ប្រែសម្រួល : កញ្ញាដាលីស ៖ កញ្ចប់ថ្នាំមេតំហ្វេតាមីនគ្រីស្តាល់ឬម៉ាទឹកកកសរុប ១៧ គីឡូក្រាម ត្រូវបានទឹករលកបោកបក់ទើរលើឆ្នេរសមុទ្រនៃកោះសាមុយកាលពីថ្ងៃពុធទី២៧មករា។
អ្នកភូមិបានជូនដំណឹងដល់ប៉ូលិសថា កញ្ចប់ប្លាស្ទិករុំយ៉ាងណែនចំនួន ១៧ កញ្ចប់ត្រូវបានរកឃើញនៅលើឆ្នេរហាត់កោះថែននៅក្នុងតំបន់តាលីងង៉ាម។
កញ្ចប់ពណ៌លឿងនីមួយៗមានទម្ងន់ ១ គីឡូក្រាមនិងកញ្ចប់នីមួយៗត្រូវបានរុំដោយប្លាស្ទិក៣ស្រទាប់ ដោយមានរូបភាពត្រីគល់រាំងនិងអក្សរចិនបោះពុម្ពពីលើកញ្ចប់។ ប៉ូលិសបានប៉ាន់ប្រមាណថា តម្លៃទីផ្សារសម្រាប់ថ្នាំញៀននេះសរុបមានចំនួន ៥១ លានបាត។
កញ្ចប់ទាំងនោះមានលក្ខណៈស្រដៀងទៅនឹងម៉ាទឹកកកចំនួន ៣ កញ្ចប់ផ្សេងទៀត ដែលរកឃើញនៅឆ្នេរហាត់និយមនៅស្រុកឆៃយ៉ាកាលពីថ្ងៃទី ២០ ខែមករា។
មន្ត្រីបង្ក្រាបគ្រឿងញៀនម្នាក់បាននិយាយថាកញ្ចប់នៅលើឆ្នេរទាំង ២ អាចមកពីទូកដឹកម៉ាទឹកកកខុសច្បាប់ទម្ងន់១០០គីឡូក្រាមតែមួយ ដែលគេរកឃើញទើរនៅឆ្នេរសមុទ្រវៀតណាមកាលពីថ្ងៃទី ១០ ធ្នូ។
មន្ត្រីរូបនោះបាននិយាយថា វាអាចទៅរួចដែលថ្នាំញៀនទាំងនេះត្រូវបានដឹកជញ្ជូនតាមទូកពីប្រទេសវៀតណាមទៅកាន់ប្រទេសថៃសម្រាប់ការរត់ពន្ធទៅកាន់ប្រទេសទីបី ប៉ុន្តែទូកនោះបានលិច។
កាលពីខែមីនាឆ្នាំមុន មេតំហ្វេតាមីនគ្រីស្តាល់សរុប ៤៩៦ គីឡូវេចក្នុងកញ្ចប់ប្លាស្ទិកយ៉ាងណែនបានអណ្តែតទើរលើឆ្នេរក្នុងខេត្តត្រាតភាគខាងកើត៕
កញ្ចប់ថ្នាំមេតំហ្វេតាមីនគ្រីស្តាល់ឬម៉ាទឹកកកសរុប ១៧ គីឡូក្រាម ត្រូវបានទឹករលកបោកបក់ទើរលើឆ្នេរសមុទ្រនៃកោះសាមុយកាលពីថ្ងៃពុធទី២៧មករា