Home ព័ត៌មានអន្តរជាតិ អាម៉េរិក​នឹង​...

អាម៉េរិក​នឹង​ធ្វើការ​ជាមួយ​ចិន​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ត្បិត​មាន​ការខ្វែងគំនិត​គ្នា​លើ​រឿង​ដទៃ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ លោក​ច​ន ឃឺ​រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៧​មករា​ថា សហរដ្ឋ​អាម៉េរិក​នឹង​ព្យាយាម​រក្សា​ការចរចា​អាកាសធាតុ​ជាមួយ​ចិន​ដោយ​ទុក​ដាច់​មួយ​ឡែក​សិន​នូវ​ភាព​មិន​ចុះសម្រុង​​ផ្សេង​ទៀត​ដែល​ជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​។​

​អតីត​រដ្ឋមន្ត្រីក្រសួង​ការបរទេស ដែល​បច្ចុប្បន្ន​ជា​ប្រេសិត​អាកាសធាតុ​របស់​ប្រធានាធិបតី​ចូ បៃ​ដិន បាន​សង្កត់ធ្ងន់​ថា​ខណៈ​ដែល​សហរដ្ឋ​អាម៉េរិក​មិន​អាច​ទប់ស្កាត់​ការកើនឡើង​សីតុណ្ហភាព​ពិភពលោក​​តែឯង​បាន ការអភិវឌ្ឍ​គោលនយោបាយ​ក្នុងស្រុក​ដ៏​ក្លៀវក្លា នឹង​ធ្វើឱ្យ​មាន “​ការខ្វែងគំនិត​គ្នា​យ៉ាងខ្លាំង​”​។​

​លោក​បាន​បន្តទៀតថា “​ឥឡូវ​នេះ​ទាក់ទង​នឹង​ចិន ជាក់ស្តែង​យើង​មាន​ការខ្វែងគំនិត​គ្នា​យ៉ាងធ្ងន់ធ្ងរ​ជា​មួយ​ចិន​លើ​បញ្ហាសំខាន់ៗ​មួយចំនួន​។ បញ្ហា​នៃ​ការ​លួច​កម្មសិទ្ធិបញ្ញា​និង​សិទ្ធិ​ចូល​ទៅ​កាន់​ទីផ្សារ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង – ខ្ញុំ​ចង់​មានន័យថា ចូលទៅ​មើល​ក្នុង​បញ្ជី យើង​ដឹង​បញ្ហា​ទាំងអស់​នោះ​។ បញ្ហា​ទាំងនោះ​នឹង​មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​អាកាសធាតុ​នោះទេ​។ ប៉ុន្តែ​អាកាសធាតុ​ជា​បញ្ហា​សំខាន់​ជាងគេ ដែល​យើង​ត្រូវតែ​ដោះស្រាយ​”​។​

​លោក​បាន​បន្ថែមថា ចិន​ទទួលខុសត្រូវ​ចំពោះ​ការបំភាយ​ឧស្ម័ន​លើ​ពិភពលោក​ចំនួន ៣០ ភាគរយ​និង​សហរដ្ឋអាមេរិក ១៥ ភាគរយ​។​

​លោក​និយាយថា “​ដូច្នេះ​វា​ជា​រឿង​បន្ទាន់​ដែល​យើង​ត្រូវ​រក​វិធីចែក​បញ្ហា​ឱ្យដាច់​ដើម្បី​ឆ្ពោះទៅមុខ​ទៀត​”​។​

​ចិន​បាន​អំពាវនាវ​ឱ្យ​កំណត់​ទំនាក់ទំនង​សាជាថ្មី​ជាមួយ​រដ្ឋបាល​របស់​លោកបៃ​ដិន បន្ទាប់ពី​សម័យកាល​ការទូត​ដ៏​ច្របូកច្របល់​ក្រោម​ការដឹកនាំ​របស់​លោក​ដូណាល់ ត្រាំ​ដែល​បង្ក​រឿង​ជាមួយ​ប៉េកាំង​ជុំវិញ​​បញ្ហា​ពាណិជ្ជកម្ម សិទ្ធិមនុស្ស ប្រភពដើម​នៃ​កូវី​ដ​១៩ បច្ចេកវិជ្ជា និង​ឧត្តមភាព​ផ្នែក​ការពារជាតិ​។​

​លោកបៃ​ដិនបាន​បង្ហាញ​សញ្ញា​ថា​គាត់​នឹង​នៅតែ​តឹងតែង​ចំពោះ​គូប្រជែង​ជា​មហាអំណាច ប៉ុន្តែ​បន្ទន់​សំឡេង​និង​ប្តេជ្ញាចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ បន្ទាប់​ពី​គោលនយោបាយ​”​អាម៉េរិក​​ជា​អាទិភាព​” ដ៏​បែកបាក់​របស់លោក​ត្រាំ​៕

​ប្រេសិត​អាកាសធាតុ​របស់​ប្រធានាធិបតី​ចូ បៃ​ដិន លោក​ឃឺ​រី​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular