ដោយៈ បាយ័ន / សៀមរាបៈ នៅការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ អន្តរក្រសួង ព្រមទាំងប្រតិភូគណៈកម្មការអន្តរក្រសួង ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ ៣៨ ខ្សែ និងការស្តារស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប។
ផ្លូវ៣៨ខ្សែ នឹងធ្វើឲ្យក្រុងសៀមរាប អភិវឌ្ឍន៍ ជាទីក្រុងទេសចរណ៍ ដ៏ទំនើប និងឆ្លាតវៃ
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការ អន្តរក្រសួង បង្ហាញថាៈ ចាប់គិតពីថ្ងៃបើកការដ្ឋាន រយៈពេលជិត ២ ខែ ដោយគិតត្រឹមសប្ដាហ៍ទី៤ ខែមករានេះ លទ្ធផលការងារ ជារួម សម្រេចបានជាង ១៧,៥% ក្រោមកិច្ចដំណើរការ ចំនួន ៨ នៃអង្គភាពប្រតិបត្តិការ បណ្តាអង្គភាព សាងសង់ទាំងអស់។ នៅក្នុងដំណាក់កាលដំបូង នៃគម្រោងនេះ គឺការយកចិត្តទុកដាក់ តាមដាន ការសាងសង់ ស្រទាប់គ្រឹះផ្លូវ ប្រកបដោយគុណភាព ដែលតម្រូវឲ្យមានការគោរព តាមបទដ្ឋានបច្ចេកទេស សាងសង់ ចៀសវាងការសាងសង់រួច ត្រូវគាស់កកាយ ជួសជុលឡើងវិញ ដែលនាំឲ្យខាតបង់ថវិកា និងពេលវេលា ។
ផ្លូវ៣៨ខ្សែ នឹងធ្វើឲ្យក្រុងសៀមរាប អភិវឌ្ឍន៍ ជាទីក្រុងទេសចរណ៍ ដ៏ទំនើប និងឆ្លាតវៃ
ភ្ជាប់នៅក្នុងគម្រោងនេះដែរ រួមមាន ការរៀបចំលើគ្រប់ទិដ្ឋភាព ដូចជា ប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរ ជើង ផ្លូវសម្រាប់ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញា និងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ា សុវត្ថិភាព អាងចម្រោះទឹកកខ្វក់ ការធ្វើសួន និងដាំដើមឈើ ជាដើម ។
គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ៣៨ ខ្សែនេះ មានប្រវែងសរុបជាង១០៨ គីឡូម៉ែត្រ ប្រើប្រាស់ ដោយថវិកាជាតិ ប្រមាណជាង ១៤០ លានដុល្លារអាមេរិក និងថវិកា ប្រមាណជាង ៩ លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ ក្នុងការរៀបចំស្ថាបនា ប្រព័ន្ធបង្ហូរទឹកភ្លៀង និង ទឹកកខ្វក់ ដែលនៅក្រៅគម្រោង សាងសង់ខ្សែផ្លូវ ទាំង ៣៨ នេះ ដែលមានរយៈពេល សាងសង់ ១៣ ខែ គ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២១ ។
ផ្លូវ៣៨ខ្សែ នឹងធ្វើឲ្យក្រុងសៀមរាប អភិវឌ្ឍន៍ ជាទីក្រុងទេសចរណ៍ ដ៏ទំនើប និងឆ្លាតវៃ
លើសពីការស្ថាបនាផ្លូវ ៣៨ ខ្សែនេះ សម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ ឲ្យមានការស្ដារកែលម្អ ធ្វើឱ្យប្រសើរឡើងវិញ ដងស្ទឹងសៀមរាប ប្រមាណជាង ៨ គីឡូម៉ែត្រ អនុវត្តដោយអគ្គនាយកដ្ឋាន ប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីលើកកម្ពស់ សោភ័ណភាព បន្ថែមទៀត ស័ក្កិសមជាទីក្រុងទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ដ្រ អភិវឌ្ឍន៍ ជាទីក្រុងឆ្លាតវៃ នាពេលអនាគត ដើម្បីជួយជំរុញ ដល់កំណើនសេដ្ឋកិច្ចជាតិ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព នៃកិច្ចដំណើរការការដ្ឋាន ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែ នៅក្រុងទេសចរណ៍ សៀមរាប-អង្គរ ដែលកំពុងឆ្ពោះ ទៅរកការអភិវឌ្ឍ ជាទីក្រុងទំនើប-ឆ្លាតវៃ នាថ្ងៃអនាគត ដែលជាចក្ខុវិស័យវែងឆ្ងាយ នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ផ្លូវ៣៨ខ្សែ នឹងធ្វើឲ្យក្រុងសៀមរាប អភិវឌ្ឍន៍ ជាទីក្រុងទេសចរណ៍ ដ៏ទំនើប និងឆ្លាតវៃ
នៅការដ្ឋានស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ ខ្សែ ក្នុងក្រុងសៀមរាប សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានវាយតម្លៃខ្ពស់ ចំពោះកិច្ចដំណើរការរបស់ ការដ្ឋានទាំងអស់ ក្នុងប្រតិបត្តិការរបស់ខ្លួន ប្រកបដោយភាពរលូន ទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតាម លក្ខណៈបច្ចេកទេស សៀវភៅបន្ទុកត្រឹមត្រូវ ដែលអាចនឹងរំពឹងទុកថា នឹងមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់ បានយូរអង្វែង និងបញ្ចប់ តាមផែនការ ដែលបានគ្រោងទុក៕/V
ផ្លូវ៣៨ខ្សែ នឹងធ្វើឲ្យក្រុងសៀមរាប អភិវឌ្ឍន៍ ជាទីក្រុងទេសចរណ៍ ដ៏ទំនើប និងឆ្លាតវៃ