ដោយៈសុផល / ភ្នំពេញៈ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ កាលពីថ្ងៃទី២៧ មករាថាៈ នៅឆ្នាំ២០២១នេះ មជ្ឈមណ្ឌលជាតិ ត្រូវការឈាមប្រមាណ ១២ ម៉ឺនប្លោក កើនឡើងប្រមាណ ២០% ដើម្បីត្រៀមទុកជួយ សង្គ្រោះ ដល់អ្នកជំងឺ ដែលត្រូវការឈាម ជាចាំបាច់។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបន្តថាៈ ការកើនឡើងនូវតម្រូវការឈាមនេះដោយសារ តែចំនួនអ្នកជំងឺ ដែលត្រូវការឈាម មានការកើនឡើងខ្ពស់ ពីមួយឆ្នាំ ទៅមួយឆ្នាំ។
លោកបានបន្តទៀតថាៈ ជាក់ស្តែង ស្ថានភាពតម្រូវការឈាម ក្នុងឆ្នាំ២០២០ កន្លងមកនេះ យើងត្រូវការឈាមមួយប្លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ រៀងរាល់ ៦នាទីម្ដង និង ២៥០ ប្លោក ជាមធ្យម ជាប្រចាំថ្ងៃ នៅរាជ ធានីភ្នំពេញ និងមានប្រមាណ ១០៧.០០០ ប្លោក នៅទូទាំងប្រទេស ខណៈមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានគ្របដណ្ដប់ឈាម ប្រមាណតែ ៧៧% នៃការផ្គត់ផ្គង់ ហើយការទទួលឈាម តាមរយៈសប្បុរសជនស្ម័គ្រចិត្ដដោយមិន គិតកម្រៃ ឆ្លើយតបបានត្រឹមតែ ១៣,៥% នៃតម្រូវការឈាមទូទាំងប្រទេសប៉ុណ្ណោះ។
លោកបានបន្ថែមថាៈ តម្រូវការឈាម ១២ ម៉ឺនប្លោកនេះ មជ្ឈមណ្ឌលជាតិនឹងអាចផ្តល់ ជួនអ្នកជំងឺ គ្រប់គ្រាន់បាន លុះត្រាតែប្រជាពលរដ្ឋកម្ពុជា ត្រូវចូលរួមស្ម័គ្រចិត្ត បរិច្ឆាគឈាម ប្រមាណ ១ភាគរយ ស្មើនឹង ១៦០.០០០ នៃចំនួនប្រជាជនសរុប ១៦ លាននាក់៕/V-PC