ដោយៈ ជាសីហៈ/ភ្នំពេញៈ លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង បានអះអាងថា នៅព្រឹកនេះ លោកបានជួបជាមួយនឹង លោក ផាទ្រិក ម័ហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជានៅគេហដ្ឋានរបស់លោក ។
លោកបានអះអាង តាមបណ្តាញសង្គមថា ក្នុងឱកាសនៃជំនួបនេះ លោកក៏បានសម្តែងនូវ ការអបអរសាទរនិងជូនពរ លោក ប្រធានាធិបតីអាមេរិកថ្មី ចូ បាយដេន (Joe Biden) ឲ្យមានសុខភាពល្អនិងទទួលបានជោគជ័យក្នុងការដឹកនាំ ដើម្បីជាប្រយោជន៍របស់ ប្រជាពលរដ្ឋអាមេរិក និងជាពិសេសក្នុងការលើកស្ទួយសិទ្ធិសេរីភាព និងប្រជាធិបតេយ្យ ក្នុងពិភពលោកដែលជាគុណតម្លៃរបស់សហរដ្ឋអាមេរិកផងដែរ។
លោកបានបន្តទៀតថា ក្នុងជំនួបនេះ លោកនិងភ្ញៀវក៏បានស្វែងយល់ និងពិភាក្សាគ្នាអំពី ទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក កន្លងមក និងទៅអនាគត ជាពិសេសសម្រាប់ រដ្ឋបាលថ្មីរបស់អាមេរិក តើនឹងអាចមានអ្វីថ្មី? ហើយលោកក៏បានថ្លែងអំណរគុណចំពោះ ប្រជាពលរដ្ឋ និងរដ្ឋាភិបាលអាមេរិក ដែលបានជួយដល់ប្រជាពលរដ្ឋខ្មែរកន្លងមកបច្ចុប្បន្ន និងសង្ឃឹមថាទៅអនាគត លើវិស័យនានា ដូចជាវិស័យអប់រំ សុខាភិបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេស ដោយផ្សាភ្ជាប់ជីវភាពរស់នៅ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ខ្មែរ ។
លោក ក៏បានសំដែងការអរគុណផងដែរ ដែលសហរដ្ឋអាមេរិក តាមរយៈឯកអគ្គរដ្ឋទូត មុនៗ ក៏ដូចជាឯកឧត្តមផ្ទាល់ ដែលទទួលស្គាល់ នូវគុណតម្លៃរបស់លោកក្នុងការងារសិទ្ធិ មនុស្ស និងប្រជាធិបតេយ្យ ព្រមទាំងគោលជំហររបស់លោកដែលប្រកាន់ខ្ជាប់នូវ គោលការណ៍អហិង្សា ការអត់ធ្មត់ និងតែងតែស្វែងរកដំណោះស្រាយបញ្ហានានាដោយ សន្តិវិធី ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ៕/PC