បណ្ឌិត សុខ សុ​ក្រឹ​ត្យា ជួបពិភាក្សា​ការងារ​ជាមួយ នាយ​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រៀ​ង លើ​បញ្ហា​ពលករ​ចំណាកស្រុក និង​កូ​វីដ​-១៩

ដោយៈ សុផល / ភ្នំពេញៈ បណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល មូលនិធិ​ខ្មែរ ចំណាកស្រុក សម្តេច​តេ​ជោ សែន នាពេល​ថ្មីៗ​នេះ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកនាយ​ឧ​ត្ត​ម សេនីយ៍​ឯក រ័ត្ន ស្រៀ​ង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ជុំវិញ​ការវិលត្រឡប់​របស់ ពលករ​ខ្មែរ​ចំណាកស្រុក មកពី​ប្រទេស​ថៃ និង​ដើម្បី​ពង្រឹង​ការអនុវត្ត វិធាន​សុវត្ថិភាព​របស់ ក្រសួងសុខាភិបាល ក្នុងការ​ការពារ និង​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​។​

​ក្នុងជំនួប​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រៀ​ង បានបញ្ជាក់​ថាៈ ការវិលត្រឡប់ របស់ ពលករ​ខ្មែរ​ចំណាកស្រុក មិន​ជាប់ទាក់ទង​នឹង​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ នោះទេ​។ ឆ្លងតាម​បទពិសោធន៍​របស់លោក ជា​អតីត​មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត​បន្ទាយ មានជ័យ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រៀ​ង និង​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ជា​ប្រធាន ក្រុមប្រឹក្សាភិបាល មូលនិធិ​ខ្មែរ​ចំណាកស្រុក សម្តេច​តេ​ជោ សែន បានឱ្យដឹងថាៈ ជា​រៀងរាល់ឆ្នាំ ពលករ​ខ្មែរ​ចំណាកស្រុក តែងតែ​វិលត្រឡប់ មក​ស្រុកកំណើត ដើម្បី​ជួបជុំ ក្រុមគ្រួសារ របស់​ពួកគាត់ នា​រដូវ​បុណ្យទាន​ធំៗ ដូចជា ចូលឆ្នាំ​សកល ចូលឆ្នាំ​ចិន ចូលឆ្នាំ​ខ្មែរ និង​ភ្ជុំបិណ្ឌ​។ ទន្ទឹមនឹងនេះ ពលករ​ខ្មែរ​ចំណាកស្រុក ដែល​ភាគច្រើន ជា​គ្រួសារ កសិករ​ផង​នោះ ពួកគាត់​តែង​ត្រឡប់មក ស្រុកកំណើត នៅ​រដូវ​កាល​ធ្វើស្រែ ទឹកសម្រក និង​រដូវ​កាល​ប្រមូល​ផល ស្រូវប្រាំង​ជាដើម​។

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ផ្តោត​ការយកចិត្ត ទុកដាក់​ខ្ពស់ ចំពោះ​សុខមាលភាព របស់​ប្រជាជន​គ្រប់រូប ជាពិសេស បងប្អូន​ពលករ​ខ្មែរ​ចំណាកស្រុក ដោយ​សម្តេច បាន​ចាត់​ក្រុមមន្ត្រី នៃ​ក្រសួងសុខាភិបាល និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន សម្តេច​តេ​ជោ (TYDA) ចុះ​ប្រចាំការ​នៅតាម គោលដៅ ដែល​បាន​ត្រៀម សម្រាប់​ទទួល​ពលករ ចំណាកស្រុក នៅតាម​ច្រកទ្វារព្រំដែន អន្តរជាតិ​សំខាន់ៗ ចំនួន ៣ គឺ ច្រក​អូ​ស្មាច់ ច្រក​ដូង និង​ច្រក​ប៉ោយប៉ែត ដោយមាន​រៀបចំ ទីកន្លែង​ធ្វើតេស្ត​កូ​វីដ​-១៩ នៅពេល​មកដល់ និង​ទីតាំង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម ព្រំដែន និង​តាម​ភូមិ ឃុំ ជាប់​ព្រំដែន​ផងដែរ​។ ដោយឡែក អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ​បំផុត នោះ​គឺ អាជ្ញា​ធរមាន​សមត្ថកិច្ច ពិបាក​ក្នុងការ​គ្រប់គ្រង​ទិន្នន័យ និង​រក្សា​សុវត្ថិភាព ជូន​បងប្អូន​ពលករ​ខ្មែរ​ចំណាកស្រុក ដែល​លួច​ឆ្លងដែន​ចេញ​-​ចូល ដោយ​ខុសច្បាប់ នៅតាម​ច្រករបៀង​តូចៗ (​ឬ​ហៅថា ច្រករបៀង​ស្រមោច​)​។​

​បន្ទាប់ពី​បាន​ពិភាក្សា​ការងារ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រៀ​ង ក៏បាន​ជូន​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ធ្វើ​ទស្សនកិច្ច ជុំវិញ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ​។ ក្រោម​ការ គ្រប់គ្រង យ៉ាង​ម៉ឺងម៉ាត់ និង​ការបែងចែក​ភារកិច្ច ទទួលខុសត្រូវ​ការងា​រ តាម​ផ្នែក​នីមួយៗ បានល្អ ជាពិសេស ការរៀបចំ​ត្រៀម ទប់ស្កាត់​កូ​វីដ​-១៩ ដែល​រួមមាន ទីកន្លែង​សម្រាប់ ការធ្វើ​ច​ត្តា​ឡី​ស័ក កន្លែង​សម្រាប់​អ្នកជំងឺ សម្រាក​ព្យាបាល​គ្លីនិក​ត្រួតពិនិត្យ​សុខភាព​កង​រាជ អាវុធហត្ថ គ្លីនិក​ពិនិត្យ​ព្យាបាល​ធ្មេញ ហើយ​រាល់​ការចេញចូល បញ្ជាការដ្ឋាន​មានការ​ត្រួត ពិនិត្យ​ត្រឹមត្រូវ ដោយ​គ្រប់​មន្ត្រី​បម្រើការ នៅ​ទីនោះ និង​ភ្ញៀវ​ទាំងអស់​សុទ្ធតែ​ត្រូវបាន ត្រួតពិនិត្យ​កម្តៅ លាងដៃ​នឹង​អាល់កុល បាញ់ថ្នាំ​សម្លាប់​មេរោគ​ជុំវិញ​ឡាន​មុននឹង​អនុញ្ញាត ឱ្យចូល ក្នុង​បរិវេណ​បញ្ជាការដ្ឋាន​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular