Home ព័ត៌មានជាតិ សង្គម ពលរដ្ឋ​បានប្រ...

ពលរដ្ឋ​បានប្រគល់​កូន​ស្វា​កន្ទុយ​ស​មួយ​ក្បាល​ជូន​ដល់​ក្រសួងបរិស្ថាន​

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖ ​កូន​ស្វា​កន្ទុយ​ស​ឈ្មោល​មួយ​ក្បាល​ដែលជា​ប្រភេទ​សត្វ​កម្រ​ជុ​ត​ផុត ពូជ​ត្រូវ បាន​ពលរដ្ឋ​ស្ម័គ្រចិត្ត​ប្រគល់ជូន​ដល់​ក្រសួងបរិស្ថាន​ដើម្បី​បន្ត​ការពារ​និង​អភិរក្ស​។​ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង បរិស្ថាន​ដែល​បានទទួល​កូន​សត្វ​ស្វា កន្ទុយ​ស​នេះ ដោយផ្ទាល់​ពី​ពលរដ្ឋ​អំឡុង​បំពេញបេសកកម្ម​នៅលើ​ទឹកដី​ខេត្តមណ្ឌលគិរី នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ ។​

​ក្រោយ​ទទួល​បានកូន​ស្វា​កន្ទុយ​ស​មួយ​ក្បាល​នេះដែរ​លោក​រដ្ឋលេខាធិកា​រ បាន​ថ្លែង អំណរគុណ​ដល់​ពលរ​ដ្ឋ​ដែល​ស្ម័គ្រចិត្ត​ប្រគល់​កូន​សត្វ​ស្វា​កន្ទុយ​ស​នេះ និង​បាន​អំពាវនាវ ដល់​ពលរដ្ឋ​មួយចំនួន​តូច​ដែល​កំពុង​លួចលាក់​ចិញ្ចឹម​សត្វព្រៃ​ប្រភេទ​កម្រ​នៅតាម​ផ្ទះ​ប្រគល់ជូន​ដល់​ក្រុម​អ្នក​អភិរក្ស​ព្រោះ​សត្វព្រៃ​ត្រូវតែ​រស់នៅក្នុង​ព្រៃ​ហើយ​ការយក​សត្វព្រៃ កម្រ​មក​ចិញ្ចឹម​គឺ​ខុសច្បាប់​។

​គួរបញ្ជាក់​ថា​កូន​ស្វា​កន្ទុយ​ស​ឈ្មោល​មួយ​ក្បាល​ដែលមាន​អាយុ ប្រមាណ ២​ខែ​នេះ​នឹង ត្រូវ​ថែរក្សា​ការពារ​និង​ចិញ្ចឹម​ដោយ​ក្រុម​អភិរក្ស ដើម្បីឱ្យ​សត្វ​ស្វា​មួយ​ក្បាល​នេះ​មាន សុខភាព​ល្អ ចេះ​គ្រប់គ្រង​ខ្លួនឯង មុននឹង​យកទៅ​ព្រលែង​ចូលក្នុង ព្រៃ​ធម្មជាតិ​វិញ​។
​បើតាម​លោក នេត្រ ភក្ត្រា នៅ​ឆ្នាំ ២០២០ កូន​ស្វា​កន្ទុយ​ស​ចំនួន ២ ក្បាល​ត្រូវបាន​ពលរដ្ឋ ប្រគល់ជូន​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ខេត្តមណ្ឌលគិរី និង​បាន​កំពុង​ថែរក្សា​ដោយ​ក្រុម អ្នក​អភិរក្ស​។​

​ជាមួយគ្នានេះ​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​សង្កត់ធ្ងន់ថា សូម​ពលរដ្ឋ​មួយ ចំនួន​តូច​ដែល​នៅតែ​យាយី​សត្វព្រៃ ត្រូវ​បញ្ឈប់​សកម្មភាព​ចាប់​សត្វព្រៃ បរបាញ់​សត្វ និង​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ និង​បញ្ឈប់​ការយក​សត្វ​កម្រ​មក​ចិញ្ចឹម បើ​ពុំ​នោះទេ នឹងត្រូវ​ប្រឈមមុខ​ច្បាប់​។

​លោក រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែងឱ្យដឹងថា តាម​ការសិក្សា​របស់​ម​ន្ត្រី ជំនាញ​ផ្នែក​សត្វព្រៃ​សត្វ​ស្វា​កន្ទុយ​ស​ជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​បំផុត​នៅលើ​ពិភព លោក​។ គេ​មិនមាន​របាយការណ៍​សត្វ​ស្វា​កន្ទុយ​ស​សរុប​នៅលើ​ពិភពលោក​ទេ​ប៉ុន្តែ​មាន​មិន នៅ​សេ​សល់​ច្រើន​នោះឡើយ​។ តាម​ទិន្នន័យ ស្វា​កន្ទុយ​ស​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន ចំនួន​ប្រមាណ​ជាង ២ ម៉ឺន​ក្បាល ហើយ​វត្តមាន​របស់​សត្វ​កន្ទុយ​ស​នេះ​ច្រើនជាងគេ គឺ​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា ក្នុង​ខេត្តមណ្ឌលគិរី​ដែល​តាម​ការសិក្សា​មាន​ចំនួន ៦.៧៥៦​ក្រុម​។

​លោក​បាន​ថ្លែងថា ដោយមាន​ការអភិរក្ស​បានល្អ និង​ការអនុវត្ត​ច្បាប់​តឹងរ៉ឹង ក្នុង​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយនេះ ចំនួន​សត្វ​ស្វា​កន្ទុយ​ស​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា​មាន ស្ថេរភាព​។ ក្រៅពី​ស្វា​កន្ទុយ​ស កម្ពុ​ជាមាន​ប្រភេទ​ពានរ​ដែល​ជិត​ផុត​ពូជ​ផ្សេងទៀត លើ​ពិភពលោក​ដូចជា ទោច​ថ្ពាល់​លឿង ស្វាអង្កត់ ស្វា​ព្រាម ស្វា​ក្តាម ជាដើម​។

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន ឱ្យដឹងថា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង អភិរក្ស​សត្វព្រៃ ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ រួម​នឹង​សហគមន៍​តំបន់ការពារធម្មជាតិ​បាន​អប់រំ ពលរដ្ឋ​កុំ​បរិភោគ​សាច់សត្វ​ព្រៃ និង​ចុះ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​សត្វព្រៃ និង​ការ​ដោះ អន្ទាក់​ចេញពី​ក្នុង​តំបន់​ការ​ពរ​ធម្មជាតិ​។ ឯកឧត្តម​ថ្លែងថា អន្ទាក់​គឺជា​ឃាតក​លាក់​មុខ សម្លាប់​សត្វព្រៃ ហើយ​នៅ​ឆ្នាំ​២០២០ កន្លងទៅ អន្ទាក់​គ្រប់​ប្រភេទ​ប្រមាណ ៥​ម៉ឺន​អន្ទាក់ ត្រូវ​ដោះ​ចេញពី​ក្នុង​តំបន់ការពារធម្មជាតិ និង​ជួយសង្គ្រោះ​ជីវិត​សត្វព្រៃ​ជាច្រើន​ក្បាល​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular