ប្រែសម្រួល : កញ្ញាដាលីស ៖ តុលាការនៅប្រទេសម៉ាឡេស៊ីបានកាត់ទោសបុរសម្នាក់ឱ្យជាប់គុក ១.០៥០ ឆ្នាំ រួមជាមួយការវាយ ២៤ រំពាត់ពីបទរំលោភកូនស្រីចុងរបស់គាត់។
ទីភ្នាក់ងារសារព័ត៌មាន Bernama បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា បុរសគ្មានការងារធ្វើរូបនោះបានសារភាពទោសកំហុសពីបទរំលោភក្មេងស្រីអាយុ ១២ ឆ្នាំចំនួន ១០៥ ដងក្នុងរយៈពេលពីរឆ្នាំ គិតចាប់ពីថ្ងៃទី ៥ ខែមករាឆ្នាំ ២០១៨ ដល់ថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំមុន។
ជនជាប់ចោទត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំពីបទរំលោភសេពសន្ថវៈក្នុងករណីនីមួយៗ ។តុលាការត្រូវចំណាយពេលសរុបជិត ៥ម៉ោងដើម្បីអានសាលក្រមកាលពីថ្ងៃពុធ ទី២៧ មករា។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Bernama ចៅក្រមតុលាការឈ្មោះ អេម គូណាស៊ូនដារី និយាយថាបទល្មើសនេះមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កុមារ។
ចៅក្រមនិយាយថា “ខ្ញុំសង្ឃឹមថាអ្នកនឹងមានវិប្បដិសារីពេលជាប់គុក។ អ្នកមិនគួរប្រព្រឹត្ដអំពើហិង្សាទេហើយទោះបីទណ្ឌកម្មមានកម្រិតទាប ក៏ប៉ុន្តែតុលាការយល់ថាវាគ្រប់គ្រាន់ហើយដោយសរុបពីចំនួនករណីចោទប្រកាន់”។
រដ្ឋអាជ្ញារងសាធារណៈលោក នូរុល គីស្ទីនី កាម៉ារុល អាប្រា បានជំរុញឱ្យតុលាការដាក់ទោសជាប់គុកឱ្យធ្ងន់ជាងនេះ និង វាយនឹងរំពាត់ឱ្យច្រើនបន្ថែមទៀត។
លោកនិយាយថា “ក្នុងនាមជាឪពុកចុង គាត់គួរមានទំនួលខុសត្រូវការពារជនរងគ្រោះ ប៉ុន្តែផ្ទុយទៅវិញ គាត់បានបំផ្លាញតម្លៃរបស់នាងអស់រលីង។អំពើរបស់គាត់នឹងបង្ករបួសផ្លូវចិត្តអស់មួយជីវិតដល់ជនរងគ្រោះ”៕