ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ករណីពលរដ្ឋម្ចាស់ដី ប្តឹងក្រុមហ៊ុនរឿងដី ២០.០០០ ម៉ែត្រក្រឡានោះ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងរដ្ឋបាលខេត្តបន្ទាយ មានជ័យ បានសម្រេចពិនិត្យ ដោះស្រាយ ដោយស្រាវជ្រាវលើករណីបណ្តឹង របស់ ឈ្មោះ កែវ សារ៉ាឌី ប្តឹងក្រុមហ៊ុនស៊ីង ស៊ីនួន និងបក្ខពួក ដែលបានសមគំនិតគ្នា រំលោភយក ហើយពុះដីឡូត៍លក់ អោយឈ្មួញនូវដី ទំហំ ២០.០០០ ម៉ែត្រក្រឡា មានទីតាំងស្ថិតនៅភូមិ អូរឬស្សី ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ បច្ចុប្បន្ន ភូមិអូរឫស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោក ស៊ឹម ស៊ូយុង អនុរដ្ឋលេខាធិការ តំណាងលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា -ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំប្រតិភូ ចូលរួមប្រជុំពិភាក្សា ជាមួយលោក លី សារី អភិបាលរងខេត្ត តំណាង លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។
នៅក្នុងកិច្ចប្រជុំពិភាក្សា នាពេលនោះ គណៈប្រតិភូ និងតំណាងរដ្ឋបាលខេត្តបន្ទាយ មានជ័យ បានប្តេជ្តាថា នឹងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីដោះស្រាយព្រោះបញ្ហា ដីធ្លី នៅតែមានការកើតឡើង ដែលពេលខ្លះ ជាការបង្ករហេតុ ធ្វើឱ្យកើតមានអំពើហិង្សា និងភាពអយុត្តិធម៌នៅក្នុងសង្គម។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានធ្វើឱ្យមជ្ឈដ្ឋានទូទៅ បានវាយតម្លៃ មិនល្អមកលើអាជ្ញាធរមានសមត្ថកិច្ច រាជរដ្ឋាភិបាលផងដែរ តែតាមពិតទៅ រាល់វិវាទដីធ្លី តែងតែបង្ករឡើង ដោយជនខិលខូច ប្រើគ្រប់ល្បិចកល ដែលធ្វើឱ្យអាជ្ញាធរ មានសមត្ថកិច្ច មានការពិបាក ក្នុងការប្រើពេលខ្លី ដោះស្រាយ មិនចេញ។
ទោះជាយ៉ាងណានេះ មិនមានន័យយថា អាជ្ញាធរមានសមត្ថកិច្ចមិនអាចដោះស្រាយ បាននោះទេ។ គ្រាន់តែត្រូវការពេលវេលាវែង សមស្រប ក្នុងការអង្កេតស្រាវជ្រាវ រាល់ភស្តុតាង និងមុខសញ្ញា ដើម្បីអនុវត្តវិធានច្បាប់លើជនខិលខូច និងរកភាពយុត្តិធម៌ ដល់ជនរងគ្រោះ៕/V-PC