ពិធី​ខួបកំណើត​ក្លាយជា​បុណ្យសព​ក្មេងប្រុស​អាយុ​ពីរ​ឆ្នាំ​ដោយសារ​រថយន្តក្រុង​បុក​

1821
ចែករម្លែក

កំពង់ចាម៖ ​គួរ​ឲ្យ​អាណិត និង​សង្វេគ​ខ្លាំងណាស់​ដែល​ក្មេងប្រុស​អាយុ​ពីរ​ឆ្នាំ​ម្នាក់​ស្លាប់ ក្រោយពី​សាច់ញាតិ​នាំយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ បន្ទាប់ពី​រថយន្តក្រុង​បុក កាលពី​ល្ងាច​ថ្ងៃទី​១៤​ខែកក្កដា​។ ករណីរ​នេះ កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​ប្រាំមួយ ស្ថិត​ភូមិ​ភ្នំ​ដិ​ល​ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្តកំពង់ចាម​។​

​ប៉ូលិស​ចាប់ខ្លួន​អ្នកបើកបរ​រថយន្តក្រុង​នោះបាន​ក្រោយពី​បើករថយន្ត​គេចខ្លួន​បាន​ប្រមាណ​៥០០​ម៉ែត្រ ពី​កន្លែងកើតហេតុ​។ អ្វីដែល​ធ្វើ​មនុស្ស​គ្រប់រូប​ទប់​អារម្មណ៍​មិនបាន​រងគ្រោះ​នេះ ត្រូវ​ឪពុកម្តាយ​ធ្វើ​ពិធី​ខួបកំណើត​ឱ្យតែ​ប្រែក្លាយជា​បុណ្យសព​ឱ្យ​កូនប្រុស អាយុ​ពីរ​ឆ្នាំនេះ​ទៅវិញ​។

​លោក​វរសេនីយ៍ សុក សូល អធិការរង នគរបាល​ស្រុក​បាធាយ បាន​ឲ្យ​ដឹងថា ក្មេងប្រុស​រងគ្រោះ ឈ្មោះ គឿន នុ​រាជ អាយុ​ពីរ​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។ ចំណែក​អ្នកបើកបរ​រថយន្តក្រុង​ឈ្មោះ អឿន ធា​រី អាយុ​៣៤​ឆ្នាំមាន​ទីលំនៅ​ភូមិ​ឡឥដ្ឋ​ឃុំ​ព្រែក​ដំបង​ស្រុក​មុខកំពូល​ខេត្តកណ្តាល​។ គេ​បើកបរ​រថយន្តក្រុង​ពាក់​លេខ​ភ្នំពេញ​៣​បេ​.៧១៤១​ពណ៌​សលាយ​ខៀវ​។​

​លោក គឿន ស៊ី​ណាត នាយប៉ុស្តិ៍​នគរបាល​ឃុំ​តាំង​ក្រាំង បាន​ឲ្យ​ដឹងថា ករណី​គ្រោះ​បណ្តាល​ឲ្យ ក្មេង​ស្លាប់​បង្កឡើង​ដោយ​ភាគី​អ្នកបើកបរ​រថយន្តក្រុង មានការ​ធ្វេសប្រហែស និង​បើកបរ​ប្រើ​ល្បឿន​លឿន​នៅ​កន្លែង​មាន​ស្លាក​សញ្ញា​ឲ្យ​ឈប់ ឬ​បើកបរ​យឺតៗ នៅ​ឃ្លាត​ច្រើន​ម៉ែត្រ ពី​ពិធីបុណ្យ​ខួបកំណើត​រប​ស់​ក្មេងរងគ្រោះ​។​

​លោកនាយ​ប៉ុស្តិ៍ បាន​ឲ្យ​ដឹង​ទៀតថា មុន​កើតហេតុ​រថយន្តក្រុង​មួយគ្រឿង​នេះ បានធ្វើ​ដំណើរ​ដឹក​ភ្ញៀវ​ពី​ខេត្តសៀមរាប មកដល់​ចំណុច​រោង​ពិធី​ខួបកំណើត​កុមារា គឿន នុ​រាជ តៃកុង​រថយន្ត​ម្នាក់នេះ មិនបាន​បន្ថយល្បឿន​ឱ្យ​យឺតៗ​នោះទេ ទើប​បណ្តាល​ឲ្យ​បុក​ក្មេងប្រុស នុ​រាជ បោក​ក្បាល​នឹង​ថ្នល់​របួសធ្ងន់ ខណៈដែល​កំពុង​ដើរ​តាម​ម្តាយ​របស់គេ​ចេញមក​ទទួលភ្ញៀវ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ក្រុមគ្រួសារ​បាន​សង្គ្រោះ​ក្មេងរងគ្រោះ​នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ ប៉ុន្តែ​គេ​បាន​ស្លាប់ នៅ​យប់​ថ្ងៃទី​១៤​កក្កដា​ថ្ងៃ​ដដែល​។ ឪពុកម្តាយ​បាន​យកស​ពកូន​មក​ធ្វើបុណ្យ​នៅ​នឹង​រោង​ខួបកំណើត​។ ចំណែក​អ្នកបើកបរ​រថយន្តក្រុង​បាន​បើក​គេច​ពី​កន្លែង​បុក​ក្មេង​ប្រហែល​៥០០​ម៉ែត្រ បាន​ទុក​រថយន្ត​ចោល​រត់ឡើង​ជិះ​រថយន្ត​មួយគ្រឿង​ផ្សេងទៀត ហើយ​ខាង​នគរ​បាន​តាម​ចាប់​អ្នកបើកបរ​ម្នាក់នេះ បាន​ក្នុងពេលនោះ ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅកាន់​តុលាការ​៕ ​ដោយ ៖ភោគ សម្បត្តិ

សព​ក្មេងប្រុស​ដែល​រថយន្តក្រុង​បុក​ស្លាប់​ខណៈ​ឪពុកម្តាយ​បានធ្វើ​ពិធី​ខួច​កំណើត (​រូប​ថ​តៈ សម្បត្តិ​)
ថយន្តក្រុង​ដែល​បុក​ក្មេងប្រុស​អាយុ​ពីរ​ឆ្នាំ​ស្លាប់​ក្នុង​ថ្ងៃ​ឪពុកម្តាយ​ធ្វើ​ពិធី​ខួបកំណើត (​រូប​ថ​តៈ សម្បត្តិ​)