ដោយ: ប.ខុន / ភ្នំពេញ: សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី២៨ខែមករាឆ្នាំ២០២១ បានដឹកនាំសមាជិកនិងមន្ត្រីជំនាញ ចុះពិនិត្យការងារដែលកំពុងអនុវត្តយ៉ាងមមាញឹកនៅក្នុងក្រុងទេសចរណ៍មួយនេះ។
នៅក្នុងឱកាសខាងលើ មានការអមដំណើរពីលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគ រូបនីយកម្មនិងសំណង់ លោកកត្តិបណ្ឌិត លឹម គាន ហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និង លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទអនុប្រធានគណៈកម្មការ, លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការនិងរដ្ឋមន្ត្រី រដ្ឋលេខាធិការជាច្រើន រូបផ្សេងទៀត។
រំលឹកឱ្យដឹងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប និងស្ទឹងសៀមរាបក្រុងសៀមរាបនេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។
គួរនិយាយឱ្យដឹងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ មានប្រវែងសរុប ១០៨,៧៤គីឡូម៉ែត្រ និងស្តារ-កែលម្អដងស្ទឹងសៀមរាប ក្នុងក្រុងសៀមរាបនឹងចូលរួមសម្រួលចរាចរណ៍ លើកកម្ពស់សោភ័ណភាពទីក្រុង ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិន និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។
ការស្ថាបនាហេដ្ឋាសម្ព័ន្ធផ្លូវក្រុង មានជាអាទិ៍ ប្រព័ន្ធរំដោះទឹកភ្លៀងនិងទឹកកខ្វក់ ផ្លូវថ្នល់ ផ្លូវថ្មើរជើង ការរៀបចំកែលម្អដងស្ទឹងសៀមរាប លម្អសាធារណៈជាដើម ដោយគោរពតាមគោលការណ៍នគរូបនីយកម្ម នឹងធានានូវសុខដុមនីយកម្មវប្បធម៌ និងបរិស្ថាន នឹងធ្វើឱ្យក្រុងសៀមរាបស័ក្តិសម ជាទីក្រុងបេតិកភណ្ឌ និងទេសចរណ៍ប្រវត្តិសាស្ត្រ និងធម្មជាតិកម្រិតអន្តរជាតិ។ ប្រជាពលរដ្ឋនៅក្នុង ខេត្តសៀមរាប នឹងទទួលបាននូវអត្ថប្រយោជន៍ពីការអភិវឌ្ឍនេះ៕