ដោយ: សរិទ្ធ / កណ្តាល: នាវេលាម៉ោង៥៖៣០នាទី ទៀបភ្លឺថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ មានករណីឃាតកម្មមួយ នៅចំណុចផ្ទះសំណាក់៣៦២ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបង្ហើបប្រាប់ថា ជនរងគ្រោះឈ្មោះ ចាន់ សុឃាង ហៅ វី ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅបន្ទប់ជួលភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករផ្ទះសំណាក់៣៦២ ។ ជនសង្ស័យ២នាក់មិនស្គាល់អត្តសញ្ញាណ ដោយបានគេចខ្លួនបាត់ ។
នៅមុនពេលកើតហេតុ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៦៖១៥នាទី ល្ងាចជនរងគ្រោះបានចូលមកធ្វើការនៅក្នុងផ្ទះសំណាក់៣៦២ដូចសព្វដង។ លុះដល់ម៉ោង៧៖៣០នាទីយប់ ម្ចាស់ផ្ទះសំណាក់បានយកម៉ូតូរបស់ខ្លួនម៉ាកហុងដា មកទុកនៅមុខបន្ទប់ដេករបស់ខ្លួន ដោយចាក់សោក និងយកសោកងជ័រពណ៌ក្រហម មកចាក់ជាប់គ្នាជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាក YAMAHA ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1HS5192។ លុះដល់ម៉ោងប្រហែល៧៖៤០នាទី យប់មានភ្ញៀវ២នាក់មិនស្គាល់អត្តសញ្ញាណ បានចុះបញ្ជីក្នុងសៀវភៅចូលសម្រាកបន្ទប់លេខ៧ ធម្មតា។
លុះដល់ម៉ោង៩៖៣០នាទី យប់ម្ចាស់ផ្ទះសំណាក់ក៏នាំគ្នាចូលដេកអស់ទុកឲ្យជនរងគ្រោះមើលការខុសត្រូវ។ លុះដល់ម៉ោងប្រហែល៣៖១៥នាទីទៀបភ្លឺ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ភ្ញៀវដែលស្នាក់នៅក្នុងបន្ទប់លេខ៧ បានឲ្យបុគ្គលិកយកស្រាបៀរអាន់ឆ័រចំនួន៤កំប៉ុង ចូលទៅក្នុងបន្ទប់របស់ខ្លួនស្នាក់នៅ ។ បន្ទាប់មក ជនសង្ស័យក៏បានធ្វើសកម្មភាពរឹតក ជនរងគ្រោះបណ្តាលឲ្យស្លាប់ក្នុងបន្ទប់ តាមការពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាព។
ដល់ម៉ោង៥និង៣០នាទីទៀបភ្លឺម្ចាស់ផ្ទះសំណាក់ក៏ភ្ញាក់ពីដេកបើកទ្វារចេញមកខាងក្រៅមើលមកម៉ូតូរបស់ខ្លួនក៏ស្រាប់តែបាត់មិនឃើញរួចរកមើលជនរងគ្រោះ ក៏ស្រាប់តែបាត់មិនឃើញនៅតែស្បែកជើងនិងកង្ហា បើកទុកចោលបន្ទាប់មកម្ចាស់ផ្ទះសំណាក់ ក៏ដើររកជនរងគ្រោះមិនឃើញ ក៏ទៅឆែកកាមេរ៉ាមើលឃើញជនសង្ស័យ០១នាក់ នៅបន្ទប់លេខ៧ជាអ្នកលួចម៉ូតូ។ ក្រោយមកម្ចាស់ផ្ទះសំណាក់ក៏ដើរចូលទៅបើកទ្វារបន្ទប់លេខ៧ ក៏ជាប់សោបើកមិនរួចហើយម្ចាស់ផ្ទះ យកសោបន្ទប់ទៅចាក់ទ្វារបន្ទប់មើលឃើញមានមនុស្សម្នាក់ដេក នៅលើគ្រែតែម្នាក់ឯង គ្របកន្សែងពោះគោ និងយកខ្នើយដាក់ពីលើមុខ ឃើញដូចនោះម្ចាស់ផ្ទះសំណាក់ក៏ទៅបើកមើលឃើញជនរងគ្រោះត្រូវបានគេសម្លាប់បាត់ទៅហើយ។ ក្រោយមកក៏រាយការណ៍ទៅសមត្ថកិច្ចតែម្តង៕