ដោយៈ​សូ​វិចិត្រ មេត្តា​/​ភ្នំពេញៈ​ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​២៧ ខែមករា​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ជនរងគ្រោះ​ដែល​បាន​ស្លាប់​ដោយសារ​ការកាប់សម្លាប់​រង្គាល​នៅ​អ៊ឺរ៉ុប ឬ​ហូ​ឡូ​ខ​ស​ត៍​។ នៅថ្ងៃនេះ កាលពី​៧៦​ឆ្នាំមុន នៅក្នុង​ឆ្នាំ​១៩៤៥ ទាហាន​អង់អាច​ក្លាហាន​ដែល​បាន​លះបង់​ជីវិត​ដើម្បី​ជួយសង្គ្រោះ​មនុស្ស​រាប់លាន​នាក់​ទៀត​បានធ្វើ​សង្គ្រាម​ជាមួយនឹង​អាល្លឺម៉ង់ និង​បាន​សម្រុក​ចូលទៅក្នុង​ជំរំ​ឃុំឃាំង​របស់​ណា​ហ្ស៊ី​ដ៏​ធំ​បំផុត​ដែលមាន​ឈ្មោះថា អូស​ឈ្វិ​ច​-​បឺ​ក​ខេ​ណូ និង​បាន​ដោះលែង​អ្នកទោស​ជាង ៧.០០០​នាក់ នៅ​ទីនោះ ដែល​នៅ​រស់រានមានជីវិត​។

មេដឹកនាំ​ខ្មែរក្រហម​នៅ​អាកាសយានដ្ឋាន​ពោធិចិនតុង​។ (រូបថតៈបណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​នៅក្នុង​ជំរំ​នោះ​មាន​ជនជាតិ​ជ្វី​ហ្វ​ចំនួន​ជាង​មួយ​លាន ត្រូវបាន​ណា​ហ្ស៊ី​សម្លាប់​ដោយ​បញ្ជូនទៅ​បន្ទប់​ផ្សែង​ពុ​និង​មាន​ជនរងគ្រោះ ដែល​មកពី​ប្រទេស​ផ្សេងៗ ដូចជា រុស្ស៊ី ប៉ូឡូញ ជាង ១០០.០០០ នាក់​ទៀត​។​
​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា​ឆ្នាំ ២០០៥ មហាសន្និបាត​អង្គការសហប្រជាជាតិ​បានអនុម័ត​លើ​អនុសញ្ញា​លេខ ៦០/​ដើម្បី​កំណត់​យក​ថ្ងៃ ទី​២៧ ខែមករា​ជា​ទិវា​បុណ្យ​អន្តរជាតិ​ដើម្បី​រំឭក​ដល់​ជនរងគ្រោះ​នៅក្នុង​ការកាប់សម្លាប់រ​ង្គា​ល​នៅ​អ៊ឺរ៉ុប​ឬ​ហូ​ឡូ​ខ​ស​ត៍​ដែល​នឹង​ប្រព្រឹត្ត​ធ្វើជា​រៀងរាល់ឆ្នាំ​។​ទោះបីជា​យ៉ាងណា​ក៏​ដោ​ការកាប់សម្លាប់​រង្គាល​នៅ​អ៊ឺរ៉ុប​មិនមែនជា​អំពើ​ប្រល័យពូជសាសន៍​តែមួយគត់​នៅក្នុង​ពិភពលោក​នោះទេ​។ ដូច្នេះហើយ នៅថ្ងៃនេះ​យើង​ក៏​ធ្វើ​ការចងចាំ​និង​គោរព​ដល់​មនុស្ស​រាប់លាន​នាក់​ទៀត​ដែល​ត្រូវបាន​សម្លាប់ និង​អ្នក​ដែល​នៅ​រស់រានមានជីវិត​ពី​អំពើ​ប្រល័យពូជសាសន៍​នៅក្នុង​ប្រទេស​កម្ពុជា ប្រទេស​រ្វ៉ា​ន់​ដា ប្រទេស​បូ​ស្ន៊ី​-​ហឺ​ហ្សី​ហ្គោ​វីន និង​ប្រទេស​ដា​ហ្វី​។​

​នៅក្នុង​សប្តាហ៍​នេះ​អង្គការសហប្រជាជាតិ និង​យូណេស្កូ​បាន​សហការ​រៀបចំ​ព្រឹត្តិការណ៍​ជាច្រើន​រួមមាន​ការពិភាក្សា​ជា​ក្រុម ការ​ប្រារព្ធ​ពិធី​ចងចាំ​,​ការប្រគំ​តន្ត្រី​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​និង​ការ​បញ្ចាំង​ខ្សែភាពយន្ត​សម្រាប់​ទិវា​ទិវា​បុណ្យ​អន្តរជាតិ​ដើម្បី​រំឭក​ដល់​ជនរងគ្រោះ​នៅក្នុង​ការកាប់សម្លាប់រ​ង្គា​ល​នៅ​អ៊ឺរ៉ុប ឬ ហូ​ឡូ​ខ​ស​ត៍​។ យោងតាម​គេហទំព័រ​របស់​អង្គការសហប្រជាជាតិ ប្រធានបទ​ផ្លូវការ​សម្រាប់​ការចងចាំ និង​ការអប់រំ​អំពី​ការសម្លាប់​រង្គាល​នៅ​អ៊ឺរ៉ុប​សម្រាប់​ឆ្នាំ​២០២១ គឺ “​ប្រឈមមុខ​នឹង​ផលប៉ះពាល់ ៖ ការស្តា​ឡើងវិញ​និង​ការធ្វើ​នីតិសម្បទា​បន្ទាប់ពី​ការសម្លាប់​រង្គាល​នៅ​អ៊ឺរ៉ុប​”​។​ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​យល់ដឹង​អំពី​“​គ្រោះថ្នាក់​អំពី​ការបដិសេធ និង​ការ​ក្លែងបន្លំ​ព័ត៌មាន​”,​អង្គការសហប្រជាជាតិ​និង​យូណេស្កូ​ក៏​កំពុង​ធ្វើ​យុទ្ធនាការ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដោយ​ប្រើ​សញ្ញា ទ្រុង​ជ្រូក (#) ជាមួយនឹង​ពាក្យ​ថា ការពារ​ការពិត ។​

​ការចងចាំ​អំពី​ជនរងគ្រោះ​នៃ​ការសម្លាប់​រង្គាល និង​អំពើ​ឃោរឃៅ​ដទៃទៀត​និង​គោរព​អ្នក​រស់រានមានជីវិត​ដែល​ជីវិត​របស់ អ្នក​ទាំង​នោះបាន​ផ្លាស់ប្តូរ​លើសពី​ពាក្យ​បរិយាយ​គឺ​ពិត​ជាមាន​សារសំខាន់​យ៉ាង​ធំធេង​។​ប៉ុន្តែ​វា​ក៏​ចាំបាច់​ផងដែរ​ដែលមាន​ការធានា​ថា​ការចងចាំ​នឹងមាន​ស្ថិរភាព​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ទម្រង់​មួយទៀត​នៃ​អំពើ​ប្រល័យ​ពូជសាសន៍ និង​អំពើ​ឃោរឃៅ​កើតមានឡើង​ម្ដងទៀត​។ បន្ទាប់ពី​ការកាប់សម្លាប់​រង្គាល​នៅ​អ៊ឺរ៉ុប​បានបញ្ចប់​ទៅ យើង​នៅតែ​បន្ត​ឃើញ​ការកើនឡើង​នូវ​ករណី​ប្រល័យពូជសាសន៍ និង​អំពើ​ឃោរឃៅ​ដ៏​ដទៃទៀត​ជា​បន្តបន្ទាប់ ដែល​អំពើ​ប្រល័យពូជសាសន៍​មួយចំនួន​ត្រូវបាន​បដិសេធ​ដោយ​រដ្ឋាភិបាល​មួយចំនួន ដូច​ជាការ​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​និង​ការគាបសង្កត់​របស់រ​ដ្ឋា​ភិ​បាល​ចិន​ទៅលើ​ជនជាតិ​មូស្លីម​អ៊ូ​ហ្គួ​រ​នៅ​ស៊ីន​ជាំ​ង​ព្រមទាំង​អំពើ​ប្រល័យពូជសាសន៍​ទៅលើ​ជនជាតិ​អា​មេ​នី​ដែល​បាន​កើតឡើង​មុន​ការកាប់សម្លាប់​រង្គាល​នៅ​អ៊ឺរ៉ុប និង មុន​ការបង្កើត​និយមន័យ​នៃ “​អំពើ​ប្រល័យពូជសាសន៍​”​។ ហេតុអ្វី​បា​ជាមាន​ការកើនឡើង​នូវ​អំពើ​ប្រល័យពូជសាសន៍​? ។​

តើ​យើង​គួរ​ចងចាំ​អំពើ​ប្រល័យពូជសាសន៍​យ៉ាងដូចម្ដេច​?

​ក្នុង​រយៈពេល​៣០​ឆ្នាំ​បន្ទាប់ពី​ការសម្លាប់​រង្គាល​នៅ​អឺរ៉ុប ខ្មែរក្រហម​បាន​កាន់កាប់​ទីក្រុង​ភ្នំពេញ​នៅក្នុង​ប្រទេស​កម្ពុជា​ហើយ​ក្នុង រយៈពេល ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ បានសម្លាប់​ប្រជាជន​របស់ខ្លួន​យ៉ាងហោចណាស់​ពីរ​លាន​នាក់ និង​ធ្វើ​ទារុណកម្ម​រាប់លាន​នាក់​ទៀត​។ ខ្មែរក្រហម​បាន​កាន់កាប់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ ១៩៧៥​។ “​ខ្មែរក្រហម​” គឺជា​ឈ្មោះ​ដែល​ព្រះបាទ​នរោត្តម សីហនុ បានដាក់​ឲ្យ​គូប្រជែង​របស់​ទ្រង់​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​។​នៅពេល​ឡើងកាន់​អំណាច​ខ្មែរក្រហម​បានចាប់ផ្តើម​អនុវត្ត​ផ្លាស់ប្តូរ​ការដឹកនាំ​ប្រទេស ដោយ​ដើរ​តាម​លទ្ធិ​ម៉ៅ​និយម និង​ម៉ាក្ស​- លេនីន​និយម​ក្នុង​គោលបំណង​បង្កើត​សង្គម​កសិកម្ម​និយម​។​ខ្មែរក្រហម​បាន​ជម្លៀស​​​ប្រជាជន​ដោយ​បង្ខំ​ប្រហែល​ជាង​២​លាន​នាក់​ពី​ទីក្រុង​ភ្នំពេញ​និង​ទីក្រុង​ដទៃទៀត​ទៅតាម​តំបន់​ជនបទ​ដើម្បី​បំពេញការងារ​កសិកម្ម​។​

​១៥​ឆ្នាំ​ក្រោយមក នៅក្នុង​ឆ្នាំ ១៩៩៤ ក្នុង​រយៈពេល​ត្រឹមតែ ១០០ ថ្ងៃ​ប្រជាជន​ប្រមាណ ៨០០.០០០​នាក់​ត្រូវបាន​សម្លាប់ ដោយ​ក្រុម​ជ្រុលនិយម​ជនជាតិ​ហ៊ូ​ទូ នៅ​រ្វ៉ា​ន់​ដា និង​ប្រជាជន​ប្រហែល ១០០.០០០-២០០.០០០ នាក់​ត្រូវបាន​រំលោភ និង​ទទួលរង​ពី​អំពើហិង្សា​ផ្លូវភេទ​។ បន្ទាប់មក​នៅក្នុង​ឆ្នាំ​១៩៩៥ កងកម្លាំង​បូ​ស្នី – ស៊ែ​ប៊ី​បាន​សម្រុកចូល​ទៅកាន់​ទី​ក្រុង​ស្រី​ប្រ៊ី​នីសា ហើយ​បាន​រំ​លោព​សេពសន្ថវៈ ធ្វើ​ទារុណកម្ម​ស្ត្រី​ជនជាតិ​បូ​ស្ន៊ី​-​មូស្លីម និង​បានសម្លាប់​ជា​ប្រព័ន្ធ​លើ​បុរស និង​កុមារា​ពី​ចន្លោះ​ពី ៧.០០០ នាក់​ទៅជា​ង ៨០០០ នាក់​។ រហូតមកដល់​សព្វថ្ងៃ​នេះ​រណ្តៅ​សាកសព​ថ្មី និង​សាកសព​ជនរងគ្រោះ​នៅតែ​ត្រូវបាន​គេ​រកឃើញ​ថ្មីៗ ឬក៏​កំពុង​ស្វែងរក​ដោយ​ក្រុមគ្រួសារ​។​

​ប៉ុន្មាន​ឆ្នាំ​ក្រោយមក អំពើ​ប្រល័យពូជសាសន៍​លើកដំបូង​នៃ​សតវត្សរ៍​ទី​២១​បានកើត​ឡើង​នោះ​គឺ​អំពើ​ប្រល័យពូជសាសន៍​នៅ ដា​ហ្វឺ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាងតិច ៤ សែន​នាក់ និង​បាន​ផ្លាស់​ទីលំនៅ​ជាង ៣ លាន​នាក់​។​ដើម្បី​អាច​ទប់ស្កាត់ អំពើ​ប្រល័យពូជសាសន៍​យើងទាំងអស់គ្នា​ត្រូវមាន​ទំនួល​ខុសត្រូវ​ក្នុងការ​ចងចាំ​និង​បន្ត​រក្សា​ការចងចាំ​ដោយ​ធ្វើការ​ចែករំលែក​ចំណេះដឹង ធ្វើការ​ស្រាវជ្រាវ​រៀនសូត្រ និង​បន្ត​បង្រៀន​ដល់​មនុស្ស​ជំនាន់​ក្រោយ​។ ការចងចាំ​អំពី​អំពើ​ប្រល័យពូជសាសន៍​និង​ការទប់ស្កាត់ អំពើ​ប្រល័យពូជសាសន៍​គួរតែមាន​ការចូលរួម​ពី​គ្រប់​កម្រិត​នៃ​សង្គម និង​នៅក្នុង​កម្រិត​មួយ​ដែល​សមស្រប​ដោយ​ចាប់ពី​ថ្នាក់មូលដ្ឋាន រហូតដល់​ថ្នាក់​កំពូល​របស់​រដ្ឋាភិបាល​។​នៅក្នុង​ថ្នាក់មូលដ្ឋាន​ប្រធាន​សហគមន៍​ចាំបាច់​ត្រូវ​ប្រយ័ត្ន​អំពី​អ្វីដែល​កំពុង​កើតឡើង​នៅក្នុង​សហគមន៍ និង​ធ្វើ​អន្តរាគមន៍​ក្នុង​ពេលវេលា​សមស្រប​នៅពេលណា​ដែលមាន​សញ្ញា​ព្រមាន ព្រោះ​អំពើ​ប្រល័យពូជសាសន៍ និង​អំពើ​ឃោរឃៅ​មិនកើត​ឡើង​ដោយ​ឯកឯង​នោះទេ​។

​អង្គការ​មិនមែន​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល​អាច​នឹង​បង្កើត​កម្មវិធី​ផ្សព្វផ្សាយ​ដល់​ប្រជាជន​ជាពិសេស​យុវជន​ជំនាន់​ក្រោយ ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​សារសំខាន់​នៃ​សន្តិភាព ការអត់ឱន​និង​តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ​ក្នុងពេល​នោះដែរ​ក៏​​និយាយ​ប្រឆាំងនឹង​ការរើសអើង​ជាតិ​សាសន​និង​ការ​ស្អប់ខ្ពើម​។​ជាងនេះទៅទៀត​សាលារៀន​អាចបង្កើត​កម្មវិធីសិក្សា​ដែល​រួមបញ្ចូល​ប្រធានបទ​អំពី​លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ និង​អំពើ​ឃោរឃៅ​សម្រាប់​បង្រៀន​សិស្ស​នៅក្នុង​កម្រិត​ណាមួយ​ដែល​សមស្រប និង​ដើម្បី​ជំរុញ​ឲ្យ​មានការ​ពិភាក្សា​អន្តរ​ជំនាន់​សាលារៀន​ក៏​អាចបង្កើត​កម្មវិធី​ដែល​អាច​ឲ្យ​សិស្ស​និយាយ​ជាមួយ​អ្នក​រស់រានមានជីវិត​ពី​របប​ប្រល័យពូជសាសន៍​។ រដ្ឋាភិបាល​ត្រូវតែ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ការពារ​អំពើ​ប្រល័យពូជសាសន៍​។ ដូច​លោក​អា​ដា​ម៉ា ឌី​ង ទីប្រឹក្សា​ពិសេស​របស់​អង្គការសហប្រជាជាតិ​បាន​មានប្រសាសន៍ថា “​គ្មាន​សង្គម​ណា​ដែល​រួច​ផុតពី​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ និង​កត្តា​ហានិភ័យ​ឡើយ មានតែ​ការការពារ​ដែល​ប្រព្រឹត្តទៅ​ទាន់ពេលវេលា និង​រឹងមាំ​ប៉ុណ្ណោះ ដែល​អាចធ្វើ​ឲ្យ​សង្គម​មួយ​មាន​សុ​វត្តិភាព និង​ស្ថិរភាព​” ។ រដ្ឋាភិបាល​ចាំបាច់​ត្រូវតែ​គោរព​តាម​អនុសញ្ញា​ស្តីពី​ការការពារ និង​ការដាក់ទណ្ឌកម្ម​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ និង​ជំរុញ​ឲ្យ​មានការ​ផ្តល់​សច្ចា​ប័នជា​សកល​នៃ​អនុសញ្ញា​នេះ​។ តាមរយៈ​ការផ្តល់​សច្ចាប័ន​រដ្ឋាភិបាល​នឹង​អាច​ទទួលបាន​ការគាំទ្រ​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​អនុវត្ត​កាតព្វកិច្ច​នៅក្រោម​អនុសញ្ញា​យន្តការ​ដើម្បី​តាមដាន​គណនេយ្យភាព​ស​ម្រា​ប់​ការការពារ​អំពើ​ឃោរឃៅ​និង​ការបណ្តុះបណ្តាល​ស្តីពី​ការការពារ​នៅ​ថ្នាក់ជាតិ​ឬ​ថ្នាក់​តំបន់​។​

ជា​ចុងក្រោយ​ខ្ញុំ​ពិតជា​យល់ស្រប​នឹង​អ្វីដែល​លោក អា​ដា​ម៉ា ឌី​បាន​សរសេរ​នៅក្នុង​របាយការណ៍​រប​ស់លោក​ទៅកាន់ អង្គការសហប្រជាជាតិ​ថា​អាទិភាព​ខ្ពស់បំផុត​របស់លោក​នៅ​ក្នុង​អ​ឡុង​ពេល​កាន់តំណែង​គឺ​“​ដើម្បី​ប្រែក្លាយ​គំនិត​នៃ​ការការពារ​អំពើ​ប្រល័យ ពូជសាសន៍​ដែលជា​បទដ្ឋាន​អន្តរជាតិ​ទៅជា​ការពិត​ជាក់ស្តែង​ដែល​អាច​ត្រូវបាន​អនុវត្ត​នៅ​ថ្នាក់ជាតិ និង​កម្រិត​តំបន់​”៕​សរន​