ប្រែសម្រួល : កញ្ញាដាលីស ៖ ក្រុមហ៊ុន Boeing បានបិទសៀវភៅគណនេយ្យឆ្នាំ ២០២០ ដ៏វេទនា ដោយប្រកាសដំណឹងភ្ញាក់ផ្អើលមិនល្អមួយផ្សេងទៀតកាលពីថ្ងៃពុធ គឺ ខាតបង់ចំនួន ៦,៥ពាន់លានដុល្លារពីការពន្យារពេលចេញលក់យន្ដហោះថ្មី 777X របស់ខ្លួន ដែលរួមចំណែកដល់ការខាតបង់ប្រចាំឆ្នាំដល់ក្រុមហ៊ុនយក្សមួយនេះ។
ក្រុមហ៊ុន Boeing ដែលមើលឃើញប្រាក់ចំណូលរបស់ខ្លួនត្រូវបំផ្លាញដោយសារការបដិសេធទិញពីបណ្តាក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម ដែលបង្កឡើងដោយវិបត្តិកូវីដ១៩ និងការផ្អាកយន្តហោះម៉ូដែល 737 MAX របស់ខ្លួនរយៈពេល២០ខែ ឥឡូវរំពឹងចែកចាយដំបូងនូវយន្តហោះ 777X ដែលមានតួខ្លួនធំទូលាយនៅចុងឆ្នាំ ២០២៣ មិនមែននៅចុងឆ្នាំ ២០២២ ដូចការគ្រោងទុកនោះទេ។
ការពន្យារពេលលក់យន្តហោះ 777X បានរួមចំណែកធ្វើឱ្យខាតបង់នៅត្រីមាសទី ៤ របស់ក្រុមហ៊ុនរហូតដល់ ៨,៤ ពាន់លានដុល្លារ ដោយនាំឱ្យការខាតបង់សរុបសម្រាប់ឆ្នាំ ២០២០ កើនដល់ ១១,៩ ពាន់លានដុល្លារ ដែលជាការខាតបង់ប្រចាំឆ្នាំធំបំផុតមិនធ្លាប់មាន៕