ដោយៈ បូកគោ/កំពតៈ អ្នកដាំដំណាំតាសក់ ក្នុងឃុំស្រែចែង ស្រុកជុំគិរី កំពុងប្រឈម នឹងបញ្ហាតម្លៃចុះថោក ខណៈដែលគ្រួសារកសិករនីមួយៗ ប្រមូលផលបានរាប់រយ គីឡូក្រាម ក្នុងមួយថ្ងៃៗ។ ពួកគាត់បានសំណូមពរ ដល់មន្ត្រីជំនាញ អ្នកពាក់ព័ន្ធ ជួយអន្តរាគមន៍ ដើម្បីមានទីផ្សារ ល្អប្រសើរឡើង។
អ្នកស្រី មុំ កសិកររស់នៅភូមិដំណាក់សុក្រំ ឃុំស្រែចែង ស្រុកជុំគិរី បានរៀបរាប់ថាៈ ក្រុមគ្រួសារអ្នកស្រី បានប្រកបរបរដាំបន្លែតាសក់ ជាងមួយឆ្នាំហើយ។ ដំណាំប្រភេទនេះ ត្រូវចំណាយដើមទុន ច្រើនគួរសម។ កាលពេលចាប់ផ្តើមដាំដំបូង នៅលើផ្ទៃដីកន្លះហិកតា ត្រូវចំណាយអស់ជាង មួយពាន់ដុល្លារ ដោយត្រូវទិញម៉ាស៊ីនបូមទឹក ទុយោដំណក់ទឹក ជី និងថ្នាំសម្លាប់សត្វល្អិត ផ្សេងៗទៀត។ បន្លែតាសក់ ឆាប់បានទទួលផល គឺគិតចាប់ពីថ្ងៃ កប់គ្រាប់ពូជ ដល់ថ្ងៃបេះផ្លែ មានរយៈពេល ១ខែ ៥ថ្ងៃ ។ បន្ទាប់មក អាចបន្តបេះផ្លែ រយៈពេល១ខែ១០ថ្ងៃ ទើបអស់ ហើយ ត្រូវធ្វើដីដាក់ជី ដើម្បីដាំសាជាថ្មី។
អ្នកស្រីមុំ បានបន្តថាៈ ជាមួយមុខរបរនេះ បានជួយឱ្យជីវភាពគ្រួសារអ្នកស្រី ប្រសើរជាង មុន។ ប៉ុន្តែចាប់ប៉ុន្មានសប្តាហ៍ ចុងក្រោយនេះមក តម្លៃតាសក់ បានចុះថោក ធ្វើឱ្យចំណូល ត្រូវធ្លាក់ចុះ យ៉ាងច្រើន បើប្រៀបធៀបនឹងកាលចាប់ផ្តើមដាំដំបូង។
ជាមួយគ្នានេះដែរ លោក ខែម ពៅ កសិករនៅភូមិឃុំខាងលើ បានប្រាប់ឱ្យដឹងថាៈ លោកបានដាំដាំណាំតាសក់ ជាង២ឆ្នាំមកហើយ។ ចំណេះជំនាញនេះ គឺលោកធ្វើតាម អ្នកភូមិតៗគ្នា ដោយមិនបានឆ្លង វគ្គបណ្តុះបណ្តាល ឬទទួលការណែនាំ ពីផ្នែកណាទេ។ អ្នកដាំតាសក់រូបនេះ បានអំពាវនាវថា ដោយសារតាសក់ ចុះថោកយ៉ាងគំហុកនោះ តំណាងឱ្យកសិករទាំងអស់ លោកសូមសំណូមពរ ដល់មន្ត្រីជំនាញ និងគ្រប់អ្នកពាក់ព័ន្ធ មេត្តាជួយរកទីផ្សារ ដើម្បីឱ្យតម្លៃ បានប្រសើរឡើងវិញផង៕/V-PC