Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់ ប...

បុរស​ម្នាក់ បើករថយន្ត បុក​ទម្លុះ ចូល​ផ្ទះ​ពលរដ្ឋ រង​ការខូចខាត សម្ភារ​មួយចំនួនធំ​

ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ បុរស​ម្នាក់ រួម​ដំណើរ​ជាមួយ​ស្ត្រី​ម្នាក់ទៀត បាន​បើករថយន្ត តូយ៉ូតា ព្រូស ហើយ​ទំនងជា​ស្រវឹងស្រា​ផង បាន​បោះពួយ ក្នុង​ល្បឿន​លឿន ជ្រុល​ទៅបុក ទម្លុះ​ចូល​ផ្ទះ អ្នកលក់​អីវ៉ាន់​ចាប់ហួយ មួយកន្លែង បណ្ដាល​ឲ្យ​ខូចខាត​សម្ភារ​មួយចំនួនធំ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស ឬ​បាត់​បង់ជីវិត​នោះទេ​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ ស្ថិតនៅតាម បណ្តោយ​ផ្លូវ ១៩៨៦ កែង​នឹង​ផ្លូវ ១០០៧ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថាៈ មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ រួម​ដំណើរ​នឹង​នារី​ម្នាក់ទៀត បើករថយន្ត តូយ៉ូតា ព្រូស ពណ៌​ទឹកសមុទ្រ ពាក់​ផ្លាកលេខ ភ្នំពេញ 2BH-4500 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ ១០០៧ ទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ ខាងលើ​កែង​នឹង​ផ្លូវ ១៩៨៦ រថយន្ត​មិន បាន​បត់​នោះទេ បែរជា​ជ្រុល​ទៅ​ត្រង់ បុក​ទម្លុះ​ចូល​ផ្ទះ​អ្នកលក់​អីវ៉ាន់​ចាប់ហួយ​បណ្ដាល ឲ្យ​រង​ការខូចខាត​សម្ភារ​មួយ​ចំនូ​ន​ធំ ។ ចំណែក​រថយន្ត​បង្ក ទៅមុខ​លែងរួច​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់ ឲ្យ​ភាគី​ទាំងសងខាង​សម្របសម្រួល គ្នា​អស់​រយៈពេល​ជិត​កន្លះ​ម៉ោង ដោយ​មិនត្រូវ​គ្នា ទើប​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ផ្នែក ជំនាញ ចុះមក​វាស់វែង យក​រថយន្ត​បង្ក ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ រង់ចាំ​ដោះស្រាយ​គ្នា នៅពេល​ក្រោយ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular