ប្រែសម្រួលៈវាសនា/ហាណូយ៖ វៀតណាមកាលពីថ្ងៃព្រហស្បតិ៍ បានរកឃើញអ្នកឆងកូវីដ១៩ប្រចាំថ្ងៃច្រើនបំផុតមិនដែលធ្លាប់មានពីមុនមកនៅពេលអាជ្ញាធរបានរកឃើញការឆ្លងជាចង្កោមចំនួន៨២នាក់ពាក់ព័ន្ធនឹងអ្នកផ្ទុកកូវីដ១៩ពីរនាក់ដែលត្រូវបានរាយការណ៍កាលពីពេលមុននេះ។
ក្នុងចំណោមអ្នកឆ្លង៨២នាក់ មាន៧២នាក់ជាកម្មករធ្វើការនៅរោងចក្រអេឡិចត្រូនិចVietnam Poyun Electronics Co., Ltd.នៅក្នុងខេត្តហាយ ហ្វឿង និង១០នាក់នៅអាកាសយានដ្ឋានអន្តរជាតិ Van Don ក្នុងខេត្តក្វាង និញ។ខេត្តទាំងពីរនៅវៀតណាមខាងជើង។
ពួកគេបានឆ្លងពីអ្នកជំងឺទី១៥៥២ និង១៥៥៣ ដែលត្រូវបានរកឃើញថាកើតកូវីដ១៩កាលពីព្រឹកថ្ងៃព្រហស្បតិ៍។
អ្នកជំងឺទី១៥៥២ជា កម្មករធ្វើការនៅរោងចក្រខាងលើ និងអ្នកជំងឺទី១៥៥៣ជាបុគ្គលិកបំរើការនៅអាកាសយានដ្ឋាន។
នារីជាកម្មករនេះបានទាក់ទងជិតដិតជាមួយស្ត្រីម្នាក់ដែលត្រូវបានពិនិត្យឃើញកូវីដ១៩ក្រោយវិលមកពីជប៉ុនកាលពីសប្តាហ៍មុន។គេមិនដឹងថាក្នុងចំណោមស្ត្រីទាំងពីរនេះនរណាឆ្លងមុន។
ក្រោយរកឃើញមនុស្សឆ្លងកូវីដ១៩ពីរនាក់កាលពីពេលព្រឹក អាជ្ញាធរក៏តាមដានរកអ្នកពាក់ព័ន្ធ ហើយពិនិត្យឃើញអ្នកផ្ទុកវីរុសចំនួន៨២នាក់ទៀត រីឯអាកាសយានដ្ឋាន Van Donឥឡូវត្រូវបិទ។
នៅថ្ងៃនេះដែរ នាយករដ្ឋមន្ត្រីវៀតណាមបានបើកកិច្ចប្រជុំបន្ទាន់មួយដោយបញ្ជាទៅអាជ្ញាធរខេត្តហាយ ហ្វឿង និងក្វាង និញ តាមរកអ្នកជាប់ពាក់ព័ន្ធជាបន្ទាន់ និងបិទព្រំដែនខេត្តទាំងពីរជាបណ្តោះអាសន្នភ្លាមផងដែរដើម្បីកុំអោយវីរុសឆ្លងរាលដាល។
នៅសល់តែ២សប្តាហ៍ទៀតប៉ុណ្ណោះ ការអបអរពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនឹងចូលមកដល់ នៅពេលមនុស្សរាប់លាននាក់ត្រូវធ្វើដំណើរទៅជួបជុំក្រុមគ្រួសារ និងវិលមកកន្លែងធ្វើការវិញ ដូច្នេះការផ្ទុះកូវីដ១៩ជាចង្កោមនៅពេលនេះជាការប្រកាសអាសន្នមួយ៕
មន្ត្រីវៀតណាមចាត់វិធានការតាមដាននិងស្វែងរកអ្នកជាប់ពាក់ព័ន្ធមកពិនិត្យរកវីរុសភ្លាម បន្ទាប់ពីរកឃើញការឆ្លងក្នុងស្រុក២នាក់កាលពីព្រឹកថ្ងៃ២៨មករា