ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ទីតាំងភ្នាល់បាល់ដ៏ធំមួយ នៅតាមបណ្ដោយផ្លូវលេខ២២៣ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដែលលួចបើកដំណើរការឡើងវិញ ក្រោយពីបិទបានមួយរយៈ ពេលនេះ ត្រូវបានអាជ្ញាធរសង្កាត់ផ្សារដើមគរ បង្ក្រាបជាថ្មីម្តងទៀត ដោយឃាត់ខ្លួនមនុស្សប្រុស ស្រី ចំនួន ៥ នាក់ រួមជាមួយនឹងសន្តិសុខម្នាក់ទៀត។ ក្នុងប្រតិបត្តិការនេះ បានធ្វើឡើង កាលពីម៉ោងជាង ៣ រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នេះ នៅផ្ទះមិនដាក់ស្លាកយីហោ តាមបណ្ដោយផ្លូវលេខ២២៣ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
មន្ត្រីខណ្ឌទួលគោក បានឱ្យដឹងថាៈ ក្រោយពីទទួលព័ត៌មានថា ទីតាំងខាងលើ បានបើកដំណើរការ យ៉ាងរលូនឡើងវិញ ក្រោយពីបិទ បានមួយរយៈនោះ លោក ឯក ឃុនដឿន អភិបាលខណ្ឌទូកគោក បានដាក់បទបញ្ជា ទៅលោកចៅសង្កាត់ផ្សារដើមគរ ដឹកនាំកម្លាំង ចុះបង្ក្រាបតែម្តង ដោយឃាត់ខ្លួនមនុស្សប្រុស ស្រី ចំនួន៥នាក់ រួមជាមួយនឹងសន្តិសុខ ម្នាក់ទៀត។
ក្រោយការបង្ក្រាបនោះ មនុស្សប្រុសស្រីទាំង ៥នាក់ និងសន្តិសុខម្នាក់ផងនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីរៀបចំនីតិវិធី បញ្ជូនទៅតុលាការ កាត់ទោស ទៅតាមច្បាប់៕/V