ប្រែសម្រួលៈវាសនា/ហ្ស៊ឺណែវ៖វីរុសកូរ៉ូណាប្រភេទថ្មីដែលឆ្លងលឿនជាងវីរុសមុននិងអាចទប់ទល់នឹងវ៉ាក់សាំងព្រមទាំងធ្វើអោយអង្គបដិបក្ខប្រាណចុះថយប្រសិទ្ធភាពបានរាលដាលយ៉ាងលឿនទៅកាន់ប្រទេសរាប់សិប នេះបើតាមអង្គការសុខភាពពិភពលោកបានអះអាងកាលពីថ្ងៃពុធ។
ទីភ្នាក់ងារសុខភាពរបស់សហប្រជាជាតិនេះបាននិយាយថា វីរុសកូរ៉ូណា ឬកូវីដ១៩ប្លែងរូបរាងថ្មីដំបូងត្រូវបានគេរកឃើញនៅអង់គ្លេស និងគិតត្រឹមថ្ងៃ២៥មករា វីរុសនេះបានចម្លងទៅកាន់ប្រទេសចំនួន៧០នៅគ្រប់តំបន់របស់ពិភពលោក។
វីរុសដែលគេស្គាល់តាមពាក្យបច្ចេកទេសថា VOC 202012/01 ឬ B.1.1.7 ត្រូវបានអ្នកជំនាញការអះអាងថាឆ្លងងាយជាងវីរុសកូរ៉ូណាមុន គឺវាចម្លងទៅជាង១០ប្រទេសក្នុងពេល១សប្តាហ៍មកនេះ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោកបូរីស ចនសុន កាលពីសប្តាហ៍មុនបានព្រមានថាការសិក្សាថ្មីបង្ហាញថា វីរុសនេះអាចសម្លាប់មនុស្សខ្លាំងជាងវីរុសមុន តែអង្គការសុខភាពពិភពលោកបានបញ្ជាក់កាលពីថ្ងៃពុធថា វាគ្រាន់តែជា«លទ្ធផលសិក្សានេះជំហានដំបូង»និងទាមទារការវិភាគបន្ថែម។
សូមបញ្ជាក់ថា គ្រប់វីរុសតែងវិវត្តដើម្បីសម្របខ្លួនទៅនងបរិយាកាសរបស់វា និងអ្នកវិទ្យាសាស្ត្របានតាមដានការវិវត្តន៍ប្រែប្រួលរាប់សិបលើករបស់វីរុសSars-CoV-2ជាវីរុសកូរ៉ូណាដើមដែលបង្កជំងឺកូវីដ១៩។
ការវិវត្តន៍ប្រែប្រួលរបស់វាភាគច្រើនដូរខុសភាពភាពដើមតិចតួចដែលមិនមានអ្វីត្រូវចាប់អារម្មណ៍ទេ តែអង្គការសុខភាពពិភពលោកបានអំពាវនាវអោយប្រទេសនានាតាមដានការវិវត្តន៍ប្រែប្រួលរបស់វីរុសនេះអោយសកម្ម ព្រោះវាអាចប្រែក្លាយទៅជាវីរុសឆ្លងលឿននិងសម្លាប់មនុស្សខ្លាំងឡើង។
នៅអាហ្វ្រិកខាងត្បូងឥឡូវមានលេចឡើងវីរុសកូរ៉ូណា501.V2 ដែលគេថាចម្លងលឿងជាងវីរុសដើមផងដែរ។វាត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសនេះកាលពីខែតុលាឆ្នាំមុន ហើយឥឡូវចម្លងទៅកាន់៣១ប្រទេស និង៨ប្រទេសនៅ១សប្តាហ៍មកនេះ។
អង្គការសុខភាពពិភពលោកបាននិយាយថា វីរុសកូរ៉ូណាថ្មីប្រភេទទី៣ ក៏ត្រូវបានគេរកឃើញនីប្រេស៊ីល ។វាឥឡូវចម្លងទៅកាន់៨ប្រទេស។វីរុសនេះត្រូវគេដាក់ឈ្មោះថាP1 និងកំពុងបង្កការភ័យខ្លាចថាវាចម្លងនិងសម្លាប់មនុស្សខ្លាំងជាងវីរុសដើមផងដែរ។
លើពិភពលោកបច្ចុប្បន្ន ទាំងវីរុសកូរ៉ូណាចាស់និងថ្មី បានចម្លងមនុស្ស៤,១លាននាក់នៅមួយសប្តាហ៍មកនេះ និងសម្លាប់ប្រមាណ៩៦.០០០នាក់៕
ផ្ទាំងឃោសនាសុខភាពមួយនៅស្ថានីយរថយន្តក្រុងមួយនៅក្រុងឡុងដ៍កាលពីថ្ងៃ២៧មករា