ដោយៈ សរិទ្ធ/កំពង់ស្ពឺៈ លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានចេញដីកាកោះហៅ ជនសង្ស័យឈ្មោះ សូយ ចាន់សឿន ជាឧត្តមសេនីយ៍ទោ និងមានតួនាទី ជានាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជា ការដ្ឋាន នៃក្រសួងការពារជាតិ អោយចូលបំភ្លឺ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីសាកសួរ ពីដំណើររឿង «ប្រើហិង្សាដោយ មានស្ថានទម្ងន់ទោស និង បង្ខាំងមនុស្ស ដោយខុសច្បាប់» ។
ជាមួយគ្នានេះ តុលាការ ក៏បានចេញដីកាកោះហៅ ជនសង្ស័យម្នាក់ទៀត ឈ្មោះ ស្រី សម្បត្តិ ភេទប្រុស មានតួនាទីជានាយស្តីទី ការិយាល័យអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ អោយចូលបំភ្លឺ នារសៀល ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។
យោងតាមពាក្យបណ្តឹង របស់ស្ត្រីម្នាក់ ឈ្មោះ ឌួង ហេម៉ាលីស អាយុ៤១ឆ្នាំ មុខរបរ ពាណិជ្ជករ មានទីលំនៅផ្ទះលេខ៤៧ ផ្លូវលេខ៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹង កេងកង រាជធានីភ្នំពេញ បានរៀបរាប់ថាៈ កាលពីវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅក្នុងរថយន្ត ដែលកំពុងជិះតែ ២ នាក់ ស្ថិតលើដងផ្លូវនៅចំណុច រង្វង់មូលតាខ្មៅ ទីរួមខេត្តកណ្តាល លោក សូយ ចាន់សឿនបានវាយដំ ជនរងគ្រោះ និងបានដកកាំភ្លើងខ្លី ភ្ជង់គំរាម មិនអោយជនរងគ្រោះ ស្រែក និងគំរាមបាញ់ បាក់ជើង និងបាញ់សម្លាប់ចោល តាមផ្លូវរហូត ដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះ បានរៀបរាប់ទៀតថាៈ លោក សូយ ចាន់សឿន បានបង្ខាំងជនរងគ្រោះ ទុកក្នុងផ្ទះកូនចៅ របស់គាត់ ឈ្មោះ ស្រី សម្បត្តិ ដែលមានតួនាទីជានាយស្តីទី ការិយាល័យអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃ ក្រសួងការពារជាតិ រហូតដល់ម៉ោង ៧ យប់ ទើបមានសមត្ថកិច្ចនគរបាល ចុះមកអន្តរាគមន៍ រំដោះជនរងគ្រោះ ចេញពីផ្ទះ យកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ។
ជាមួយគ្នានេះ ជនរងគ្រោះ សំណូមពរអោយតុលាការ ចាប់ខ្លួន និងឃុំខ្លួន លោកផ្កាយ២ សូយ ចាន់សឿន និង ទាមទារថ្លៃសំណង ព្យាបាលរបួស ចំនួន ១ លានដុល្លារ ព្រមទាំងជំងឺចិត្តចំនួន១លានដុល្លារ។
បន្ថែមពីលើពាក្យបណ្តឹងនេះ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះបានប្រាប់ រស្មីកម្ពុជាថា រឿងរ៉ាវនេះ កើតឡើងពីជម្លោះពាក្យសម្តីក្នុងឡាន ហើយពេលនេះ លោកស្រី កំពុងមានការបារម្ភ ពីសុវត្ថិភាពជាខ្លាំង និងសង្ឃឹមថា សមត្ថកិច្ច នឹងចាប់ខ្លួនជនល្មើស បាននាពេលឆាប់ៗ ខាងមុខនេះ ។ ដោយឡែក លោកឧត្តមសេនីយ៍ទោ សូយ ចាន់សឿន ក៏ពុំទាន់សុំការបំភ្លឺបានដែរ ដោយសារគ្មានលេខទូរស័ព្ទ ដើម្បីទំនាក់ទំនង៕/V-PC