ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈនៅថ្ងៃនេះអង្គការអន្តរជាតិធំៗចំនួនបីគឺអង្គការយូនីសេហ្វ,អង្គការកម្មវិធីស្បៀងអាហារពិភពលោក(WFP)និងអង្គការហ្វាវ(FAO)បានធ្វើសេចក្តីប្រកាសរួមគ្នាដោយព្រមានឬរំលឹកឲ្យដឹងជាមុនអំពីស្ថានភាពការឈានទៅរកភាពអត់ឃ្លាន – ផលប៉ះពាល់នៃជំងឺកូវីដ១៩ លើស្ថានភាពអាហារូបត្ថម្ភនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
ក្នុងសេចក្តីប្រកាសព័ត៌មានរួមបានបញ្ជាក់ថាផលប៉ះពាល់សេដ្ឋកិច្ចដែលបង្កដោយជំងឺកូវីដ១៩មកលើតំបន់ដែលមានប្រជាជនច្រើនជាង គេក្នុងពិភពលោក កំពុងគំរាមកំហែងដល់លទ្ធភាពទទួលបានអាហារូបត្ថម្ភសម្រាប់ទ្រទ្រង់សុខភាពរបស់មនុស្សជិតពីរប៊ីលាននាក់ នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ នេះបើតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយនៅថ្ងៃនេះ ដោយទីភ្នាក់ងារសហប្រជាជាតិចំនួនបួន ដែលក្នុងនោះមានយូនីសេហ្វផងដែរ។របាយការណ៍នេះបានរកឃើញថាមនុស្ស១,៩ប៊ីលាននាក់ពុំមានលទ្ធភាពទទួលបានរបបអាហារ សម្រាប់ទ្រទ្រង់សុខភាពដូចមុនពេលផ្ទុះជំងឺកូវីដ១៩ ឡើយ ហើយស្ថានភាពនេះកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារតផលប៉ះពាល់នៃជំងឺ កូវីដ១៩ មកលើសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់មនុស្សម្នាក់ៗ។
ទាក់ទងនឹងប្រទេសកម្ពុជាសេចក្តីប្រកាសបានប្រាប់ថាទិន្នន័យបំពេញបន្ថែមបានពី“ការវាយតម្លៃរហ័សរបស់អង្គការសហប្រជាជាតិលើ ផលប៉ះពាល់សង្គមសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺ កូវីដ១៩ នៅកម្ពុជា”បានរកឃើញថាទោះជាលទ្ធភាពទទួលបានអាហារមិន រងផលប៉ះពាល់ធ្ងន់ធ្ងរក៏ដោយ ប្រជាជនត្រូវបង្ខំចិត្តប្រើប្រាស់យុទ្ធសាស្ត្រទប់ទល់មួយចំនួន ដូចជាខ្ចីស្បៀងគេកាត់បន្ថយបរិមាណ អាហារសម្រាប់ហូបចុកនិងពឹងផ្អែកកាន់តែខ្លាំងជាងមុនលើជម្រើសអាហារដែលមានតម្លៃថោក។ការសិក្សាបានរកឃើញជាលើកដំបូងនៅថ្ងៃនេះថានៅ ក្នុងប្រទេសកម្ពុជា មានគ្រួសារជាងពាក់កណ្តាលនៅពេលណាមួយត្រូវកាត់បន្ថយបរិមាណនិងគុណភាពអាហាររបស់ ពួកគេ។
តម្លៃស្បៀងមានការកើនឡើងក្នុងឆ្នាំ២០២០ ជាពិសេសតម្លៃសាច់ ស៊ុត និងផលិតផលសាច់ត្រី នៅទីក្រុងភ្នំពេញ និងតម្លៃបន្លែស្រស់ នៅផ្សារតាមបណ្តាខេត្តនានា។ទោះជាក្រោយមកតម្លៃទំនិញទាំងនេះមានស្ថិតនៅនឹងវិញក៏ដោយប្រជាពលរដ្ឋជាច្រើនគ្រួសារបានកាត់ បន្ថយបរិមាណអាហារ និងភាពចម្រុះនៃអាហាររបស់ពួកគេ ជាពិសេសប្រភេទអាហារសំខាន់ៗដូចជា អាហារសម្បូរដោយប្រូតេអ៊ីន ឬវីតាមីនអា និងជាតិដែកជាដើម។ ផលប៉ះពាល់ទាំងនេះបង្កឱ្យមានការព្រួយបារម្ភជាងគេ ចំពោះសមាជិកគ្រួសារងាយរងគ្រោះ ជាពិសេសស្ត្រីមានផ្ទៃពោះ និងកុមារ។ បញ្ហាទាំងនេះមានការកើនឡើងនៅក្នុងរយៈពេលដែលត្រូវបានអង្កេត កាលពីខែសីហា ៣0ភាគរយ នៃរបបអាហាររបស់ស្ត្រី ពុំបានឈានទៅដល់កម្រិតចម្រុះអប្បបរមា ប៉ុន្តែភាគរយនេះកើនឡើងដល់ ៥0ភាគរយ នៅខែវិច្ឆិកា។
គ្រួសារក៏ត្រូវប្រើប្រាស់យុទ្ធសាស្ត្រទប់ទល់ ដែលរឹតតែបង្កផលប៉ះពាល់ ក្នុងរយៈពេលវែង ដូចជាកាត់បន្ថយការចំណាយលើសេវាចាំបាច់សំខាន់ៗដូចជាសេវាអប់រំនិងសុខភាពការលក់ទ្រព្យសម្បត្តិដែលមានប្រយោជន៍សម្រាប់ផលិតភាពនិងបញ្ជូនសមាជិកគ្រួសារទៅរក ការងារធ្វើនៅខេត្តផ្សេងទៀតជាដើម។
សេចក្តីប្រកាសដដែលបន្តថាជាកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការលំបាក និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានពង្រីកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ៦០ម៉ឺននាក់ ក្នុងអំឡុងពេលប្រយុទ្ធនឹង ជំងឺកូវីដ១៩។ ទោះជានេះក្តីរាជរដ្ឋាភិបាលចាំបាច់ត្រូវមានការវិនិយោគបន្ថែមទៀត ដើម្បីពង្រីកកម្មវិធីជំនួយសង្គមនិងធានាឱ្យ មានការកែលម្អប្រព័ន្ធស្បៀង សំដៅបង្កើនផលិតភាពសុវត្ថិភាពអាហារ និងការពារប្រជាពលរដ្ឋមិនឱ្យបាត់បង់ការងារ ហើយក្នុងពេលជាមួយគ្នា ជម្រុញតម្រូវការស្បៀង ដែលផលិត និងកែច្នៃក្នុងស្រុក។
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “ បញ្ហាខ្វះអាហារូបត្ថម្ភគឺជាបញ្ហាប្រឈម ជាយូរមកហើយនៅកម្ពុជា ដែលត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។ ក្នុងទស្សវត្សរ៍ចុងក្រោយនេះ មានការសម្រេចបានវឌ្ឍនភាពជាច្រើន ប៉ុន្តែជំងឺកូវីដ១៩ កំពុងធ្វើឱ្យវឌ្ឍនភាពទាំងនោះបាត់បង់ទៅបន្តិចម្តងៗ។ការពង្រីកវិសាលភាព កម្មវិធីឧបត្ថម្ភសាច់ប្រាក់ បានជួយកាត់បន្ថយការលំបាក ប៉ុន្តែដើម្បីការពារវឌ្ឍនភាពដែលទទួលបានកន្លងមកនិងដើម្បីឆ្លើយតបនឹង ហានិភ័យបង្កដោយការកើនទ្បើងនៃបញ្ហាក្រិសក្រិន និងស្គមស្គាំងរបស់កុមារការវិនិយោគលើអំទ្បុងពេល១០០០ថ្ងៃដំបូងនៃជីវិត ទារក គឺមានសារសំខាន់ណាស់។ ការវិនិយោគបែបនេះក៏នឹងចូលរួមចំណែកលើកកម្ពស់ការទទួលបានការអប់រំនិងផលិតភាពសម្រាប់ ជីវិតកុមារម្នាក់ៗពេញមួយជីវិត។
នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វ្រិក មានមនុស្សប្រមាណជាង ៣៥0លាននាក់ មានបញ្ហាខ្វះអាហារូបត្ថម្ភ ក្នុងឆ្នាំ២០១៩គឺស្មើនឹងពាក់ កណ្តាលនៃចំនួនមនុស្សសរុបនៅក្នុងសកលលោកដែលជួបប្រទះបញ្ហានេះ។ ក្នុងតំបន់នេះ មានកុមារអាយុក្រោម ៥ឆ្នាំ ប្រមាណ ៧៤,៥លាននាក់ មានបញ្ហាក្រិសក្រិន (កំពស់ទាបពេក ធៀបនឹងអាយុរបស់ពួកគេ) និង ៣១,៥ លាននាក់មានបញ្ហាស្គមស្គាំង (ស្គមពេកធៀបនឹងកម្ពស់របស់ពួកគេ)។កុមារភាគច្រើនក្នុងចំណោមកុមារទាំងនេះរស់នៅតំបន់អាស៊ីភាគខាងត្បូងដែលនៅទីនោះមាន កុមារដែលក្រិសក្រិនជិត ៥៦លាននាក់ និងស្គមស្គាំងជាង ២៥លាននាក់។
សេចក្តីប្រកាសដដែលបានរំលឹកថាប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលមានអត្រាខ្វះអាហារូបត្ថម្ភខ្ពស់ ជាងគេ ដែលក្នុងនោះកុមារអាយុក្រោម៥ឆ្នាំ៣២ភាគរយត្រូវបានរកឃើញថាមានបញ្ហាក្រិសក្រិននិង១0ភាគរយមានបញ្ហាស្គមស្គាំង។ យូនីសេហ្វកម្ពុជាប្តេជ្ញាសហការជាមួយគ្រប់ដៃគូទាំងអស់ដើម្បីឈានទៅសម្រេចគោលដៅដែលត្រូវបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភសំដៅឱ្យកុមារគ្រប់រូបបានទទួលអាហារូបត្ថម្ភកាន់តែប្រសើរនិងអាចចាប់ផ្តើមជីវិតរបស់ពួកគេបានកាន់តែល្អ។
គួរបញ្ជាក់ថាយូនីសេហ្វធ្វើការនៅកម្ពុជាដើម្បីលើកកម្ពស់ការអភិវឌ្ឍកុមារឲ្យបានល្អប្រសើរ ការពារសិទ្ធិរបស់ពួកគេ និងជួយឲ្យពួកគេសម្រេចសក្ដានុពលរបស់ខ្លួន ចាប់ពីវ័យកុមារតូច រហូតដល់វ័យជំទង់។ សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងារពាក់ព័ន្ធ នឹងកុមារ សូមចូលមើល www.unicef.org.kh។ព័ត៌មានអំពីយូនីសេហ្វកម្ពុជា អាចមើលបានតាមរយៈ Twitter និង Facebook៕សរន