ដោយៈ ចាន់តូ / ភ្នំពេញៈ បុរសម្នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង ហើយម៉ូតូខ្ទេចទាំងស្រុង ដោយសាររថយន្តបែន ប្រភេទយីឌុប បើកបុកកិនម៉ូតូ អូសជាង ១០ ម៉ែត្រ ទើបរបូតចេញ ហើយរថយន្ត បានបន្តបើកគេច បានចម្ងាយប្រមាណ ៧០០ ម៉ែត្រ ទើបឈប់ចត អ្នកបើកបរ ចុះរត់គេចខ្លួនបាត់ នៅពេលជនរងគ្រោះ បានវិលត្រឡប់ មកពីដឹកចៅស្រី ដាក់សាលារៀនវិញ កាលពីវេលាម៉ោង ១២និង៣០នាទី រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅលើកំណាត់ផ្លូវជាតិ លេខ៣ ចំណុចភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល ។
សពបុរសរងគ្រោះនោះ ឈ្មោះ សាវឿន អាយុ៦៥ឆ្នាំ ស្ថិតក្នុងសភាពដាច់ បាក់បែក ជាបំណែកៗ ខ្ទេចក្បាលទាំងស្រុង មើលលែងយល់បាត់ទៅហើយនោះ មានលំនៅ នៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ បើកម៉ូតូម៉ាក ហុងដាឌ្រីម សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BR-2500 ។ ចំណែករថយន្តបង្ក ធុនធំ ប្រភេទបែន យីឌុប ពណ៌ក្រហម ពុំមានពាក់ស្លាកលេខ ជារថយន្តដែលគេស្គាល់ថា ជារថយន្តរបស់ការដ្ឋានក្រុមហ៊ុនចិន ស្ថាបនាផ្លូវជាតិលេខ៣។
តាមប្រភពនៅកន្លែង បានឲ្យដឹងថា ចំណុចកំណាត់ផ្លូវខាងលើ មានការដ្ឋានធ្វើផ្លូវ បើកឲ្យចរាចរតែម្ខាង ផ្នែកខាងជើង ចរាចរទាំងទៅទាំងមក ហើយមុនកើតហេតុ ជនរងគ្រោះ បើកម៉ូតូវិលត្រឡប់ ពីឌុបចៅដាក់សាលារៀន ធ្វើដំណើរពីទិសខាងត្បូង ទៅខាងជើង លើផ្លូវបញ្ច្រាស ព្រោះថា កំណាត់ផ្លូវ បានបិទមួយចំហៀង លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បើកពីទិសខាងជើង ទៅខាងត្បូង បុកកិនជាប់អូសទាំងម៉ូតូ ទាំងជនរងគ្រោះ ជាង ១០ ម៉ែត្រ ទើបរបូតចេញ បណ្តាលឲ្យបុរសនោះ ស្លាប់បែកក្បាលខ្ទេច រីឯរថយន្ត មិនបានឈប់ទេ បន្តដំណើរទៅមុខ បានចំងាយប្រមាណ ៧០០ ម៉ែត្រ ទើបឈប់ចត អ្នកបើកបរ ចុះគេចខ្លួនបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌកំបូល បានចុះទៅពិនិត្យជាក់ស្តែង វាស់វែងរួច ប្រមូលយកវត្ថុតាង ម៉ូតូ និងរថយន្ត ប្រគល់ទៅការិយាល័យ ចរាចរជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ សមត្ថកិច្ច បានប្រគល់សព ជូនទៅក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី បន្ទាប់ពីបានវាស់វែង ធ្វើកំណត់ហេតុរួចមក៕/V