Home ព័ត៌មានសំខាន់ៗ អ្នកនាំពាក្យ​...

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ពន្យល់​អំពី​ទិដ្ឋភាព​ច្បាប់​និង​បច្ចុប្បន្នភាព​ករណី​សំណុំរឿង កឹម សុខា

ដោយ​: មុនីរ​ត្ន័​/​ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ា​លីន បាន​ពន្យល់​អំពី ទិដ្ឋភាព​ច្បាប់​និង​បច្ចុប្បន្នភាព​ករណី​សំណុំរឿង កឹម សុខា ចំនួន ៥​ចំណុច​។​

​លោក ជិន ម៉ា​លីន បាន​ឲ្យ​ដឹងថា ដោយមាន​ការស្នើសុំ​ពី​អ្នកសារព័ត៌មាន​លោក សូម​ជូន ៥​ចំណុច អំពី​ទិដ្ឋភាព​ច្បាប់​និង​បច្ចុប្បន្នភាព​ករណី​សំណុំរឿង កឹម សុខា ថា​តើ​ហេតុអ្វី​បាន សវនាការ​សំណុំរឿង​ផ្សេង​អាច​បន្ត​ដំណើរការ​ទៅបាន ហើយ​សំណុំរឿង កឹម សុខា បែរជា​នៅតែ​អូសបន្លាយ​ពេលវេលា​ទៅវិញ​៖
១. សំណុំរឿង កឹម សុខា កំពុងស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ ហើយ​ការសម្រេច បែបណា គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ដែលជា​ស្ថាប័ន​ឯករាជ្យ​
២. លោក កឹម សុខា បាននិងកំពុង​ប្រើប្រាស់​សិទ្ធិ​ក្នុងការ​ការពារ​ខ្លួន​យ៉ាង​ពេញលេញ តាមផ្លូវ​ច្បាប់ ដោយមាន​មេធាវី​ការពារ​ដល់​ទៅ ៥ រូប​
៣. សវនាការ​លើ​ករណី កឹម សុខា នាពេល​កន្លងមក ត្រូវបានធ្វើ​ឡើងជា​សាធារណៈ និង​ប្រកបដោយ​តម្លាភាព ដោយ​អនុញ្ញាតឱ្យ​សង្គម​ស៊ីវិល តំណាង​អង្គទូត ក៏ដូចជា សាធារណជន​ផ្សេងទៀត បាន​ចូលរួម​ស្តាប់​។ ឧទាហរណ៍ ករណី​ការពិនិត្យ​ផ្ទៀងផ្ទាត់ ភស្តុតាង​ជា Video Clip ដែល​មេធាវី​របស់ កឹម សុខា អះអាងថា​ជា Video មិន​ពិត​។ ប៉ុន្តែ ក្រោយពេល​ផ្ទៀ​ត​ផ្ទាត់ បង្ហាញថា Video Clip ដែល​ផ្តល់​ដោយ​មេធាវី​របស់ កឹម សុខា គឺ​ដូចគ្នា​នឹង Video Clip ដែលជា​ភស្តុតាង​នៅក្នុង​សំណុំរឿង​។ ខ្លឹមសារ​ជារួម​នៃ Video Clip នេះ កឹម សុខា បាន​និយាយថា “​គាត់​ត្រូវ​បានរៀបចំ បណ្តុះបណ្តាល និង​ឧបត្ថម្ភ គាំទ្រ ដោយ​បរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​”
៤. ប្រសិនបើ​ករណីបែបនេះ​កើតឡើង​នៅ​ប្រទេស​ផ្សេង​ក៏​ប្រទេស​នោះ​នឹង​អនុវត្ត​វិធានការ ច្បាប់​ដូច​ករណី​កម្ពុជា​ផងដែរ​។ ឧទាហរណ៍ ករណី​មានការ​ចោទប្រកាន់ថា Donald Trump បាន​ចូល​ដៃ​ជាមួយ Russia ក្នុងការ​បោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​នាពេល​កន្លងមក ក៏​សហរដ្ឋអាមេរិក​បាននិងកំពុង​ចាត់ការ​ស៊ើបអង្កេត​ផងដែរ​
៥. ដោយ​ករណី កឹម សុខា គឺ​មិនមាន​ការឃុំខ្លួន​នោះទេ ហេតុដូចនេះ ការបើក​សវនាការ លើ​សំណុំ​រឿងនេះ គឺ​មិនមែនជា​អាទិភាព​នោះទេ​។ អាទិភាព​ពិតប្រាកដ គឺ​ការបើក សវនាការ ចំពោះ​សំណុំរឿង​ដែលមាន​អ្នក​ជាប់ឃុំ​ដើម្បី​ជៀង​វាង​កុំឱ្យ​មានការ​ឃុំខ្លួន ហួស​កាលកំណត់​របស់​ច្បាប់​ជាពិសេស​ស្រប​ពេលដែល​តុលាការ​កំពុង​អនុវត្ត​យុទ្ធនាការ ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ព្រហ្មទណ្ឌ​ក្នុង​គោលដៅ​ឈានទៅរក​ការដោះស្រាយ បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​។ ហេតុដូចនេះ ប្រសិនបើ កឹម សុខា ស្ថិតក្នុង​ការឃុំ នោះ​សវនាការ​សំណុំ​រឿងនេះ​ក៏​នឹងត្រូវ​យកមក​ចាត់ការ​ជា​អាទិភាព​ផងដែរ​។​

​លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន កាលពី​យប់​ថ្ងៃទី​០២ ចូលដល់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ ៕​/PC

លោក កឹម សុខា

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ លោក ជិន ម៉ា​លីន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular