Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋបាល​ជលផល​...

រដ្ឋបាល​ជលផល​និង​អង្គការ WCS លែង​អណ្តើក ហ្លួង​ចំនួន ១០​ក្បាល​ចូលក្នុង​ទីជម្រក ធម្មជាតិ​

ដោយៈ ជា សីហៈ​-វណ្ណៈ/​ភ្នំពេញៈ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា (WCS) និង នាយកដ្ឋាន​អភិរក្ស​ជលផល​នៃ​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ​ឧទ្យាន​សត្វព្រៃ​សឹង្ហ​បុរី (Wildlife Reserves Singapore-WRS) ថ្ងៃនេះ បាន​លែង​អណ្តើក​ហ្លួង ឬ​អណ្តើក​សរសៃ ចំនួន ១០​ក្បាល ដែលជា​ប្រភេទ ជិត​ផុត​ពូជ​បំផុត ចូលក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ស្ថិតក្នុង​ឃុំ​ចំការ​ហ្លួង ស្រុក​កំពុងសីលា ខេត្ត​ព្រះសីហនុ​។​

​លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល បាន​មានប្រសាសន៍ថា «​ខ្ញុំ​សាទរ យ៉ាង​ក្រៃលែង​ចំពោះ​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន សហគមន៍​មូលដ្ឋាន បងប្អូន​ជា ប្រជាពលរដ្ឋ និង​ជាពិសេស អង្គការ WCS ដែល​បាននិងកំពុង​ស្តារ​ប្រភេទ​ដែល​កំពុង រងគ្រោះ​នេះ​ឲ្យ​មាន​វត្តមាន​ក្នុង​ដែនទឹក​ធម្មជាតិ​នេះ​ឡើងវិញ​។​» លោក វិបុល​ក៏បាន​ស្នើ ឲ្យ​ភាគី​ពាក់ព័ន្ធ​បន្ត​កិច្ចការ​ស្តារ​ប្រភេទ​អណ្តើក​នេះ ព្រមទាំង​ក្រើនរំលឹក​ដល់​ជនល្មើស មួយចំនួន​ដែល​នៅតែ​បន្ត​ជួញដូរ​ប្រភេទ​សត្វ​នេះ នឹងត្រូវ​ទទួលទោស​ចំពោះមុខ​ច្បាប់​។​

​លោក សោម ស៊ីថា ប្រធាន​គម្រោង​អភិរក្ស​អណ្តើក​ហ្លួង​នៃ​អង្គការ​WCS បាន​ថ្លែងថា អណ្តើក​ហ្លួង​ទាំង ១០​ក្បាល​(​ឬ​ហៅ​តាម​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Southern River Terrapin (Batagur affinis)) ដែល​បាន​លែង​នៅថ្ងៃនេះ ត្រូវបាន​ក្រុម​អភិរក្ស​ប្រមូលយក​ក្រោយ ពី​វា​បាន​ញាស់​នៅក្នុង​សំបុក​របស់​វា​នៅតាម​ដងព្រែក​ស្រែអំបិល និង​ព្រែក​កំពុង​លើ ស្ថិតក្នុង​ខេត្តកោះកុង​និង​ខេត្ត​ព្រះសីហនុ ចន្លោះ​ពី​ឆ្នាំ ២០០៦ ដល់ ២០១៥ បន្ទាប់មក បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន​កោះកុង​ដែល​ស្ថិតនៅ​ភូមិ​ទួល​គរ​គី ឃុំ​ទួល​គរ​គី ស្រុក​មណ្ឌលសីមា ចម្ងាយ​ប្រមាណ ១៥​គ​.​ម ភាគ​អាគ្នេយ៍​ក្រុង​កោះកុង ដើម្បី​ចិញ្ចឹម ថែទាំ​ឲ្យ​ធំ​លូតលាស់​មុននឹង​លែង​ចូលទៅក្នុង​ទីជម្រក​ធម្មជាតិ​របស់​វា​វិញ​។​

​អណ្តើក​ប្រភេទ​នេះ ស្ថិតក្នុង​ប្រភេទ​អណ្តើក ទឹកសាប​និង​អណ្តើក​គោក​ចំនួន​២៥​ប្រភេទ ដែល​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​។ ប្រភេទ​អណ្តើក​នេះ​ត្រូវបាន​កត់ត្រា​ក្នុង​បញ្ជី ក្រហម​របស់​អង្គការ IUCN ថា​ជា​ប្រភេទ​អណ្តើក​ជិត​ផុត​ពូជ​បំផុត​និង​ត្រូវបាន​ចាត់ទុកជា ប្រភេទ​ល្មូ​ន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ដែល​បានកំណត់​ក្នុង​ព្រះរាជ​ក្រិត​ឆ្នាំ ២០០៥​។ ដោយសារ​មានការ​នេសាទ​ខុសច្បាប់ ការធ្វើ​អាជីវកម្ម​ហួសប្រមាណ ការបាត់បង់​ទីជម្រក និង​ការធ្វើ​អាជីវកម្ម​ខ្សាច់​នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​នៅក្នុង​ខេត្តកោះកុង​និង​ខេត្ត​ព្រះសីហនុ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​ជម្រក​និង​ការបង្ក​កំណើត​របស់​សត្វ​អណ្តើក​ប្រភេទ​នេះ ដែល​គេ​រកឃើញថា​មាន​វត្ត​មានតែ​នៅក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ស្ថិតនៅ​ខេត្តកោះកុង​និង​ខេត្ត​ព្រះសីហនុ​ក្នុងប្រទេស​កម្ពុជា ប៉ុណ្ណោះ​។ សត្វ​អណ្តើក​ទាំងនេះ​កំពុងតែ​ប្រឈម ទៅនឹង​ការវិនាស​ផុត​ពូជ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular