ប្រែសម្រួល : កញ្ញាដាលីស/បាងកក ៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធថាប៉ូលិសបានឆ្មក់ចូលក្នុងពិធីជប់លៀងមួយនៅឯកោះរមណីយដ្ឋានដ៏ពេញនិយមមួយនៅភាគខាងត្បូងប្រទេសថៃហើយបានចាប់ខ្លួនជនបរទេសចំនួន ៨៩ នាក់ពីបទរំលោភបំពានលើបទប្បញ្ញត្តិស្តីពីការទប់ស្កាត់ជំងឺកូវីដ១៩។
លោកវរសេនីយ៍ទោ ស៊ូផារៈ ប៉ាន់កុសល ស្នងការរងនៃការិយាល័យអន្តោប្រវេសន៍ខេត្តស៊ូរ៉ាត់ថានីបាននិយាយថា ការឆ្មក់បង្ក្រាបកាលពីយប់ថ្ងៃអង្គារលើបារឈ្មោះថា Three Sixty Bar នៅលើកោះផាងង៉ាន ក៏ចាប់បានជនជាតិថៃ ២២ នាក់ផងដែរ ក្នុងនោះមានម្នាក់ជាម្ចាស់បារនិងម្នាក់ទៀតជាអ្នកលក់ភេសជ្ជៈនៅទីនោះ។
លោកបាននិយាយថា ការជួបជុំនេះគឺខុសច្បាប់នៅក្រោមស្ថានភាពអាសន្នជាតិដែលបានប្រកាសកាលពីខែមីនាឆ្នាំមុនដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។
លោកស៊ូផារៈនិយាយថា អ្នកដែលត្រូវចាប់ខ្លួនទាំងនោះគឺមកពីប្រទេសជាង ១០ រួមមានសហរដ្ឋអាម៉េរិកអង់គ្លេសស្វីសនិងដាណឺម៉ាក។ រូបភាពនៃការឆ្មក់បង្ក្រាបដែលចែកចាយដោយប៉ូលិស បានបង្ហាញបន្ទប់ងងឹតតូចចង្អៀតមួយ ដែលមានអ្នកដើរលេងបារស្លៀកពាក់ឆើតៗ និងពាក់ម៉ាស់ស្ទើរទាំងអស់គ្នា។
កោះផាងង៉ានក្នុងខេត្តស៊ូរ៉ាត់ថានីគឺជាទិសដៅពេញនិយមសម្រាប់អ្នកដំណើរវ័យក្មេងនិងល្បីខាងពិធីជប់លៀងមាត់ឆ្នេរពេញៗមួយរាត្រី។ ទោះយ៉ាងណា ថៃបានហាមឃាត់ភ្ញៀវទេសចរទាំងអស់មិនឱ្យចូលប្រទេសចាប់តាំងពីខែមេសាឆ្នាំមុន។
លោកស៊ូផារៈនិយាយថា មនុស្សដែលត្រូវបានចាប់ខ្លួនទាំងអស់នេះកំពុងដាក់ក្នុងមន្ទីរឃុំឃាំងរបស់ប៉ុស្តិ៍ប៉ូលិសកោះផាងង៉ាន កន្លែងដែលអ្នកស៊ើបអង្កេតកំពុងរៀបចំឯកសារចោទប្រកាន់ពួកគេ។
បើរកឃើញទោសកំហុស អ្នកដែលរំលោភច្បាប់គ្រាអាសន្ននឹងត្រូវជាប់គុក ២ ឆ្នាំ និង ផាកពិន័យ ១.៣៣០ ដុល្លារ៕
ជនបរទេស ៨៩ នាក់ត្រូវបានចាប់ខ្លួននៅកោះផាងង៉ានពីបទរំលោភច្បាប់កូវីដ