Home ព័ត៌មានជាតិ នយោបាយ អ្នកនាំពាក្យ​...

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បង្ហាញ ៦​ចំណុច​ពី​ទិដ្ឋភាព​ច្បាប់​និង​បច្ចុប្បន្នភាព​ករណី សំណុំរឿង ៩ វិច្ឆិកា​

ដោយៈ មុនី​រ័ត្ន /​ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន បានលើកឡើង ៦​ចំណុច អំពី​ទិដ្ឋភាព​ច្បាប់​និង​បច្ចុប្បន្នភាព ករណី​សំណុំរឿង ៩ វិច្ឆិកា ហេតុអ្វី​បានជា​មាន ការពាក់ព័ន្ធ​នឹង​មនុស្ស​ច្រើន​?​។​

​លោក ជិន ម៉ា​លីន បាន​ថ្លែងថា ដោយមាន​ការស្នើសុំ​ពី​អ្នកសារព័ត៌មាន លោក​បានកំណត់ ឡើង​អំពី​ចំណុច​សំខាន់ៗ​ចំនួន ៦​ចំណុច អំពី​ទិដ្ឋភាព​ច្បាប់​និង​បច្ចុប្បន្នភាព​ករណី​សំណុំ រឿង ៩ វិច្ឆិកា ហេតុអ្វី​បានជា​មានការ​ពាក់ព័ន្ធ​នឹង​មនុស្ស​ច្រើន​?
១. ព្រឹត្តិការណ៍ ៩ វិច្ឆិកា គឺជា​ផែន​ការដែល​រៀបចំឡើង​ដោយ​អ្នកនយោបាយ​មួយក្រុម នៅក្រៅ​ប្រទេស​ដែល​ដឹកនាំ​ដោយ​ឈ្មោះ សម រង្សី​។​
២. ឈ្មោះ សម រង្សី បានធ្វើ​យុទ្ធនាការ​ញុះញង់​៖ (១)-​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​លែង​ស្តាប់​បញ្ជា និង​បះបោ​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​, (២)-​បំផុស និង​ញុះញង់​ឱ្យ​ប្រជាជន​ទូទាំងប្រទេស​ក្រោក​ឡើង​ប្រឆាំងនឹង​រដ្ឋអំណាច និង (៣)-​ប្រមូល​ថវិកា​ដើម្បី​គាំទ្រ​ដល់​សកម្មភាព​ទាំងនេះ​។​
៣. គោលបំណង​ពិតប្រាកដ​នៃ​ការរៀបចំ​ការវិលត្រឡប់​ចូល​ស្រុក​វិញ​ដឹកនាំ​ដោយ សម រង្សី នៅ​ថ្ងៃ ៩ វិច្ឆិកា គឺ​ដើម្បី​៖ (១)-​ចាប់ខ្លួន​នាយករដ្ឋមន្ត្រី​ក្នុង​មុខតំណែង និង (២)-​ផ្តួលរំលំ រាជរដ្ឋាភិបាល​កម្ពុជា​។ ហេតុដូចនេះ ផែនការ ៩ វិច្ឆិកា នេះ​គឺជា​ផែន​ការធ្វើ​រដ្ឋប្រហារ ដែលជា​បទល្មើស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ដែល​បាន​បញ្ញត្តិ​ក្នុង​ក្រម ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
៤. ផែនការ ៩ វិច្ឆិកា នេះ​គឺមាន​ការពាក់ព័ន្ធ​នឹង​មនុស្ស​ជាច្រើន​ទាំង​នៅក្នុង​ប្រទេស និង​នៅក្រៅ​ប្រទេស​។ ប៉ុន្តែ ដោយ​ផែនការ​នេះ​ត្រូវបាន​ទប់ស្កាត់ និង​បង្ក្រាបបាន​ទាន់ ពេលវេលា ទើប​មនុស្ស​ដែល​ពាក់ព័ន្ធ​មាន​ចំនួន​មិនសូវ​ច្រើន​នោះទេ បើ​ធៀប​នឹង​ករណី នៅ​បរទេស​។ បើ​ផែនការ​នេះ​ចាប់ផ្តើម​អនុវត្ត​នោះ​ចំនួន​មនុស្ស​ដែល​ត្រូវ​ចាប់ខ្លួន​អាច មាន​ចំនួន​ច្រើនជាង​នេះ​។ ជាក់ស្តែង ករណី​រដ្ឋប្រហារ​នៅ​ប្រទេស​តួ​គី​មាន​មនុស្ស​រាប់ម៉ឺន នាក់​ត្រូវបាន​ចាប់ខ្លួន ដែល​ក្នុងនោះ​មាន​ទាំង​កងកម្លាំងប្រដាប់អាវុធ​, គ្រូបង្រៀន​, ចៅក្រម ផងដែរ ដោយសារតែ​នៅ​តួ​គី គឺ​ដល់​ដំណាក់កាល​អនុវត្ត​ផែនការ​រដ្ឋប្រហារ​ហើយ​។ ករណី​បាតុកម្ម​នៅ​វិមាន Capitol នៅ​សហរដ្ឋអាមេរិក មាន​មនុស្ស​ជាង ១០០​នាក់​ហើយ ដែល​ត្រូវបាន​ចាប់ខ្លួន ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​កំពុង​ស្វែងរក​មុខសញ្ញា​ផ្សេងទៀត​ដែរ​។
៥.​ហេ​ត​ដូចនេះ អ្វីដែល​សំខាន់​នោះ​គឺ​មិនមែន​ចំនួន​មនុស្ស​តិច ឬ​ច្រើន​នោះទេ ប៉ុន្តែ​អ្វីដែល សំខាន់​គឺ​ត្រូវមាន​ភស្តុតាង​រឹងមាំ​។ អ្នករៀបចំ​ផែន​ការធ្វើ​រដ្ឋប្រហារ​ត្រូវ​ប្រឈមមុខ​នឹង​ការ ផ្តន្ទាទោស​ក្រោម​បទល្មើស ឧបឃាត ចំណែកឯ​អ្នក​ដែល​ចូលរួម​ក្នុង​ផែនការ​នេះ​ត្រូវ ប្រឈមមុខ​នឹង​ការផ្តន្ទាទោស​ពីបទ​រួមគំនិត​ក្បត់​។​
៦. ជាគោលការណ៍​ច្បាប់ អ្នក​ដែល​ពាក់ព័ន្ធ និង​រង​ការចោទប្រកាន់​ក្នុង​ព្រឹត្តិការណ៍ ៩ វិច្ឆិកា ត្រូវ​ចូលរួម​ក្នុង​ដំណើរការ​នីតិវិធីតុលាការ និង​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន​តាមផ្លូវ​ច្បាប់ ដោយមាន​ជំនួយ​ពី​មេធាវី ដើម្បី​ដោះ​បន្ទុក និង​តតាំង​ជាមួយ​បទ​ចោទ​ហើយ​នេះ​គឺជា មធ្យោបាយ​តាមផ្លូវ​ច្បាប់​តែមួយគត់​ដើម្បី​ការពារ​ខ្លួន​ឱ្យ​រួចផុត​ពីបទ​ចោទ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​នីតិរដ្ឋ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular