ដោយៈ ភ្នំខៀវ / ប៉ៃលិនៈ ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តប៉ៃលិន បានសម្រេចឃុំខ្លួន ជនត្រូវចោទ ចំនួន ២ នាក់ ពីបទសមគំនិតប្រើហិង្សា ដោយចេតនា ប្រព្រឹត្តនៅក្នុងហាង សែនសប្បាយ។
កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ស្រុកសាលាក្រៅ បានបញ្ជាក់ឲ្យដឹងថាៈ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ កន្លងមកនេះ កម្លាំងជំនាញ បាននាំខ្លួនជនត្រូវចោទ ចំនួន ២ នាក់ ទៅកាន់ពន្ធនាគារ ខេត្តប៉ៃលិន បន្ទាប់ពីលោក ប៊ិន សក្តា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត សម្រេចឃុំខ្លួន នៅ ពន្ធនាគារខេត្ត ពីការសមគំនិត ក្នុងបទហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស និងការមិនរាងចាល ក្នុងបទមជ្ឍឹម។
ជនត្រូវចោទទី១ មានឈ្មោះ យន់ សំណាង ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ មិនពិត ប្រាកដ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ត្រូវបានដាក់ក្រោមការ ត្រួតពិនិត្យ តាមផ្លូវតុលាការ និងជនត្រូវចោទទី២ ឈ្មោះ ហួន សគ្រិត ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សមត្ថកិច្ច បានបន្តថាៈ ជនត្រូវចោទទាំង ២ នាក់ ខាងលើ បានសមគំនិតរួមគ្នា ក្នុងបទ ប្រើហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស និងការមិនរាងចាល ក្នុងបទមជ្ឍឹម ប្រព្រឹត្តនៅចំណុចហាង សែនសប្បាយ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលា ក្រៅ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងឲ្យផ្តន្ទាទោស តាមបញ្ញតិមាត្រា ២១៨ និងមាត្រា ៨៨ នៃក្រមព្រហ្មទណ្ឌ៕/V-PC