Home ព័ត៌មានជាតិ សន្តិសុខ ​ភ្លើង​ឆាបឆេះ...

​ភ្លើង​ឆាបឆេះ​ផ្ទះ ដែល​ម្ចាស់​ចាក់សោរ​ទុកចោល នៅក្នុង​បុរី​ទេសចរណ៍​

ដោយៈ បាយ័ន / សៀមរាបៈ ផ្ទះមួយ​ល្វែង ដែល​ម្ចាស់ផ្ទះ ចាក់សោរ​ទុកចោល នៅក្នុង​បុរី​ទេសចរណ៍ (​អចលនទ្រព្យ​អង្គរ​) ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ អស់​មួយចំនួន សំណាងល្អ ពលរដ្ឋ និង​សមត្ថកិច្ច ជួយ​អន្តរាគមន៍ ទាន់ពេល ដោយ​មិន​រាល​ដល់ផ្ទះ​ល្វែង ដទៃទៀត​។ ហេតុការណ៍​ឆេះ​ផ្ទះល្វែង បានកើត​ឡើង នៅវេលា​ម៉ោង​ជិត ១២ ថ្ងៃត្រង់ ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១​នេះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​គោក​ត្នោត ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង​។​

​លោក​វរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាល ស្រុក​ប្រាសាទបាគង បាន​និយាយថាៈ ករណី​ភ្លើង​ឆេះ​ផ្ទះ ក្នុង​បុរី​ទេសចរណ៍ (​អចលនទ្រព្យ​អង្គរ​) គឺ​ផ្ទះ​លេខ ៦០ ដែលមាន​ម្ចាស់​ឈ្មោះ នូវ សុផល អាយុ ៣៥ ឆ្នាំ រស់នៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ។ ការខូចខាត​រួមមាន ផ្ទះ​១​ខ្នង ទំហំ ៤​ម៉ែត្រ គុណ​នឹង ២១ ម៉ែត្រ កំពស់ ៥ ម៉ែត្រ ប្រក់​ស័ង្កសី ជញ្ជាំង​ថ្ម ឆេះ​អស់​សម្ភារៈ នៅ​ក្នុងផ្ទះ​ទាំងស្រុង សរុប​ជា​ទឹកប្រាក់​ប្រហែលជា ១២.០០០ ដុល្លារ​។​

​លោក​បាន​បន្តថាៈ ករណី​ឆេះ​ផ្ទះ​នេះ មិន​បណ្ដាលឱ្យ​ឆ្លង ទៅ​អគារ​ដែល​សង់​ជាប់​គ្នា​ទៀត​ទេ ប្រជាពលរដ្ឋ និង​ក្រុម​ពន្លត់​អគ្គិភ័យ បាន​គ្រប់គ្រង​ទាន់ពេល​។ ក្នុងពេល​កំពុង​កើតហេតុ រថយន្ត​ពន្លត់​អគ្គិភ័យ ស្រុក​ប្រាសាទបាគង រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​រថយន្ត​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា បានចេញ​ជួយ​អន្តរាគ​ន៍​ទាន់ពេល​។ ករណី​អគ្គិភ័យ​នេះ បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង ទូរទស្សន៍ ចាប់​ជាប់​នឹង​ជញ្ជាំង បណ្ដាលឱ្យ​ឆេះ​តែម្ដង ហើយ​ម្ចាស់ផ្ទះ បាន​ចាក់សោរ​ទុកចោល ចេញទៅ​ក្រៅ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular