ដោយៈ អង្គរតូច/សៀមរាបៈ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរ ជាតិអប្សរា លោកស្រី ភឿង សកុណា បានលើកឡើងថាៈ ដើម្បីគាំពារដល់កិច្ចការ អភិរក្សប្រាសាទបុរាណ អាជ្ញាធរជាតិអប្សរា នឹងបង្កើតអង្គភាព ថែទាំប្រាសាទដែលជា អង្គភាពថ្មីមួយ ចំណុះឲ្យនាយកដ្ឋាន អភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា បង្ការ។
លោកស្រី រដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ នៅក្នុងបទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ក្រោយពេលបញ្ចប់កិច្ចប្រជុំ បច្ចេកទេស លើកទី៣៤ និងកិច្ចប្រជុំពេញអង្គ លើកទី២៧ គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍ រមណីយដ្ឋាន ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ អាយស៊ីស៊ី-អង្គរ ( ICC-Angkor ) នៅខេត្តសៀមរាប នាព្រលប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នេះ។
លោកស្រី រដ្ឋមន្ត្រី បានមានប្រសាសន៍ថាៈ សព្វថ្ងៃ អាជ្ញាធរជាតិអប្សរា មាននាយកដ្ឋាន អភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដែលនាយកដ្ឋាននេះ ជាអ្នកប្រតិបត្តិ លើគម្រោងអភិរក្សធំៗ។ ការអនុវត្តគម្រោងធំៗ ទាំងនោះ ទាមទារឲ្យមានការលើកឡើង ជាសំណើ មកគណៈកម្មាធិការ អាយស៊ីស៊ីអង្គរ ដើម្បីត្រួតពិនិត្យ និងអនុម័តសម្រេច។ ប៉ុន្តែសម្រាប់ការងារថ្មី ដែលបង្កើតឡើងនេះ គឺអាចប្រតិបត្តិ ការងារថែទាំ អភិរក្សប្រាសាទ បានលឿន បានរហ័ស ដោយមិនចាំបាច់ឆ្លងកាត់ ការសម្រេចពីអ្នកជំនាញ របស់គណៈ កម្មាធិការអាយស៊ីស៊ីអង្គរ នោះឡើយ។
សូមបញ្ជាក់ថាៈ កិច្ចប្រជុំបច្ចេកទេស លើកទី៣៤ និងកិច្ចប្រជុំពេញអង្គ លើកទី២៧ គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍ រមណីយដ្ឋាន ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ អាយស៊ីស៊ី-អង្គរ ( ICC-Angkor ) បានធ្វើឡើង ក្នុងរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៦ និង ២៧ ខែមករា ឆ្នាំ២០២១។ ក្នុងកិច្ចប្រជុំ ដែលមាន Video Conference នេះ បានពិភាក្សាគ្នា លើចំណុចសំខាន់ៗ ដែលទាក់ទងលើការអភិរក្សនៅក្នុងរមណីយដ្ឋាន អង្គរ ហើយក៍បានបញ្ចប់ ដោយជោគជ័យ ផងដែរ៕/V-PC