ឋ ប្រជាធិបតេយ្យ ទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅពេលលោក បានត្រូវអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម ជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ នៅសាលារាជធានីភ្នំពេញ។
លោកអឺមេណេហ្ស៊ីលដូ ” គូប៉ា ” ឡូប៉េស បានមានប្រសាសន៍ថាៈ មន្ត្រីការទូតរបស់ទីម័រ ក៏ដូចជានិស្សិតទីម័រ ដែលបាននិងកំពុងស្នាក់នៅ ធ្វើការងារ និងរៀនសូត្រ នៅរាជធានីភ្នំពេញ ពិតជាមានការកក់ក្តៅខ្លាំងណាស់ ជាមួយនឹងសន្តិសុខ យ៉ាងល្អប្រសើរ ប្រៀបបាននឹងការរស់នៅ ក្នុងផ្ទះរបស់ខ្លួនដែរ។
លោកបានបញ្ជាក់ថាៈ រាជធានីភ្នំពេញ បើតាមការអង្កេតមើល របស់លោក ឃើញថា ពិតជាមានសន្តិសុខ យ៉ាងល្អប្រសើរ ខ្លាំងមែនទែន ដោយនៅតាមដង ផ្លូវនានា នៅកន្លែងក្លិបរាត្រី កន្លែងសប្បាយសុភាពនានា ហាក់មិនមានអ្វី គួរឲ្យរំខាននោះទេ គឺមានសន្តិសុខល្អ ២៤ម៉ោង លើ២៤ម៉ោង បើប្រៀបធៀប ទៅនឹងប្រទេសជឿនលឿន មួយចំនួន ពិសេសសហរដ្ឋអាមេរិក ក៏មិនទាន់ធ្វើបាន ដូចនៅរាជធានីភ្នំពេញដែរ។ ក្រៅពីមានសន្តិសុខ ល្អប្រសើរហើយ រាជធានីភ្នំពេញ ក៏មានការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័ស មានបរិស្ថានល្អប្រសើរ ជាមួយនឹងមានទន្លេបួនមុខ ដ៏ស្រស់ស្អាតថែមទៀត។
លោក អឺមេណេហ្ស៊ីលដូ ” គូប៉ា ” ឡូប៉េស ក៏បានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសនេះ ចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍរីកចម្រើន មកដល់ពេលនេះ។ លោកបានលើកឡើងទៀតថាៈ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានព្រះប្រទាន ឲ្យមកគ្រប់គ្រង ព្រះរាជាណាចក្រកម្ពុជា ទើបធ្វើឱ្យប្រទេសនេះ មានសន្តិភាពពេញបរិបូណ៍ ជាមួយនឹងការអភិវឌ្ឍ ឥតឈប់ឈរ។
លោកទូត ក៏បានថ្លែងនូវការអរគុណ យ៉ាងជ្រាលជ្រៅផងដែរ ចំពោះសម្តេចតេជោហ៊ុនសែន ដែលបានផ្ដល់ជាអំណោយ ម៉ាសចំនួន ១លាន៥សែនម៉ាស ជាមួយនឹងឧបករណ៍មួយចំនួនទៀត ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ជូនប្រទេសទីម័រ ខណៈដែលប្រទេសក្បែរខាង ក៏ដូចប្រទេស ជាសមាជិកអាស៊ាន មិនបានមើលឃើញទីម័រ។ នេះជាសន្ដានចិត្តមួយដ៏ល្អបំផុត របស់កម្ពុជា ចំពោះប្រទេសទីម័រ។ បន្ថែមពីនេះទៀត ប្រទេសកម្ពុជា ក៏ជាប្រទេសមួយ ដែល បានជួយជំរុញ ឲ្យមានការតស៊ូមតិ រហូតប្រទេសទីម័រ ទទួលបានឯករាជ្យ។
ជាមួយគ្នានោះដែរ លោកអឺមេណេហ្ស៊ីលដូ ” គូប៉ា ” ឡូប៉េស ក៏បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំប្រតិភូទៅបំពេញទស្សនកិច្ច នៅប្រទេសទីម័រ ដើម្បីឱ្យប្រទេសទីម័រ បានសិក្សារៀនសូត្រពីរាជធានីភ្នំពេញ ខណៈដែលរាជធានីភ្នំពេញ បានគ្រប់គ្រងរាជធានី បានល្អ ទាំងសន្តិសុខ ទាំងការបំរើសេវា សាធារណៈ ជូនប្រជាពលរដ្ឋ។
ជាការឆ្លើយតបក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរៀបរាប់ពីប្រវត្តិសាស្ត្ររបស់កម្ពុជា ជាពិសេស ក្នុងអំឡុងរបបប៉ុលពត ដែលបានកាប់សម្លាប់ ប្រជាពលរដ្ឋ និងបំផ្លិចបំផ្លាញប្រទេសជាតិ ដល់ចំណុចសូន្យ ។ ប៉ុន្តែក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មិនត្រឹមតែធ្វើឲ្យប្រទេសកម្ពុជា រួចផុតពីសង្គ្រាម ហើយនាំមកនូវ សន្តិភាពពេញបរិបូរណ៍ ប៉ុណ្ណោះទេ តែបានអភិវឌ្ឍន៍ប្រទេស ឲ្យមានការអភិវឌ្ឍ រីកចម្រើន រហូតមកដល់ពេលនេះ ថែមទៀត។
លោកបានបន្តថាៈ ក្រៅពីការគ្រប់គ្រង ប្រទេសមានកំណើនសេដ្ឋកិច្ច កើនឡើងហើយនោះ ការគ្រប់គ្រងនូវជំងឺ -១៩ កម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ក៏បានគ្រប់គ្រង ជំងឺកូវីដ-១៩នេះ បានយ៉ាងល្អប្រសើរផងដែរ។ លោកបានបន្តទៀតថាៈ រដ្ឋបាលរាជធានីភ្នំពេញ ពិតជារីករាយណាស់ ដែលបានរាប់អាន និងបានទំនាក់ទំនងល្អ ជាមួយនឹងប្រទេសទីម័រ ហើយចំពោះការស្នើឱ្យប្រតិភូរាជធានីភ្នំពេញ ទៅបំពេញ ទស្សនកិច្ចនៅទីក្រុង នៃប្រទេសទីម័រនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំប្រតិភូ ដើម្បីទៅបំពេញទស្សនកិច្ច ក្រោយពេលដែលជំងឺកូវីដ-១៩ បានសាបរលាប ជាមួយនឹងការបានទទួលវ៉ាក់សាំង ចាក់ការពារជំងឺនេះ ហើយនោះ៕/V