ដោយៈ សុផល/សៀមរាប: ដោយសារ ជួប នូវ វិបត្តិ ជំងឺ កូ វីដ -១៩ កម្ពុជា ទទួលបាន ភ្ញៀវទេសចរអន្តរជាតិ តែ ១.៣១ លាន នាក់ ប៉ុណ្ណោះ ដោយមាន ការថយចុះ ប្រមាណ ៨០% និង ទទួលបាន ភ្ញៀវទេសចរ ផ្ទៃក្នុង ប្រមាណ ៩ លាន នាក់ ថយចុះ ២០% បើ ធៀប នឹង ឆ្នាំ ២០១៩ កន្លងទៅ , នេះ បើតាម ការឱ្យ ដឹង របស់ បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ។
ការ ថ្លែង បែបនេះ របស់លោក រដ្ឋមន្ត្រី ថោង ខុន ត្រូវបាន ធ្វើឡើងនៅក្នុងឱកាសបើកវេទិកាជាតិ អេកូ ទេសចរណ៍លើកទី២ ឆ្នាំ២០២១ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ សណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ក្នុងនាមជាប្រធានក្រុមការងារ អន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និង អេកូ ទេសចរណ៍ និងជាតំណាងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
លោក បណ្ឌិត ថោង ខុន បាន ថ្លែង យ៉ាង ដូច្នេះ ថា « ទោះ ស្ថិតក្នុង បរិការណ៍ ប្រឈម ខាងលើ ដែល ធ្វើ ឲ្យ កម្ពុជា ទទួលបាន ភ្ញៀវទេសចរ អន្តរជាតិ ត្រឹមតែ ប្រមាណ ១.៣១ លាន នាក់ ក្នុង ឆ្នាំ ២០២០ ថយចុះ ៨០% ធៀប នឹង ឆ្នាំ ២០១៩» ។
លោក រដ្ឋមន្ត្រី បានបន្តថា សកម្មភាពទេសចរណ៍ផ្ទៃក្នុងបានបង្ហាញសញ្ញានៃការងើបឡើង ដោយយើង ទទួលបាន ភ្ញៀវទេសចរ ផ្ទៃក្នុង ប្រមាណ ៩ លាន នាក់ ថយចុះ ២០% ។
ទោះជា យ៉ាងណា និន្នាការ នេះ បាន ជួយ ទ្រទ្រង់ វិស័យ ទេសចរណ៍ កម្ពុជា មួយផ្នែក ពិសេស បាន ជួយ ឲ្យ មូលដ្ឋាន អាជីវកម្ម ទេសចរណ៍ មួយចំនួនបើកដំណើរការឡើងវិញ ស្របតាមវិធានសុវត្ថិភាព ទេសចរណ៍ និងបានបង្កើតប្រាក់ចំណូល ដោយផ្ទាល់ជូនប្រជាពលរដ្ឋមូលដ្ឋានផងដែរ ។
សូមបញ្ជាក់ថា វិបត្តិ នៃ ជំងឺ កូ វីដ -១៩ បាន បង្ក ផលប៉ះពាល់ធ្ងន់ធ្ងរ ជាសកលទាំង អាយុជីវិតរបស់ មនុស្សជាតិវិបត្តិ សង្គម និង សេដ្ឋកិច្ច របស់ពិភពលោក ក្នុងនោះ ប្រទេសកម្ពុជាក៏រង ផលប៉ះពាល់ ធ្ងន់ធ្ងរ ផងដែរ ។ ក្រៅពី បង្កការឆ្លង រីករាលដាល ដល់ប្រជាពលរដ្ឋ ផលប៉ះពាល់ នៃ ជំងឺ នេះ ក៏បង្ក ជា វិបត្តិ ដល់ វិស័យ មួយចំនួន ផងដែរ ពិសេស គឺ វិស័យ ការងារ និង វិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ ធ្ងន់ ជាងគេ ។ ដូច្នេះហើយ ទើបបានជារាជរដ្ឋាភិបាលសម្រេច បញ្ចេញកញ្ចប់ថវិកា និង ចំណាត់ការ គ្រប់ រូបភាព ដើម្បីជួយទ្រទ្រង់ដល់វិស័យទាំងពីរ នេះ ៕