ដោយ:ដេប៉ូ/សៀមរាប: វេទិកាជាតិអេកូទេសចរណ៍លើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ត្រូវបានរៀបចំឡើងនាថ្ងៃទី២៧ ខែ មករា ឆ្នាំ ២០២១នេះ។
ពិធីនេះដែរបានចូលរួមដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍(ក.គ.អ.អ.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ ក.គ.អ.អ. និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន ក.គ.អ.អ.។
ថ្លែងក្នុងវេទិការនេះ លោក សាយ សំអាល់ បានឱ្យដឹងថា ក្រសួងបរិស្ថានបាននិងកំពុងធ្វើការងារពាក់ព័ន្ធនឹងវិស័យអេកូទេសចរណ៍ ស្របទៅនឹងសសរស្តម្ភទាំង ០៤ របស់ក្រសួងបរិស្ថាន ដែលរួមមាន កិច្ចគាំពារបរិស្ថាន ការភិរក្សជីវៈចម្រុះ ការរស់នៅប្រកបដោយចីរភាព និងការធ្វើទំនើបកម្មស្ថាប័ន។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីឱ្យការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ទទួលបានជោគជ័យ នោះគឺត្រូវមានការចូលរួមយ៉ាងសំខាន់ពីប្រជាពលរដ្ឋនៃសហគមន៍មូលដ្ឋាន ហើយដើម្បីឱ្យមានការចូលរួមទៅបានលុះត្រាតែប្រជាពលរដ្ឋទទួលបាននូវជម្រើសថ្មីក្នុងការរស់នៅ ជៀសវាងការពឹងអាស្រ័យលើធនធានធានធម្មជាតិទាំងស្រុង។ ជម្រើសថ្មីទាំងនោះ រួមមាន មុខរបរ (ដាំបន្លែ ឬចិញ្ចឹមសត្វជាដើម) និងតម្រូវការជាក់ស្តែង រួមមាន អគ្គិសនី និងទឹកស្អាតជាដើម។ ក្នុងនោះដែរ ការរៀបចំសហគមន៍តំបន់ការពារធម្មជាតិ គឺជាយន្តការចាំបាច់ ដើម្បីអាចឱ្យប្រជាពលរដ្ឋមូលដ្ឋានចូលរួមការងារអភិរក្ស ជាមួយមន្ត្រីឧទ្យានុរក្ស។
ជាមួយគ្នានេះលោករដ្ឋមន្ត្រីបានបន្តឱ្យដឹងថា ក្រសួងបរិស្ថានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារអេកូទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិនានានៅទូទាំងប្រទេសកម្ពុជា។ ក្នុងនោះ ក្រសួងបានធ្វើការផ្សព្វផ្សាយយ៉ាងសកម្មអំពីសក្តានុពលទេសចរណ៍ទៅដល់សាធារណជន និងបានសហការយ៉ាងជិតស្និតជាមួយស្ថាប័ន និងដៃគូរពាក់ព័ន្ធ។ ក្រោមកិច្ចខិតខំប្រឹងប្រែងលើការងារនេះ យើងសង្កេតឃើញពីការផ្លាស់ប្តូរផ្នត់គំនិតរបស់សាធារណជន ជាពិសេសក្នុងស្រទាប់យុវជន ចំពោះបរិស្ថាន។ នេះជានិន្នាកាថ្មីមួយក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន ដែលបានផ្តល់ជាជម្រើសថ្មី ក្រៅពីការពឹងផ្អែកលើធនធានធម្មជាតិដោយផ្ទាល់ ឈានទៅការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិឱ្យបានជោគជ័យ។
ទទ្ទឹមគ្នានេះដែរ នៅក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាល ក៏បានបញ្ចូលនូវបរិស្ថានស្អាត មានន័យថាបរិស្ថាននៅតាមមូលដ្ឋាន និងទីសាធារណៈ ត្រូវប្រាកដ្ឋថាមានភាពប្រសើរ ធានាមិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាអនុប្រធាន ក.គ.អ.អ. មានប្រសាសន៍ដោយសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចកម្ពុជា ដែលរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំ ក្នុងនោះកម្រិតជីវភាព និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើងជាលំដាប់។
ពាក់ព័ន្ធនឹងវិស័យអេកូទេសចរណ៍ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសក្តានុពលអេកូទេសចរណ៍ ដែលស្ថិតក្រោមដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលរួមមាន សហគមន៍នេសាទ ចំនួន ៥១១ (ក្នុងនោះ ១៣១សហគមន៍ មានសក្តានុពលបង្កើតជាតំបន់អេកូទេសចរណ៍) សហគមន៍ព្រៃឈើ ចំនួន ៦៣៨ និងសហគមន៍កិសិកម្ម ចំនួន ១១៩០។
លោក រដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថាវេទិកាជាតិនេះ នឹងផ្តល់ឱកាសជួបជុំគ្នាដើម្បីពិនិត្យតាម ដានអំពីវឌ្ឍនភាព កាលានុវត្តភាព បញ្ហាប្រឈម ព្រមទាំងរួមគ្នារិះរកវិធានការដោះស្រាយប្រកប ដោយគំនិតច្នៃប្រឌិត និងការបំពេញភារកិច្ចតាមគន្លងថ្មីដើម្បី ផលប្រយោជន៍រួម ជាពុទ្ធិក្នុងការ ចូលរួមចំណែកពង្រឹងការងារគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងវិស័យកសិ-ទេស ចរណ៍ រួមគ្នាជួយទ្រទ្រង់ និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ និងការធានានូវចីរភាពបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
ដោយឡែក ថោង ខុន បានលើកឡើងថា ក្រោមកិច្ចដឹកនាំប្រកបដោយភាពឈ្លៀសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានកសាងឃឿនសេដ្ឋកិច្ចរឹងមាំ ប្រជាពលរដ្ឋមានកម្រិតជីវភាព និងប្រាក់ចំណូលខ្ពស់ជាមុន។
លោកបានមានប្រសាសន៍ថាកម្ពុជាសម្បូរទៅដោយតំបន់ទេសចរណ៍យ៉ាងសម្បូរបែប សម្រាប់បង្កើតជាតំបន់អេកូទេសចរណ៍។ ការរៀបចំតំបន់អេកូទេសចរណ៍មួយឡើង ត្រូវសិក្សាគ្រប់ជ្រុងជ្រោយ លើផ្នែកសុវត្ថិភាព ផ្លូវធ្វើដំណើរ ជំងឺ(កើតពីមូសខាំ) អនាម័យកន្លែងស្នាក់នៅ និងបន្ទប់ទឹកជាដើម ទាមទាកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។
គួរបញ្ជាក់ថា នៅក្នុងអង្គវេទិកាជាតិលើកទី២នេះ រួមមានកម្មវិធីសំខាន់ៗដូចជា “កិច្ចពិភាក្សាបច្ចេកទេស(Panel Discussion)” ដោយមានការចូលរួមពីវាគ្មិនសំខាន់ៗ អញ្ជើញមកពីភាគីសារណៈ ផ្នែកឯកជន តំណាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដៃគូជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធ ផ្តោតលើប្រធានបទ ០៣ សំខាន់ គឺ ទី១៖ ការវិវត្តន៍ និងអនាគតនៃវិស័យអេកូទេសចរណ៍ និងសហគមន៍ ក្នុងបរិបទជំងឺកូវីដ១៩ ទី២៖ ភាពជាដៃគូបំពេញគ្នារវាងដៃគូអភិវឌ្ឍ និងការអភិរក្ស ក្នុងការជំរុញអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងទី៣៖ ការគាំទ្រក្របខណ្ឌគោនយោបាយអន្តរវិស័យ និងយន្តការជំរុញការអភិវឌ្ឍសហគមន៍។ ទន្ទឹមនឹងនេះ អង្គវេទិកាក៏មានរៀបចំជា ពិព័រណ៍ខ្នាតតូច ស្តីពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់សហគមន៍សំខាន់ៗមួយចំនួនផងដែរ។