ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ពជាមួយស្ថាប័ន-អង្គភាពស៊ីវិល គឺជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយយន្តការមួយនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងពង្រឹងខឿនការពារជាតិតាមរយៈការចូលរួមឧបត្ថម្ភគាំទ្រពី ស្ថាប័នសហគ្រាសរដ្ឋ ឯកជន និងសប្បុរសជននានា ដល់កងយោធពលខេមរភូមិន្ទ ក្រោមការសម្របសម្រួលរបស់រាជរដ្ឋាភិបាល។ ក្រៅពីនេះ កងយោធពលខេមរភូមិន្ទ ក៏តែងទទួលបានការជួយឧបត្ថម្ភគាំទ្ររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលតែងបាន និងបន្តផ្តល់ជំនួយឧបត្ថម្ភជួយបណ្តាកងឯកភាព, យោធិន និងគ្រួសារយោធិនដោយផ្ទាល់ និងជាប្រចាំ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក
ការបញ្ជាក់នេះនៅក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័ន-អង្គភាពស៊ីវិល ទិសយោធភូមិភាគទី៤ ឆ្នាំ២០១៩-២០២០ ខេត្តសៀមរាបនៅថ្ងៃទី២៧ ខែមករា នេះ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា សិក្ខាសាលានេះ ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូ, ពង្រីកកិច្ចសន្ទនានិងពង្រឹងនូវទំនុកចិត្តនិងការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងបណ្តាស្ថាប័នកងឯកភាពកងទ័ពជាមួយនឹងស្ថាប័នអង្គភាពស៊ីវិល ក៏ដូចជាសប្បុរសជននានា លើមូលដ្ឋាននៃ “ខឿនការពារជាតិរបស់ប្រជាជន”ដើម្បីជាគុណប្រយោជន៍យុទ្ធសាស្ត្រយូរអង្វែងនៃការកសាង និងពង្រឹងប្រៀបការពារជាតិ តាមរយៈការបំផុសចលនាឱ្យប្រជាជនគ្រប់រូបមានឆន្ទៈស្រលាញ់ប្រទេសជាតិ និងមានកាតព្វកិច្ចចំពោះជាតិមាតុភូមិ ដោយស្មារតីមោទនភាពជាតិ។
រូបថតៈសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន-អង្គភាពស៊ីវិល ទិសយោធភូមិភាគទី៤ ឆ្នាំ២០១៩-២០២០ ខេត្តសៀមរាបនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១
លោកបន្តថា ការប្រែក្លាយជំនួយសម្ព័ន្ធមេត្រីភាពពីការដោះស្រាយបញ្ហាចំពោះមុខទៅជាការជួយមួយផ្នែកទៅលើការធានា និរន្តរភាពរបស់អង្គភាព គឺជាកិច្ចការដែលបានគិតគូរ និងចាប់ផ្តើមសាកល្បងអនុវត្តជាយូរឆ្នាំមកហើយនិងក៏បានដំណើរការទៅមុខ ផងដែរក្រោមរូបមន្ត“យកគ្រួសារទ័ពចិញ្ចឹមទ័ពតាមរយៈក្រុមហ៊ុនឯកជន”ដែលជាគោលការណ៍ទិសដៅនៃការបង្វែរទិសនៅរកនិរន្តភាព និងភាពម្ចាស់ការ។ គ្រួសារទ័ពដែលមានដីបង្កបង្កើនផល គឺជាអ្នកផ្គត់ផ្គង់ទិន្នផលឱ្យក្រុមហ៊ុន ដែលជួយផ្នែកបច្ចេកទេស និងទីផ្សារដល់គ្រួសារទ័ពវិញ។ “កងកម្លាំងប្រដាប់អាវុធ គឺជាខែលនៃការការពារជាតិ” គឺពិតជាត្រឹមត្រូវ ហើយរាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ជួយដោះស្រាយគោលនយោបាយជាច្រើន ដើម្បីឱ្យខែលនេះមានប្រសិទ្ធភាព។ យ៉ាងណាក៏ដោយដើម្បីឱ្យគ្រួសារទ័ពមានជីវភាពប្រសើរនិងពង្រឹងស្មារតីរបស់កងទ័ពឱ្យកាន់តែមានលំនឹងក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ចាំបាច់ត្រូវខិតខំអនុវត្តគោលការណ៍នេះសំដៅធ្វើយ៉ាងណាឱ្យកងទ័ពនិងគ្រួសារមានលទ្ធភាពចិញ្ចឹមខ្លួនឯងដោយប្រើប្រាស់ យន្តការទីផ្សារនេះ បន្ថែមលើគោលរបប និងជំនួយឧបត្ថម្ភផ្សេងៗ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ និងនាយទាហានជំនាញពាក់ព័ន្ធ ក្នុងកងយោធពលខេមរភូមិន្ទទាំងអស់ បណ្ដាស្ថាប័ន-អង្គភាពស៊ីវិល, សប្បុរសជន និងជនរួមជាតិទាំងអស់ ដែលកន្លងមកបានខិតខំអនុវត្តកិច្ចការសម្ព័ន្ធមេត្រីភាពយ៉ាងប្តូរផ្តាច់ សម្រេចបានលទ្ធផលល្អប្រសើរ បើទោះបីជានៅមានការជួបប្រទះនូវឧបសគ្គខ្លះៗមួយចំនួនជាពិសេសក្នុងបរិការណ៍ដែលស្ថានភាពសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោក កំពុងទទួលរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង ០១ ឆ្នាំកន្លងមកនេះ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក
លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតបានបន្តថាអង្គសិក្ខាសាលាបានគាំទ្រទិសដៅនៃការបង្វែរទិសមួយផ្នែកនៃជំនួយសម្ព័ន្ធមេត្រីភាពឱ្យបម្រើទស្សនវិស័យយូរអង្វែង និងការសហការផ្តួចផ្តើមរៀបចំគម្រោងអភិវឌ្ឍន៍នានា ដើម្បីទ្រទ្រង់ដល់ជីវភាព និងសុខមាលភាពគ្រួសារយោធិន តាមរយៈការខិតខំជំរុញសកម្មភាពនានាជាអាទិ៍ ការខិតខំបន្តកសាងពង្រឹងអង្គភាពឱ្យបានរឹងមាំលើគ្រប់វិស័យ, ការបន្តកសាងនិងពង្រឹងប្រៀបការពារជាតិ, ការបន្តរៀបចំគម្រោងអភិវឌ្ឍផ្នែកកសិកម្ម ដោយភ្ជាប់នឹងការជួយគាំទ្រផ្នែកគ្រឿងយន្តកសិកម្ម កម្ចីឥណទានអត់ការប្រាក់ និងការផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលជំនាញដល់យោធិនមុនចូលនិវត្តន៍ និងកូនចៅយោធិន ដែលនេះគឺជាការផ្តល់ឱកាសលើកទឹកចិត្តសំខាន់ដោយពិតជាបានជួយឱ្យពួកគាត់មានលំនឹងជីវភាពគ្រួសារសមរម្យក្នុងសង្គមជាតិ៕សរន