ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នក ល្អប្រសើរដូចនេះឃើញថាបើទោះបីធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខជានិច្ច។នៅថ្ងៃនេះដែរលោកអ្នកអាចបណ្តាក់ទុនរកស៊ីឬចេញទៅប្រកបជំនួញជួញដូរផ្លូវឆ្ងាយតែងអាចប្រមូលនូវផលកម្រៃមកវិញគ្រាន់ជាទីកក់ក្តៅ។ចំពោះបុរសការធ្វើដំណើរផ្លូវឆ្ងាយពុំគប្បីឈ្លក់វង្វេងនឹងគ្រឿងស្រវឹងឬឈ្លក់នឹងបញ្ហាលោភលន់អ្វីមួយពីព្រោះថាផលអាក្រក់នោះក៏មាននៅឡើយនាំឱ្យអ្វីៗដែលល្អសោះនឹងប្រែជាអាក្រក់វិញ ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានការចង់រៀបចំ ជីវិតគ្រួសារតែងមានភាពគាប់ប្រសើរនិងជឿនលឿនទៅមុខ ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។នៅថ្ងៃនេះការប្រកបការងារលោកអ្នកតោងតែប្រយ័ត្នប្រយែងបន្តិចពិសេសក្រុមមនុស្សទម្លាក់កំហុសឱ្យតែម្តង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញទោះអ្នកដទៃជួបស្ថានភាពលំបាកក្នុងការរកប្រាក់ចំណូលខ្លាំងក្លាក្តីតែសម្រាប់លោកអ្នកក៏អាចរកផលចំណូលមួយៗគ្រាន់អាចដោះស្រាយបញ្ហាក្រពះប្រចាំថ្ងៃដែរ។
រីឯបញ្ហាគូគ្រងស្នេហាកំលោះក្រមុំត្រូវមើលផ្លូវល្អចំពោះគ្នាឱ្យបានច្រើនជាងនេះទើបពុំមានបញ្ហាចោទឡើង ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាល្អប្រសើរ ម្ល៉ោះហើយបើចង់ទំនាក់ទំនងការងារឬចាប់ផ្តើមធ្វើអ្វីមួយតែងមានការជឿនលឿនទៅមុខគួរសម។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនទាន់ល្អប្រសើរទេ ហើយធ្វើអ្វីតែងរាំងស្ទះនិងជួបបញ្ហាលំបាកច្រើន ដូចនេះត្រូវអត់ធ្មត់តស៊ូបន្តិចទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបរឿងប្រទាំងប្រទើសច្រើន ហើយចំណូលនោះទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ចិញ្ចឹមគ្រួសាររស់។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ពីព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នៅថ្ងៃនេះមានភាពគាប់ប្រសើរ ហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់និងមានជោគជ័យគួរជាទីពេញចិត្តផង។ក្រៅពីនេះបើលោកអ្នកមានទំនាក់ទំនងចរចាអ្វីមួយតែងគេសហការនិងជួយជ្រោមជ្រែងថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះការជួញទីជិតឆ្ងាយលាភប្រាក់កាសពុំមានសម្បូរទេ ដូច្នេះទាល់តែលោកអ្នកខិតខំខ្លាំងទើបអាចរកប្រាក់ចំណូលគ្រាន់រស់ស្រួលខ្លួន ។
ចំណែកបញ្ហាស្នេហាប្រុសស្រីក្នុងថ្ងៃនេះវិញមានដំណើរប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកទោះធ្វើអ្វីតោងតែមានការប្រយ័ត្នប្រយែងបន្តិច ទើបពុំកើតបញ្ហាឡើង។ការប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការទិញចូលលក់ចេញគ្រាន់បើ តែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ចំណែកការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នគ្រោះចាញ់បោកគេ។
រីឯបញ្ហាស្នេហាប្រុសស្រីកើតមានការរកាំចិត្តនិងប្រឆាំងគ្នាមិនតិចដែរនោះទេ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីលោកអ្នកអាចសម្រុកបានហើយ ពីព្រោះថាផលល្អតែងហុចឱ្យនៅពេលក្រោយជានិច្ច។ការប្រកបការងារផ្តល់ផលល្អបំផុតសម្រាប់ការងារសំខាន់ៗឬការងារចាំបាច់ណាមួយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលាភធ្លាប់តែបោលហួសឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបើមានក្រុមអតិថិជនជំពាក់ប្រាក់កាសគេអាចយកមកសងវិញទៀតផង។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅក្នុងថ្ងៃនេះការប្រកបការងារអ្វីឃើញថាដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់និងមានជោគជ័យផង។ការរស់នៅមានបញ្ហាល្អក់កករចូលយាយីនាំរកាំច្រើន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំវក
រាសីស្រុតចុះ។នៅថ្ងៃនេះការប្រកបការងារអ្វីមួយតោងតែប្រយ័ត្នប្រយែងពីព្រោះថានាំជះផលអាក្រក់ដល់គ្រាខាងមុខ។បើលោកអ្នកមានដំណើរកម្សាន្តផ្សេងៗកុំគប្បីសេពគប់គ្រឿងស្រវឹងព្រោះងាយកើតរឿងរាវអាក្រក់ណាស់ ហើយស្រួលមិនស្រួលកើតជាជម្លោះវិវាទកាប់ចាក់គ្នាឈានដល់ការប្តឹងផ្តល់អស់ប្រាក់កាសទៀតផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់ជាទីកក់ក្តៅនិងមានភាពសុខដុមប្រពៃ ។
រីឯបញ្ហាស្នេហាប្រុសស្រីមានដំណើរថយក្រោយ ហើយងាយមានជម្លោះវិវាទ ដូចនេះគួរកាត់បន្ថយភាពប្រចែប្រច័ណ្ឌឬរឹងមានះទើបប្រសើរ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នាពេលនេះដំណើរជីវិតរបស់លោកអ្នករមែងតែ ជួបបញ្ហាលំបាក និងតានតឹងផ្លូវអារម្មណ៍ច្រើនជាងសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើបន្តិចវិញឯផលកម្រៃក៏ច្រើនគ្រាន់ល្មមគួរជាទីពេញចិត្ត។ការរស់នៅមានភាពសុខុមដូចសព្វមួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់រៀបអាពាហ៍ពិពាហ៍ឬចូលស្តីដណ្តឹងដល់ចាស់ទុំជាឱកាសល្អប្រពៃបំផុត៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នាថ្ងៃនេះដោយសារដំណើរជីវិតល្អប្រសើរ ហេតុនេះបើលោកអ្នកអាចមានមធ្យោបាយល្អៗដោះស្រាយនិងពិសេសមានក្រុមមនុស្សណែនាំថែមទៀត។ សម្រាប់ថ្ងៃនេះពុំផ្តល់ផលល្អចំពោះការរើទីកន្លែងលក់ដូរឬទិញកន្លែងលក់ដូរប៉ុន្មានទេដូចនេះបើបានជ្រើសរើសថ្ងៃល្អវិញទើបប្រសើរ។ការប្រកបការងាររាជការឬក្រុមហ៊ុនឯកជនទោះធ្វើអ្វីសន្សឹមៗបានហើយមិនអាចតក់ក្រហល់ឬយកកម្លាំងបាយមកប្រើបានឡើយនាំបញ្ហាខ្លះតូចតាចសោះបែររីកជាធំហួសពីការគិតទុក។
សម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីប្រព្រឹត្តិល្បែងកាមគុណប្រយ័ត្នត្រូវរែកពន់ទុក្ខសោកដាក់ខ្លួនហើយខូចអនាគតភ្លឺស្វាងថែមទៀត៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះកិច្ចការងារមានការរលូនល្អនិងធ្វើអ្វីតែងផ្តល់ផលល្អៗមកវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្តតែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់៕