ដោយ: ដេប៉ូ/សៀមរាប៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង៣២គីឡូវ៉ាត់ជាមួយប្រព័ន្ធផ្ទុកថាមពល៨៧គីឡូវ៉ាត់ម៉ោង នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អានភ្នំគូលែន ក្នុងខេត្តសៀមរាប។
ថ្លែងក្នុងពិធីនេះលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថាសមិទ្ធផលថ្មី សម្រាប់ខេត្តសៀមរាប ដែលជាខេត្តគោលដៅទេសចរណ៍ វប្បធម៌ និងធម្មជាតិ ដូចនេះការ ប្រើប្រាស់ថាមពលស្អាត មិនប៉ះពាល់ដល់បរិស្ថាន គឺជាចំណុចចាប់ផ្ដើមគំរូដល់រមណីដ្ឋាន ដទៃនៅក្នុងខេត្តសៀមរាប ក៏ដូចជាខេត្តដទៃទៀត ដែលមិនមានបណ្ដាញអគ្គិសនីជាតិ។
លោកស្រី សូណាលី ដាយ៉ារ៉ាត (Sonali Dayaratne) តំណាងកម្មវិធីអភិវឌ្ឍន៍អង្គសហ ប្រជាជាតិ ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលជួយឱ្យបរិស្ថានស្អាត ការការពារ និងអភិរក្សធនធានជីវៈចម្រុះ និងការគាំទ្រចំពោះគោលជំហរកម្ពុជាក្នុង ការឆ្លើយតបនឹងការប្រែប្រួលធាតុអាកាសធាតុ។
នាឱកាសនោះលោក សាយ សំអាល់ មានប្រសាសន៍ចាត់ទុកថាស្ថានីយផលិតថាមពល ពីពន្លឺព្រះអាទិត្យនេះគឺជាមជ្ឈមណ្ឌលទី១ នៅក្នុងប្រទេសកម្ពុជា ដែលបាននឹងកំពុង ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងការចូលរួមដល់មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ធ្វើការកំណត់អត្តសញ្ញាណ និងរក្សានូវពូជកេសរកូលព្រៃ រុក្ខជាតិ និងសត្វក្នុងស្រុក ជាពិសេសប្រភេទដែលកំពុងរងគ្រោះថ្នាក់ ប្រភេទកម្ររ និងប្រភេទជិតផុតពូជសំដៅធានាដល់និរន្តភាពនៃធនធានជីវៈចម្រុះសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម និងវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានបានចាត់ទុកសមិទ្ធផលនៅថ្ងៃនេះ គឺជាការបោះជំហានថ្មី មួយបន្ថែមទៀត សម្រាប់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដទៃទៀតនាពេលអនាគត សំដៅអភិវឌ្ឍមជ្ឈមណ្ឌលនេះឱ្យដើរតួនាទីជាមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ ការសិក្សា ស្រាវជ្រាវលក្ខណៈវិទ្យាសាស្ត្រ ការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យាការលើកកម្ពស់ ការយល់ដឹងអំពីសារៈប្រយោជន៍នៃធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីការអភិវឌ្ឍ ដោយនិរន្តរភាព និងការរស់នៅដោយចីរភាពនៅកម្ពុជា។
លោក សាយ សំអាល់ បានលើកឡើងផងដែរថា មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្ស កេសរកូល សុខ អាន ភ្នំគូលែន នឹងរួមចំណែកធ្វើពិពិធកម្មសេដ្ឋកិច្ចមូលដ្ឋានជាពិសេស ទេសចរណ៍ផ្សារភ្ជាប់នឹងវប្បធម៌-ធម្មជាតិ និងជួយបង្កើនជម្រើសមុខរបរប្រភពចំណូល បន្ថែម និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះបានមួយកម្រិត បន្ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក តាំង ម៉េងអៀង ប្រធាននាយកដ្ឋានសេដ្ឋកិច្ចបៃតងនៃអគ្គលេខាធិការដ្ឋានក្រុម ប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឱ្យដឹងថា គំនិតផ្តួចផ្តើមក្នុងការដំឡើងប្រព័ន្ធ ថាមពលសូឡាសម្រាប់ក្រសួងបរិស្ថាន ទទួលបានការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ រាជរដ្ឋាភិបាលកម្ពុជានិងដៃគូអភិវឌ្ឍមួយ ចំនួន។ ប្រព័ន្ធស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ អាចផលិតថាមពលបានក្នុងរង្វង់ ១៥០គីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃ។ ប្រព័ន្ធអគ្គិសនីនេះ បានផ្តល់ប្រយោជន៍ដល់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ឬម៉ាស៊ីនបូមទឹកបានរៀងរាល់ថ្ងៃ។
គួរបញ្ជាក់ថា ក្រុមការងារនាយកដ្ឋានជីវៈចម្រុះនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាពបាននឹងកំពុងបន្តប្រមូលប្រភេទកេសរកូលព្រៃពីតំបន់ភ្នំគូលែន និងតំបន់ដទៃទៀតដើម្បីកត់ត្រា និងកំណត់អត្តសញ្ញាណបន្ថែមទៀត៕/PC