ដោយ:មុនីរ័ត្ន/ភ្នំពេញៈ តុលាការបានបន្តសវនាការសំណុំរឿងរួមគំនិតក្បត់ ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នេះបន្ទាប់ពីបើកសវនាការជំនុំជម្រះ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។
នៅក្នុងសំណុំរឿងនេះ គឺមានមនុស្សសរុបចំនួន ១៣៩នាក់ ត្រូវបានកោះឲ្យចូលខ្លួនទៅក្នុងសវនាការ។
នៅក្នុងសវនាការនាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ គឺមានជនជាប់ចោទចំនួន ៤នាក់ (នៅក្នុងឃុំ ២នាក់ និងក្រៅឃុំ ៤នាក់) តែប៉ុណ្ណោះដែលមានវត្តមាននៅក្នុងសវនាការ។
បន្ទាប់ពីបើកសវានការសាកសួរដេញដោលអស់ពេលពេញមួយព្រឹក តុលាការបានប្រកាសបន្តសវនាការនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។
ការបន្តសវនាការនេះ គឺបន្ទាប់ពីតុលាការបានបើកសវនាការជំនុំជម្រះកាលពីថ្ងៃទីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ , កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ (ជនជាប់ចោទតែចំនួន ៣៤នាក់តែប៉ុណ្ណោះបានចូលខ្លួននៅក្នុងសវនាការ) និងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ (ជនជាប់ចោទ ៤នាក់ ចូលសវនាការ)។ ចំណែកលោក សម រង្ស៊ី និងបក្ខពួកគឺមិនបានចូលខ្លួននៅក្នុងសវនាការននោះទេ។
លោកគុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា សវនាការនេះ គឺលើបួនសំណុំរឿង ហើយក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចបញ្ចូលជាពីរសំណុំរឿង ដោយសំណុំរឿងទី១. សវនាការកាលពីថ្ងៃទីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ និងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ បន្តមកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ និងសំណុំរឿងទី២. បន្តសវនាការនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។
លោកគុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា លោកសម រង្ស៊ី និងបក្ខពួកជាង ១០០នាក់ ត្រូវបានចោទប្រកាន់ពីបទ “រួមគំនិតក្បត់ ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ប្រព្រឹត្តនៅប្រទេសកម្ពុជានិងទីកន្លែងផ្សេងៗទៀតកាលពីថ្ងៃទី២០-២១-២២-២៥-២៦ និងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ និងកាលពីអំឡុងខែមិថុនា ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕