ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថាៈ ដោយបាន​ការអនុញ្ញាត ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​បានរៀបចំ​កែលំអ គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​ថ្មី ដោយ​ខ្លឹមសារ ផ្អែកលើ​មូលដ្ឋាន​ចាស់ និង​មាន​អត្ថន័យ និង​គ្រប់​ជ្រុងជ្រោយ​ជាង ហើយ​គោលនយោបាយ​នេះ មិនមែន​របស់​ក្រសួង ណាមួយ​ទេ គឺជា​របស់​រាជរដ្ឋាភិបាល ដែល​មកដល់ពេលនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចុះហត្ថលេខា​ហើយ បន្ទាប់ពី​បាន​កែសម្រួល តាម​ស្មារតី នៃ​កិច្ចប្រជុំ​អន្តរក្រសួង ដែល​បំពេញបន្ថែម ដោយ​មន្ត្រី​ជំនាញ ដែល​ក្នុងនោះ មានតែ ៧ ចំណុច សំខាន់ៗ ។​

សម្តេច​ក្រឡាហោម ស ខេងៈ គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ថ្មី មាន ៧ ចំណុច​សំខាន់ៗ

​សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ថាៈ គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​ថ្មី ដែល​ក្នុងនោះ មានតែ ៧ ចំណុច សំខាន់ៗ​នោះ​គឺៈ ទី​១. ការផ្តល់​សេវាសាធារណៈ ពិសេស​សេវា​រដ្ឋបាល , ទី​២. បញ្ហា​សន្តិសុខ , ទី​៣. សណ្តាប់ធ្នាប់​សាធារណៈ និង​ចរាចរណ៍ , ៤. ការដោះស្រាយ​វិវាទ នៅ​មូលដ្ឋាន ក្រៅ​ប្រព័ន្ធតុលាការ , ទី​៥. បរិស្ថាន , ទី​៦. គ្រោះមហន្តរាយ និង​ទី​៧. អំពើ​អនាចារ ឬ​ការជួញដូរ​មនុស្ស ពិសេស​ស្ត្រី និង​កុមារ អំពើហិង្សា​ក្នុង​គ្រួសារ និង​ក្មេង​ទំនើង​។​

​កា​បញ្ជាក់​របស់ សម្តេច​ក្រឡាហោម ស ខេង បានធ្វើ​ឡើង នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​ក្រុមប្រឹក្សា គណៈមេធាវី ចូលជួប និង​សម្តែង​ការគួរសម នៅ​រសៀល ថ្ងៃទី​២៧ ខែមករា នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​បន្តថាៈ ខ្លឹមសារ​ទាំង ៧​ចំណុច​នេះ គឺជា​សារ​នយោបាយ​មួយ​ដ៏​សំខាន់ សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត នៅពេល​ខាងមុខ​។ ពាក់ព័ន្ធ​នឹង​ការលើក​កម្រិត ចេញ​ជា​គោលនយោបាយ​នេះ គឺ​ដោយសារ​មាន​សំណូមពរ និង​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ដូច្នេះ​ការងារ​នេះ ត្រូវតែ​ធ្វើឡើង ជា​សមូហភាព ដោយមាន​ស្ថាប័ន​ទាំងអស់ ចូលរួម ដើម្បី​បាញ់​ឆ្ពោះទៅ​មូលដ្ឋាន ។​

សម្តេច​ក្រឡាហោម ស ខេងៈ គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ថ្មី មាន ៧ ចំណុច​សំខាន់ៗ

​សម្ដេច​ក្រឡាហោម បាន​បន្តថាៈ ពេលនេះ យើង​សរសេរ​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ហើយ​ការ​ថែម​សង្កាត់​នេះ គឺ​ដោយសារ​បណ្ដា​ក្រុង តាម​ខេត្ត ក៏មាន​សង្កាត់​ដែរ ម្យ៉ាង​នៅ​រាជធានី​ភ្នំពេញ ក៏មាន​សង្កាត់​ដូចគ្នា​ដែរ​។ សម្ដេច​បាន​បន្តថាៈ គោលនយោបាយ​នេះ បាន​សរសេរ​ច្បាស់ៗ គ្មាន​ពាក្យ​បង្ការ លុបបំបាត់ ឬ​កាត់បន្ថយ​អ្វី​ទេ ។​

​សម្ដេច បាន​ពន្យល់​ទៀតថាៈ ការដាក់​ច្បាស់ៗ នូវ​អ្វីដែល​ចង់បាន ក្នុង​គោលនយោបាយ​នេះ គឺ​ដើម្បី​បញ្ចប់​ភាពស្រពិចស្រពិល ដូច្នេះ​គោលនយោបាយ កែសម្រួល​នេះ បាន​កំណត់ឱ្យ​ច្បាស់​តែម្ដង ដូចជា​ពាក្យ គ្មាន​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស សកម្មភាព​លួច​ឆក់​ប្លន់ ឬ​គ្មាន​បទល្មើស​គ្រឿងញៀន ជាដើម ដោយមាន​ផ្នែក​បន្ទាប់ ពន្យល់​យ៉ាង​លម្អិត​។​

សម្តេច​ក្រឡាហោម ស ខេងៈ គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ថ្មី មាន ៧ ចំណុច​សំខាន់ៗ

​យោងតាម​សេចក្ដីព្រាង លក្ខណៈសម្បត្តិ គោលនយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព មាន​គោលបំណង បន្ត​កសាង និង​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម លើកកម្ពស់​អនាម័យ បរិស្ថាន សុខមាលភាព​ប្រជាជន និង​កាត់បន្ថយ​គ្រោះថ្នាក់ ដែល​បណ្ដាលមកពី​គ្រោះមហន្តរាយ និង​ជំងឺឆ្លង​រាតត្បាត គ្រប់​កាលៈទេសៈ ព្រមទាំង​លើកទឹកចិត្ត ឱ្យមាន​ការដោះស្រាយ​វិវាទ ក្រៅ​ប្រព័ន្ធតុលាការ នៅ​មូលដ្ឋាន ។​

​គ្រប់​ចំណុច​នៃ គោលនយោបាយ​នេះ គឺ​ដើម្បី​បង្ក​ភាពអនុគ្រោះ ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច នៅ​មូលដ្ឋាន និង​ឈានទៅ​បង្កើនល្បឿន នៃ​ការកាត់បន្ថយ​ភាពក្រីក្រ ព្រមទាំង​កសាងបាន ជា​កម្លាំង​សរុប វិធាន​ការសរុប និង​មធ្យោបាយ​សរុប ដោយ​បំផុស​ឱ្យមាន​កិច្ចសហការ ចូលរួម​ជាមួយ សមត្ថកិច្ច ផ្នែក​សាធារណៈ ផ្នែក​ឯកជន ផ្នែក​ពាក់ព័ន្ធ និង​ប្រជាជន​ទូទាំងប្រទេស ៕/V​