ប្រែសម្រួល : កញ្ញាដាលីស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិលោកហ្វ្រែង បាកកេជេនសិន បានប្រកាសថា សមយុទ្ធវ៉ាយឃីងរួមគ្នានារដូវរងានៅភាគខាងជើងន័រវែស នឹងមិនត្រូវបានអនុវត្តទេ ដោយសារស្ថានភាពជំងឺឆ្លងនៅក្នុងប្រទេស។
ទូរទស្សន៍រដ្ឋ NRK រាយការណ៍ថា ទាហានន័រវែសប្រហែល ៧.០០០ នាក់គ្រោងចូលរួមក្នុងសមយុទ្ធនៅចុងខែកុម្ភៈនេះរួមជាមួយទាហានបរទេសប្រមាណ ៣.០០០នាក់មកពីសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេសនិងអាឡឺម៉ង់ព្រមទាំងប្រទេសជាច្រើនទៀត ហើយទាហានខ្លះបានមកដល់ភាគខាងជើងន័រវែសរួចទៅហើយ។
កាលពីដើមខែមករា គេបានដឹងថា មូលដ្ឋានទ័ពជើងទឹកអូឡាស៍វើននៅក្រៅក្រុងត្រូមសូ នឹងត្រូវប្រើជាថ្មីម្តងទៀតដោយទាហានហូឡង់។ទាហានហូឡង់បានមកដល់ទីនោះរួចទៅហើយហើយគ្រោងនឹងចូលរួមធ្វើសមយុទ្ធរដូវរងានៅទីនោះ។
លោកហ្វ្រែង បាកកេជេនសិន បានប្រកាសថា ន័រវែសនឹងមិនទទួលកងកម្លាំងសម្ព័ន្ធមិត្តថ្មីទេ ហើយអង្គភាពដែលមានវត្តមាននៅមូលដ្ឋាននឹងត្រូវបញ្ជូនទៅផ្ទះវិញ។
កាលពីដើមខែនេះ ទាហានសរុប ៤៥ នាក់មកពីអាម៉េរិកនិងអង់គ្លេសបានតេស្តវិជ្ជមានកូវីដ១៩ ពេលមកដល់ន័រវែស។ ក្រោយមកទៀត ករណីវីរុសកូរ៉ូណាបំលែងខ្លួនរបស់អង់គ្លេសចំនួន ៦៥ ករណីត្រូវបានរកឃើញនៅទីក្រុងន័រដ្រេហ្វូឡូ ជាហេតុនាំឱ្យមានការរឹតបន្តឹងនៅទីក្រុងចំនួន ១០ នៅក្នុងតំបន់អូស្លូ៕
សមយុទ្ធរដូវរងារួមគ្នាវ៉ាយឃីងនៅភាគខាងជើងន័រវែសកាលពីលើកមុន