Home ព័ត៌មានជាតិ នយោបាយ បើក​សិក្ខាសាល...

បើក​សិក្ខាសាលា​ដក​ពិសោធន៍​លើ​ការងារ​សម្ព័ន្ធមេត្រីភាព​រវាង អង្គភាព​នៃ​កងយោធពល​ខេមរភូមិន្ទ ជាមួយ​ស្ថាប័ន អង្គភាព​ស៊ីវិល នៅ​ទិស​យោធភូមិភាគ​ទី​៤

ដោយ​: បាយ័ន / សៀមរាប​: នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ នៅ​យោធភូមិភាគ​ទី​៤ មាន​រៀបចំ​បើក​សិក្ខាសាលា ដក​ពិសោធន៍​លើ​ការងារ​សម្ព័ន្ធមេត្រីភាព​រវាង អង្គភាព​នៃ​កងយោធពល​ខេមរភូមិន្ទ ជាមួយ​ស្ថាប័ន អង្គភាព​ស៊ីវិល នៅ​ទិស​យោធភូមិភាគ​ទី​៤​ក្រោម​អធិបតីភាព ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​។​


​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ មេបញ្ជាការ​គ្រប់លំដាប់​ថ្នាក់ និង​នាយទាហាន​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់លោក លោកស្រី សប្បុរសជន បណ្ដា​អង្គភាព​សម្ព័ន្ធមេត្រីភាព និង​ជនរួមជាតិ​ទាំងអស់ ដែល​កន្លងមក​បាន​យកចិត្តទុកដាក់​ខិតខំ​បំពេញការងារ​សម្ព័ន្ធមេត្រី​ភាព សម្រេចបាន​លទ្ធផល​ល្អប្រសើរ​។

​ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ក្នុងការ​បំពេញភារកិច្ច សាមគ្គី​សហការ​ល្អ លើកកម្ពស់ “​សិល្បៈ​នៃ​ការចែករំលែក​” ជាពិសេស​នៅក្នុង​ស្ថានភាព​ដែល​ប្រទេសជាតិ​ត្រូវ​ប្រឈម​នឹង​ការលំបាក​នានា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានលើកឡើង​នូវ​មរតកសាសន៍​ដ៏​មានតម្លៃ​បំផុត​គឺ “​ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​មាន​អាសន្ន​” “​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​កាន់តែ​រឹងមាំ​” ហើយ​មរតកសាសន៍​ដ៏​មានតម្លៃ​នេះ បានក្លាយ​ទៅជា​កម្លាំង​សាមគ្គី​ជាតិ ជួយឧបត្ថម្ភ​ទំនុកបម្រុង​គ្នា​ជា មហា​គ្រួសារ​ខ្មែរ និយាយ​ជារួម និង​និយាយ​ដោយឡែក ចំពោះ​ការងារ​សម្ព័ន្ធមេត្រីភាព​របស់​យើង​កន្លងមក ក៏បាន​ប្រព្រឹត្តទៅ​យ៉ាងសកម្ម​ផុលផុស អនុវត្ត​ខ្ជាប់ខ្ជួន​តាម​គោលនយោបាយ​លើ​វិស័យ​ការពារជាតិ​របស់​រាជ​រដ្ឋាភិបាល​ដែល​បានដាក់​ចេញ​។​

​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត បានចាត់ទុក​អង្គសិក្ខាសាលា​នេះ​ថា បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ភាព​ជា​ដៃគូ និង​ពង្រីក​កិច្ចសន្ទនា ជាពិសេស​ពង្រឹង​នូវ​ទំនុកចិត្ត និង​ការផ្សារភ្ជាប់​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​រវាង​បណ្តា​ស្ថាប័ន កងយោធពល​ខេមរភូមិន្ទ ជាមួយនឹង​ស្ថាប័ន -​អង្គភាព​ស៊ីវិល​ដៃគូ​ក្នុង​សម្ព័ន្ធមេត្រីភាព ក៏ដូចជា​សប្បុរស ជន​នានា លើ​មូលដ្ឋាន​នៃ “​ខឿន​ការពារជាតិ​របស់​ប្រជាជន​” ដើម្បី​ជា​គុណប្រយោជន៍​យុទ្ធសាស្ត្រ​យូរអង្វែង នៃ​ការកសាង​និង​ពង្រឹង​ប្រៀប​ការពារជាតិ តាមរយៈ​ការ​បំផុស​ចលនា​ឱ្យ​ប្រជាជន​គ្រប់រូប​មាន​ឆន្ទៈ ស្រឡាញ់​ប្រទេសជាតិ និង​បាន​បំពេញ​កាតព្វកិច្ច​ចំពោះ​ជាតិ​មាតុភូមិ ដោយ​ស្មារតី​មោទនភាព​ជាតិ​។

​លោក​បាន​ជំរុញ​អោយ​ខិតខំ​បន្ត​និរន្តរភាព​ការងារ​សម្ព័ន្ធមេត្រីភាព ជាមួយ​ដៃគូ​សម្ព័ន្ធមេត្រីភាព ឆ្លើយតប​ទៅនឹង​អនុសាសន៍ ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដើម្បី​បង្វែរ​ទិសដៅ​មួយផ្នែក នៃ​ជំនួយ​សម្ព័ន្ធ មេត្រីភាព ឱ្យ​បម្រើ​ទស្សនវិស័យ​យូរអង្វែង សំដៅ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ក្នុងការ​កែទម្រង់ កងយោធពល​ខេមរភូមិន្ទ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular