ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុម ប្រឹក្សា ខេត្តបន្ទាយមានជ័យ នៅស្រុកស្វាយចេក កាលពីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ត្រូវបានមន្ត្រីភូមិ ឃុំ ស្រុក និងពលរដ្ឋ បានលើកសំណូមពរច្រើនជាងគេ គឺការងារអភិវឌ្ឍន៍មូលដ្ឋាន ក្រៅពីនោះ គឺការងារចម្រុះផ្សេងៗ ហើយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានទទួលយកសំណូមពរ និងបញ្ហាប្រឈមទាំងនោះ យកមកដោះស្រាយ។
មន្ត្រីភូមិ ឃុំ និងប្រជាពលរដ្ឋ ដែលជាអ្នកចូលរួម បានលើកឡើង នូវមតិយោបល់ និងបញ្ហា សំណូមពរ និងក្តីកង្វល់ចំនួន ៤២ ក្នុងនោះ ការងារអភិវឌ្ឍន៍មូលដ្ឋាន ចំនួន ២៥, ការងារ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ១ និងការងារផ្សេងៗ ចំនួន ១៦ ប៉ុន្តែបញ្ហាទាក់ទិន នយោបាយ មិនត្រូវបានលើកឡើងទេ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានទទួលយកសំណូមពរ និងបញ្ហាប្រឈម ទាំងនោះ យកមកដោះស្រាយ ភ្លាមៗ ឯបញ្ហាដែលនៅសេសសល់ បានត្រូវដាក់បញ្ចូល ទៅក្នុងគម្រោងអភិវឌ្ឍន៍ របស់ខេត្តបន្តទៀត។
នៅក្នុងវេទិកាសាធាណៈនេះ ត្រូវបានតំណាងប្រជាពលរដ្ឋ នៅក្នុងស្រុកស្វាយចេក បានលើកឡើង ឱ្យរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ឱ្យជួយដោះស្រាយ បញ្ហាកង្វះទឹកដាំបន្លែ ការជួសជុលផ្លូវ ដែលរងការខូចខាត, ការស្ថាបនាផ្លូវលំជនបទ ក្រាលកៅស៊ូ ដែលចាំបាត់ៗ នៅតាមមូលដ្ឋាន, ប្រព័ន្ធធារាសាស្ត្រ និងមានបញ្ហាប្រឈម លើការអភិវឌ្ឍមូលដ្ឋាន និងបញ្ហាលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ បាន លើកឡើងថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏ មានសារៈសំខាន់មួយ សម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព និងការចូលរួម របស់ប្រជាពលរដ្ឋ ទាំងប្រុស ទាំងស្រី ក្នុងកិច្ចដំណើរការ របស់ក្រុមប្រឹក្សានៃរដ្ឋបាល ថ្នាក់ក្រោមជាតិ។
លោកបានបន្តទៀតថាៈ ការបើកវេទិកានេះ គឺជាការផ្តល់ឱកាស ក្នុងការពិភាក្សា ប្រកបដោយតម្លាភាព គ្រប់ជ្រុងជ្រោយ ការទទួលបាននូវពហុគំនិត ពីរដ្ឋបាល ថ្នាក់ក្រោមជាតិ សង្គមស៊ីវិល សាធារណជននានា ដែលអាចទទួលបាន នូវការផ្ទៀងផ្ទាត់ ប្រកបដោយសុចរិតភាព សុភវិនិច្ឆ័យ និងយុត្តិធម៌ក្នុងសង្គម ឱ្យកាន់តែល្អប្រសើរឡើង។ ម្យ៉ាងទៀត ក៏ដើម្បីបង្ហាញនូវ ការទទួលខុសត្រូវមួយ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ចំពោះប្រជាពលរដ្ឋ និងសង្គមជាតិទៀតផង៕/V-PC