ប្រែសម្រួល : កញ្ញាដាលីស ៖ ក្រុមកាំភ្លើងធំ Arsenal បានចុះហត្ថលេខាខ្ចីជើងខ្សែបម្រើន័រវែស ម៉ាទីន អូដេហ្គាដ ពីក្រុមស្តេចស Real Madrid សម្រាប់រដូវកាលនៅសល់ដែលនេះជាជំហានចុងក្រោយនៃអាជីពរបស់កីឡាករម្នាក់ ដែលកំពុងព្យាយាមបំពេញការសន្យារបស់គាត់ ក្រោយបានបង្ហាញខ្លួនជាអន្តរជាតិនៅអាយុ ១៥ ឆ្នាំ។
អូដេហ្គាដបានស្ថិតនៅក្នុងក្រុម Real Madrid តាំងពីឆ្នាំ ២០១៥ នៅពេលដែលរូបគេបានចូលរួមជាមួយស្តេចសនៅអាយុ ១៦ ឆ្នាំប៉ុន្តែខកខានប្រកាសវត្តមានជាកីឡាករសំខាន់សម្រាប់ក្លិបយក្សអេស្ប៉ាញមួយនេះ ហើយត្រូវបានខ្ចីជើងនៅក្លិប Heerenveen និង Vitesse Arnhem នៅក្នុងប្រទេសហូឡង់ ហើយបន្ទាប់មកខ្ចីជើងនៅ Real Sociedad កាលពីរដូវកាលមុន។
បន្ទាប់ពីការចាកចេញរបស់កីឡាករមេស៊ូត អូហ្ស៊ីល ទៅកាន់ក្លិប Fenerbahce កាលពីសប្តាហ៍មុន អូដេហ្គាដ វ័យ ២២ ឆ្នាំ នឹងផ្តល់នូវការប្រកួតប្រជែងនៅក្នុងតំបន់បម្រើនិងប្រយុទ្ធនៅ Arsenal ។
លោក មីគែល អាតិតា អ្នកចាត់ការទូទៅរបស់ក្រុម Arsenal បាននិយាយកាលពីថ្ងៃពុធថា “ជាការពិតម៉ាទីនគឺជាកីឡាករដែលយើងគ្រប់គ្នាបានស្គាល់ច្បាស់ ហើយទោះបីជាគាត់នៅក្មេងក៏ដោយ ក៏គាត់បានលេងនៅកម្រិតកំពូលមួយរយៈធំដែរ។ ម៉ាទីននឹងផ្តល់ឱ្យយើងនូវជម្រើសប្រយុទ្ធប្រកបដោយគុណភាព”៕
អូដេហ្គាដនឹងលេងឱ្យ Arsenal ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលនេះ