ប្រែសម្រួល : កញ្ញាដាលីស ៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធទី២៧មករាថា រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានបញ្ឈប់បណ្តោះអាសន្ននូវកញ្ចប់លក់ដ៏ធំនៃយន្តហោះចម្បាំង F-35 ទៅកាន់ប្រទេសអារ៉ាប់រួមអេមីរ៉ាតនិងអាវុធទៅកាន់អារ៉ាប់ប៊ីសាអូឌីត ដើម្បីមានឱកាសពិនិត្យសើរើឡើងវិញនូវកញ្ចប់ទាំងនោះ។
រដ្ឋបាលដែលមានអាយុកាលជិតមួយសប្តាហ៍នេះបានផ្តល់សញ្ញារួចហើយថាខ្លួនគ្រោងនឹងបញ្ចប់ការគាំទ្រចំពោះការវាយលុកដែលគាំទ្រដោយអារ៉ាប់រួមអេមីរ៉ាតនិងដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅយេម៉ែនប្រឆាំងក្រុមឧទ្ទាមហូទី ដែលកំពុងប្រឈមមុខនឹងមហន្តរាយមនុស្សធម៌។
អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា រដ្ឋបាលបៃដិនកំពុង “បញ្ឈប់ជាបណ្តោះអាសន្ននូវការអនុវត្ត” ការលក់គ្រឿងសព្វាវុធការពារជាតិមួយចំនួនដើម្បីអនុញ្ញាតឱ្យអ្នកដឹកនាំទើបចូលមកថ្មី មានឱកាសពិនិត្យសើរើឡើងវិញ។
អ្នកនាំពាក្យរូបនេះបាននិយាយថា “នេះគឺជាសកម្មភាពរដ្ឋបាលធម្មតាសម្រាប់អំឡុងពេលអន្តរកាលភាគច្រើន ហើយបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលចំពោះតម្លាភាពនិងអភិបាលកិច្ចល្អ”។
ចំណាត់ការនេះគឺមានគោលបំណងផងដែរដើម្បី “ធានាការលក់អាវុធរបស់សហរដ្ឋអាម៉េរិកឱ្យស្របតាមគោលបំណងយុទ្ធសាស្ត្ររបស់យើងក្នុងការកសាងដៃគូសន្តិសុខ ដែលរឹងមាំជាងមុន អាចធ្វើអន្តរប្រតិបត្តិការបាន និង មានសមត្ថភាពសន្តិសុខកាន់តែច្រើន”។
ការលក់ធំបំផុតគឺកញ្ចប់ទឹកប្រាក់ចំនួន ២៣ ពាន់លានដុល្លារនៃយន្ដហោះប្រភេទ F-35 ស៊េរីទំនើបដល់ប្រទេសអារ៉ាប់រួមអេមីរ៉ាត។
រដ្ឋបាលរបស់អតីតប្រធានាធិបតីដូណាល់ត្រាំបានយល់ព្រមលក់យន្តហោះដែលមានសមត្ថភាពបំបាំងកាយលើកដំបូងដល់អារ៉ាប់មួយអេមីរ៉ាត បន្ទាប់ពីប្រទេសនេះយល់ព្រមទទួលស្គាល់អ៊ីស្រាអែល។
សមាជិកសភាបក្សប្រជាធិបតេយ្យរបស់លោកបៃដិនបង្ហាញការបារម្ភអំពីកិច្ចព្រមព្រៀងលក់នេះ ដោយខ្លាចថាវានឹងចាប់ផ្តើមការប្រណាំងប្រជែងសព្វាវុធ ប៉ុន្តែមិនអាចរារាំងការលក់នេះនៅព្រឹទ្ធសភា ខណៈត្រាំកំពុងកាន់តំណែង៕
រដ្ឋការត្រាំបានអនុម័តការលក់យន្តហោះF-35 ទៅអោយអារ៉ាប់រួមអេមីរ៉ាតនៅប៉ុន្មានម៉ោងមុនចាកចេញពីតំណែង