ប្រែសម្រួលៈវាសនា/ប៉េកាំង៖ រដ្ឋាភិបាលក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃពុធទី២៧មករានេះថា សមយុទ្ធយោធាចិននៅជិតកោះតៃវ៉ាន់ជា«ការព្រមានមែនទែនមួយចំពោះកម្លាំងខាងក្រៅ» បន្ទាប់ពីរដ្ឋាភិបាលអាម៉េរិកថ្មីបានបង្ហាញការគាំទ្រដ៏រឹងមាំផងដែរចំពោះកោះសេរីនិយម ឬកោះផ្តាច់ខ្លួនមួយនេះ។
យន្តហោះទម្លាក់គ្រាប់បែកធុន H-6របស់ចិន ហោះជិតយន្តហោះ F-16របស់តៃវ៉ាន់កាលពីឆ្នាំ២០២០
ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ដែលត្រូវតែបង្រួបបង្រួមជាមួយមហាចិនដីគោកឡើងវិញនៅថ្ងៃណាមួយ និងអាចប្រើកម្លាំងយោធាក្នុងករណីចាំបាច់។តែបញ្ហាតៃវ៉ាន់នេះបានក្លាយជាចំណុចចាប់អារម្មណ៍ភ្លាមសំរាប់រដ្ឋាភិបាលអាម៉េរិកថ្មី ដែលដឹកនាំដោយលោក ចូ បៃដិន។
ក្រសួងការបរទេសអាម៉េរិកកាលពីចុងសប្តាហ៍បាននិយាយថា ការប្តេជ្ញាចិត្តរបស់អាម៉េរិកចំពោះកោះតៃវ៉ាន់«រឹងមាំដូចថ្ម» នៅពេលរដ្ឋាភិបាលក្រុងតៃប៉ិះ(តៃវ៉ាន់)បានរាយការណ៍ថា យន្តហោះចម្បាំងរបស់ចិនរាប់សិបគ្រឿងបានហោះចូលក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួន។តៃវ៉ាន់បានចេញការព្រមាន និងបញ្ជូនកងកាំជ្រួចទៅតាមដានយន្តហោះទាំងនោះ។
អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបាននិយាយថា « យើងទទូចអោយរដ្ឋាភិបាលចិនប៉េកាំងបញ្ឈប់សម្ពាធយោធា ការទូតនិងសេដ្ឋកិច្ចលើតៃវ៉ាន់ ហើយធ្វើការចរចាដ៏មានន័យជាមួយតំណាងជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់កោះនេះជំនួសវិញ»។
មជ្ឈដ្ឋានក្រៅចិនក៏គិតថា ការបញ្ជូនយន្តហោះចម្បាំងដ៏ច្រើនសន្ធឹកនេះជាសារដ៏ស្រៀវមួយទៅកាន់ប្រធានាធិបតីថ្មីរបស់អាម៉េរិក ដោយផ្ទាល់។
ក្រសួងយោធាតៃវ៉ាន់បាននិយាយថាយន្តហោះចិន១៥គ្រឿងបានហោះចូលដែនអាកាសរបស់ខ្លួនជាលើកទី២កាលពីអាទិត្យបន្ទាប់ពីយន្តហោះក្នុងចំនួនប្រហាក់ប្រហែលគ្នាបានចូលក្នុងតំបន់នេះផងដែរកាលពីថ្ងៃសៅរ៍។បើតាមអ្នកតាមដាន យន្តហោះទាំងនោះរួមមានយន្តហោះទម្លាក់គ្រាប់បែកអាចផ្ទុកក្បាលគ្រាប់នុយគ្លេអ៊ែរ យន្តហោះប្រដេញ និងយន្តហោះប្រឆាំងនាវាមុជទឹក។
ចិនប៉េកាំងកាលពីថ្ងៃពុធ បាននិយាយការពារសមយុទ្ធនេះថាវាជាការចាំបាច់ដើម្បី«ការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី»។
ហ្ស៊ូ ហ្វេងលៀន អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បាននិយាយថា«វាជាការព្រមានមែនទែនចំពោះកម្លាំងខាងក្រៅអោយឈប់ជ្រៀតជ្រែកនិងព្រមាន…កម្លាំងផ្តាច់ខ្លួនអោយឈប់បង្ករឿងផងដែរ»។
លោកស្រីហ្ស៊ូបានបញ្ជាក់ថា ចិនរក្សាជំរើសសំរាប់«ចាត់គ្រប់វិធានការដើម្បីដោះស្រាយជាមួយនឹងការជ្រៀតជ្រែក រួមទាំងការប្រើកម្លាំង។បញ្ហាតៃវ៉ាន់សំខាន់និងរសើបបំផុតនៅក្នុងទំនាក់ទំនងចិន-អាម៉េរិក»។
ការបង្ហាញវត្តមានយន្តហោះយោធាជាច្រើននៅជិតកោះតៃវ៉ាន់បានកើតឡើងចំពេលអាម៉េរិកបញ្ជូនក្រុមនាវាផ្ទុកយន្តហោះ USS Theodore Rooseveltចូលក្នុងសមុទ្រចិនខាងត្បូងកាលពីថ្ងៃសៅរ៍សំរាប់ប្រតិបត្តិការតាមធម្មតាដើម្បីធានាសេរីភាពនាវាចរណ៍ និងធានាសម្ពន្ធមិត្តអាម៉េរិក។
ទោះជាយ៉ាងណាក្រសួងការបរទេសចិនបានប្រតិកម្មភ្លាមដោយចាត់ទុកវត្តមាននាវាផ្ទុកយន្តហោះអាម៉េរិកនេះមិនជួយបង្កើតសន្តិភាពនិងស្ថិរភាពនៅតំបន់នេះទេ៕
វាផ្ទុកយន្តហោះ USS Theodore Rooseveltបង្ហាញខ្លួននៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃសៅរ៍ចំពេលចិនបញ្ជូនយន្តហោះចូលកៀកតៃវ៉ាន់
តៃវ៉ាន់ធ្វើសមយុទ្ធយន្តហោះប្រដេញកាលពីថ្ងៃអង្គារទី២៦មករា ក្រោយចិនបញ្ជូនយន្តហោះចូលកៀកអស់២ថ្ងៃជាប់គ្នា