ដោយៈ សុផល/ភ្នំពេញៈ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បាន ថ្លែងថា ៖ ស្របពេល ជាមួយនឹងការវិវត្ត យ៉ាងឆាប់រហ័ស ផ្នែកបច្ចេកវិទ្យាការកើនឡើង និង ការប្រែប្រួល ឥតឈប់ឈរនៃតម្រូវការ របស់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ បានធ្វើឱ្យ ឌីជីថលរូបនីយកម្ម នៅក្នុង វិស័យទេសចរណ៍ កាន់តែមានភាពចាំបាច់ និងចំពេលវេលាសំដៅធានាឧត្តមភាពប្រកួតប្រជែង របស់វិស័យ ទេសចរណ៍កម្ពុជា នៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ។ លោក ប៉ាក់ សុខុម បានថ្លែង បញ្ជាក់ដូចនេះ នារសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ។
ក្នុងឱកាស ដែលលោក តំណាងឱ្យបណ្ឌិតថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍អញ្ជើញជាអធិបតីភាពក្នុងពិធី បើក « វេទិកា អន្តរជាតិ ស្តីពី វិស័យ ទេសចរណ៍ វៃឆ្លាត នៅ កម្ពុជា » ក្រោមក្របខណ្ឌកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) រវាង ក្រសួងទេសចរណ៍ និង ទីភ្នាក់ងារ បារាំងសម្រាប់ការអភិវឌ្ឍ (AFD) សហការជាមួយអង្គការសហប្រជាជាតិ ទទួលបន្ទុកផែ្នកអភិវឌ្ឍ ឧស្សាហកម្ម (UNIDO) និង មជ្ឈមណ្ឌល កម្ពុជា ៤.០ ដែល បាន រៀបចំឡើង នៅ Factory Phnom Penh ដោយមាន ការចូលរួម ពី លោកស្រី អូហ្វេ លី ប៊ួរីស នាយិកា ទីភ្នាក់ងារបារាំង សម្រាប់ ការអភិវឌ្ឍ (AFD) ប្រចាំ កម្ពុជា រួមទាំង ភ្ញៀវ ជាតិ និង អន្តរជាតិ ជាច្រើនរូបផងដែរ ។
លោក ប៉ាក់ សុខុម បាន គូសបញ្ជាក់ថា នៅក្នុង ឆ្នាំ ២០២០ កន្លងមកនេះ វិបត្តិ ជំងឺ កូ វីដ -១៩ ដែលបាន ជះឥទ្ធិពល អវិជ្ជមានយ៉ាងខ្លាំងមិនធ្លាប់មាន ក្នុងរយៈពេល ២០ឆ្នាំ ចុងក្រោយនេះ លើវិស័យ ទេសចរណ៍ កម្ពុជាបានតម្រូវឲ្យមានការគិតគូររកដំណោះស្រាយក្នុងការស្តារ និងលើកស្ទួយ វិស័យនេះ ឡើងវិញ ដែលក្នុងនោះ ការប្រើប្រាស់បច្ចេកវិទ្យាអាចជាដំណោះស្រាយដ៏ល្អមួយទាំងក្នុង និងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ។
លោក រដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ៖ ក្នុង បរិការណ៍ នេះ ការធ្វើពិពិធកម្មកែច្នៃផលិតផល និង សេវា ទេសចរណ៍ ដោយប្រើប្រាស់បច្ចេកវិទ្យា ជាជំនួយ គឺជាគន្លឹះ ដ៏ សំខាន់ មួយ ក្នុងការទាក់ទាញ ទេសចរថ្មីៗ ជាពិសេស ទាក់ទាញភ្ញៀវទេសចរ ឲ្យមកកម្សាន្ត ម្តងហើយម្តងទៀត ។
សូមបញ្ជាក់ផងដែរ ថា នៅក្នុងវេទិកា នេះ ក៏មានការចូលរួមចែករំលែក បទពិសោធន៍ និងគំរូអនុវត្ត ល្អៗ ជាមួយនឹងការអនុវត្ត ជាក់ស្តែង នាពេលបច្ចុប្បន្ន ក៏ដូចជាការពិភាក្សាលើចំណុចគន្លឹះ ជា យុទ្ធសាស្ត្រ និង យន្តការ នានា ក្នុង ការជំរុញ ការអភិវឌ្ឍ វិស័យ ទេសចរណ៍ វៃឆ្លាត ឬ ទេសចរណ៍ ឌីជីថល ដោយមាន វាគ្មិន កិត្តិយស តំណាង អង្គការ ទេសចរណ៍ ពិភពលោក (UNWTO), អង្គការ UNIDO, លេខាធិការដ្ឋាន អាស៊ាន , បណ្ឌិតសភា ទេសចរណ៍ ចិន , European Cities Marketing, ក្រុមហ៊ុន Google, ក្រុមហ៊ុន MDSG, មជ្ឈមណ្ឌល បណ្តុះ ធុរកិច្ច ថ្មី « តេ ជោ », Khmer Enterprise, ក្រុមហ៊ុន Cellcard, Impact Hub, ក្រុមហ៊ុន Unseentra, Uot App, Haystome ដែលជា Startups របស់ កម្ពុជា ផងដែរ ៕