វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២ នាំ​សិក្ខាកាម​ជិត​៣០០​នាក់​ទៅ​ទស្សនកិច្ច​សហគមន៍​ល្បីៗ​ចំនួន ៦ នៅ​ខេត្តសៀមរាប​

ដោយៈ​សុផល​/សៀមរាប​៖ ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង​និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ (​ក​.​គ​.​អ​.​អ​.) ដែលជា​អ្នករៀបចំ​វេទិកា​ជាតិ​អេកូ​ទេស ចរណ៍​លើក​ទី​២ ឆ្នាំ​២០២១នា​ព្រឹកថ្ងៃទី​២៨ ខែមករា​ដឹកនាំ​សិក្ខាកាម​ដែលជា​ថ្នាក់ដឹក​នាំ មន្ត្រីរាជការ ប្រតិបត្តិ​ករ​ទេសចរណ៍ ប្រជា​សហគមន៍ និង​ភាគី​ពាក់ព័ន្ធ​សរុប​ជិត ៣០០ នាក់ ទៅ​ទស្សនកិច្ច​នៅតាម​សហគមន៍​ល្បីៗ​ចំនួន ៦ នៅ​ខេត្តសៀមរាប ។​

វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២ ត្រូវបាន​បើក​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​សុខា​អង្គរ ខេត្តសៀមរាបក្រោម​អធិបតីភាព​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារក​.​គ​.​អ​.​អ​.ក្នុងនាម​តំណាង​សម្ដេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ព្រមទាំង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។​

​ក្នុង​ថ្ងៃ​ដំបូង​នៃ​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២​នេះ ក្រុមការងារ​រៀបចំ​បាន​សម្រប​សម្រួល​ឱ្យមាន​បទ​បង្ហាញ​សំខាន់ៗ​មួយចំនួន ដោយមាន​ការចូលរួម​ពី​វាគ្មិន​ជាច្រើន​នាក់ មកពី​តំណាង​ក្រសួងទេសចរណ៍ តំណាង​ក្រសួងបរិស្ថាន តំណាង​ក្រសួងកសិកម្ម តំណាង​អភិវឌ្ឍន៍ជនបទ តំណាង​ក្រសួង​ប្រៃសណីយ៍ តំណាង​អគ្គិសនី​កម្ពុជា (EDC) ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា(CATA) តំណាង​​​អង្គការ​យូណេស្កូ (UNESCO)នាយក​គម្រោង​ព្រៃ​ឡង់​បៃតង តំណាង​អង្គការ​ម្លប់​បៃ​តង តំណាង​ក្រុមហ៊ុន Hanuman Group តំណាង​ធនាគារពិភពលោក (World Bank) នាយក​ធនាគារ​អភិវឌ្ឍន៍​អា​ស៉ី (ADB) តំណាង​ទីភ្នាក់ងារ USAID តំណាង​អង្គការ WWF ប្រចាំ​កម្ពុជា តំណាង​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (FACT) ប្រធាន​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ​ជាដើម​។​

​ក្រៅពីនេះ ក៏មាន​ការតាំង​បង្ហាញ​នូវ​ផលិតផល​សិប្បកម្ម​តម្បាញ សិប្បកម្ម​ក្អមឆ្នាំង និង​កុល​ភាជន៍ សិប្បកម្ម​កន្ត្រក សិប្បកម្ម​ចម្លាក់ បន្លែ ផ្លែឈើ ផ្កា​រុក្ខជាតិ ទឹកឃ្មុំ​ធម្មជាតិ ឱសថ​បុរាណ គ្រឿងផ្សំ​ក្នុង​ម្ហូបអាហារ ប្រេងខ្យល់ និង​ប្រេងកូឡា ស្រា​ដែល​ផលិត​ចេញពី​ផ្លែឈើ​ក្នុង​សហគមន៍ និង​ផលិតផល​ជាច្រើន​ទៀត​។ ក៏មានដែរ​នូវ​ផ្ទាំង​បដា ខិត្តប័ណ្ណ សៀវភៅ រូបភាព និង​វីដេអូ ដែល​ណែនាំ​បង្ហាញ​ពី​តំបន់​ទេសចរណ៍ និង​ផលិតផល​ទេសចរណ៍​នៅក្នុង​សហគមន៍​ជាដើម​។​

លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ នៃ​ក្រសួង​ទេស​ចរណ៍ បានឱ្យដឹងថា សហគមន៍​ដែល​ក្រុមការងារ​ត្រៀម​នាំ​សិក្ខាកាម​ទៅ​ទស្សនកិច្ច​ទាំង ៦ នោះ រួមមាន​៖
* សហគមន៍​បាគង​ភូមិ​ខ្ញុំ ស្ថិតក្នុង​ភូមិ​ថ្នល់​ត្រង់ ឃុំ​បាគង ស្រុក​ប្រាសាទបាគង​។​
* សហគមន៍​ភ្នំ​គូលែន ស្ថិតក្នុង​ភូមិ​គូលែន ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ​។​
* សហគមន៍​វប្បធម៌​ធម្មជាតិ​ទឹក​ជប់​ខ្នារ​ពោធិ៍ ស្ថិតក្នុង​ភូមិ​ជប់ ឃុំ​ខ្នារ​ពោធិ៍ ស្រុក​សូទ្រនិគម​។​
* សហគមន៍​បឹង​ឈូក​បន្ទាយស្រី ស្ថិត​ក្នុងភូមិ​បន្ទាយស្រី ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី​។​
* សហគមន៍​ទេសចរណ៍ធម្មជាតិ​កំពង់​ភ្លុក ស្ថិតក្នុង​ភូមិ​គោក​ក្ដុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង​។​
*សហគមន៍​ភូមិដ្ឋាន​ធម្មជាតិ​រុន​តា​ឯក ស្ថិតក្នុង​ភូមិ​តានី ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី​។​

លោក ជុក ជំនោរ បានឱ្យដឹងថា គោលបំណង​នៃ​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សហគមន៍​ទាំងនេះ គឺ​ដើ​ម្ប​ឆ្លុះបញ្ចាំង​អំពី​អ្វីដែល​បាន​ពិភាក្សាគ្នា​នៅក្នុង​វេទិកា​នា​ថ្ងៃ​ទីមួយ ខណៈ​ថ្ងៃ​ទីមួយ​នេះ​មានការ​ចែករំលែក​នូវ​បទពិសោធន៍​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​សហគមន៍ ក៏ដូចជា​បញ្ហា​ប្រឈម​នានា​ដែល​កើតមាន​នៅក្នុង​សហគមន៍​នីមួយៗ​។ ម្យ៉ាងទៀត ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ដើម្បី​ដឹងថា​ការគ្រប់គ្រង​របស់​សហ​គម​ន៍​ទាំង ៦ នោះ​មាន​លក្ខណៈពិសេស និង​សក្ដានុពល​ខុសប្លែកគ្នា​អ្វីខ្លះ​។

​លោក​បាន​បន្ថែមទៀតថា បន្ទាប់ពី​ទទួលបាន​នូវ​ព័ត៌មាន ឬ​រកឃើញ​នូវ​បញ្ហា​ណាមួយ នៅពេល​ត្រលប់​មកវិញ គេ​នឹង​យក​បញ្ហា​ទាំងនោះ​លើកឡើង​ដោយផ្ទាល់​នៅក្នុង​ពិធី​បិទ​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​២ ហើយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នឹង​ដឹកនាំ​កិច្ចពិភាក្សា​ក្នុងពេល​បិទ​វេទិកា​នេះ ព្រមទាំង​មានការ​ដោះស្រាយ​ភ្លាមៗ ប៉ុន្តែ​ប្រសិនបើ​មាន​បញ្ហា​ណា​ដែល​មិនអាច​ដោះស្រាយ​ភ្លាមៗ​បាន​ទេ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ពិគ្រោះគ្នា​ដោះស្រាយ​នៅពេល​ក្រោយ​បន្តទៀត​៕​Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular