Home ព័ត៌មានជាតិ សង្គម បន្ត​ផ្សព្វផ្...

បន្ត​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជូន​អ្នកប្រើប្រាស​ផ្លូវថ្នល់ ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: បន្ត​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជូន​ដល់​ប្រជាពលរដ្ឋ​មន្ត្រីរាជការ កងកម្លាំង​ដែលជា​អ្នកប្រើប្រាស​ផ្លូវថ្នល់ ដើម្បី​ទប់ស្កាត់​និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន យួន ក៏ដូចជា​ជាប្រចាំ​ថ្ងៃ​តទៅទៀត​។​

​មន្ត្រី​មន្ទីរ​សាធារណកា និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត កាលពី​ថ្ងៃទី​២៧​ខែ មករា ឆ្នាំ​២០២១ ពេលវេលា​ម៉ោង​៩:០០​នាទី​ព្រឹក​តទៅ បានធ្វើ​សកម្ម​ភាពចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ជូន​ដល់​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពោលគឺ​អ្នកប្រើប្រាស​ផ្លូវថ្នល់​ទាំងឡាយ ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បន្តទៅ​ទៀត​។ សកម្មភាព​បាន​ប្រារព្ធ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ នា​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​។​

​មន្ត្រី​ជំនាញ​ទាំង​២ អង្គភាព​បាន​អំពាវនាវ សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​សុវត្ថិភាព​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន យួន ក៏ដូចជា​រាល់ថ្ងៃ​តទៅទៀត​។ ក៏​សូម​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ព្រមទាំង​ជំងឺ​កូ​វីដ​១៩​។​

​នាពេលនោះ មន្ត្រី​ក៏បាន​ឃាត់​អ្នកបើកបរ និង​អ្នករួមដំណើរ​តាម​ទោចក្រយានយន្ត​មក​អប់រំ​ណែនាំ អោយ​ឆ្លើយ​សំណួរ​និង​ចែក​មួកសុវត្ថិភាព​មួយចំនួន​ផង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular